គ្នាយើងមិនតិចនាក់ទេ ទំនងជាធ្លាប់ជួបបញ្ហាក្រពះ។ បើអ៊ីចឹង គ្នាយើងមានធ្លាប់ឮពីជំងឺរលាកក្រពះដែរឬទេ? រលាកក្រពះ ជាជំងឺកើតឡើងដោយសារការរលាក ឬហើមស្រទាប់កម្រាលនៃក្រពះ។
ជំងឺនេះ អាចកើតឡើងភ្លាមៗ ឬកើតមានរាប់ឆ្នាំហើយដោយយើងមិនបានដឹងជាមុន។ យ៉ាងណា រលាកក្រពះ មិនមែនជាជំងឺធ្ងន់ធ្ងរនោះទេ អាចព្យាបាលជាក្នុងពេលខ្លី បើសិនជាព្យាបាលបានត្រឹមត្រូវ។ តែករណីខ្លះ ជំងឺនេះអាចនឹងវិវត្តជាដំបៅក្រពះ នាំឲ្យប្រឈមមុខ កើត ជំងឺមហារីកក្រពះ ទៀតផង។ ជំងឺនេះ កើតមានជាញឹកញាប់ណាស់ ហើយកាន់តែសម្បូរចំពោះគ្នាយើងប្រើថ្នាំបំបាត់ការឈឺចាប់ និងផឹកស្រា ។
ជំងឺរលាកក្រពះភាគច្រើនមិនមានរោគសញ្ញានោះទេ ប៉ុន្តែរោគសញ្ញាឧស្សាហ៍ជួបបំផុតរួមមាន៖
– មិនឃ្លានអាហារ
– ក្អួតចង្អោរ
– ចុកពោះផ្នែកខាងលើ (ចុងដង្ហើមជាដើម)
– ណែនពោះក្រោយពេលញ៉ាំ។
បើសិនជាមានហូរឈាមក្នុងស្រទាប់កម្រាលក្រពះ យើងអាចនឹងមានរោគសញ្ញាដូចខាងក្រោម៖
– លាមកខ្មៅ
– ក្អួតឈាម ឬក្អួតពណ៌កាហ្វេ
បើសិនជាអាការៈមិនបានធូរស្រាល គួរទៅជួបពិគ្រោះជាមួយគ្រូពេទ្យពីបញ្ហាទាំងនេះ។ យើងត្រូវប្រាប់ពេទ្យរាល់បញ្ហាយើងកំពុងជួបប្រទះ ពិសេសថ្នាំមួយចំនួនយើងកំពុងប្រើផ្សេងៗ។ លើសពីនេះ បើមានឈាមក្នុងលាមក ឬក្អួតឈាមនោះ ត្រូវទៅឲ្យគ្រូពេទ្យពិនិត្យរកមូលហេតុពិតប្រាកដឲ្យឃើញ។
មូលហេតុបង្កឲ្យរលាកក្រពះរួមមាន៖
– ប្រើថ្នាំមួយចំនួន មានថ្នាំ អាសេ្ពរីន ឬថ្នាំបំបាត់ការឈឺចាប់ផ្សេងៗ
– ផឹកស្រា
– មានមេរោគ Helicobacter pylori ក្នុងក្រពះ
មូលហេតុផ្សេង៖
– ជំងឺប្រព័ន្ធការពារ (ដូចជាជំងឺស្លេកស្លាំងជាដើម)
– ច្រាលអាស៊ីដក្រពះ
– ប្រើគ្រឿងញៀន (កូកាអ៊ីន)