សម័យនេះមានម៉ាក់ៗមួយចំនួនមិនបានបំបៅដោះកូននោះទេ ដោយមានហេតុផលផ្ទាល់ខ្លួនមួយចំនួន ប៉ុន្តែក៏នៅមានម៉ាក់ៗជាច្រើនទៀតបានបំបៅដោះកូន និងខ្លះបន្តបំបៅដោះលើសពីប្រាំមួយខែតាមការណែនាំផង។ ការបំបៅដោះមិនមែនមានប្រយោជន៍តែចំពោះកូនទេ វាក៏មានប្រយោជន៍ចំពោះម៉ាក់ៗក្នុងការកាត់បន្ថយហានិភ័យជំងឺមហារីកសុដន់ និងជំងឺមហារីកក្រពេញអូវែផងដែរ។
១. ការបំបៅដោះ និងជំងឺមហារីក
ស្រីៗយើងប្រហែលជាដឹងហើយថា ការបំបៅដោះកូនអាចជួយឲ្យកូនមានសុខភាពល្អតាំងពីដើមទី។ ប៉ុន្តែវាមិនមែនមានប្រយោជន៍តែប៉ុណ្ណឹងនោះទេ វាក៏មានប្រយោជន៍ដល់ម៉ាក់ៗក្នុងការកាត់បន្ថយហានិភ័យជំងឺមហារីកសុដន់ដែរ។
ការសិក្សាកន្លងទៅបានរកឃើញថាម៉ាក់ៗបំបៅដោះកូនអាចធ្លាក់ចុះហានិភ័យកើតជំងឺមហារីកសុដន់ទាំងមុនពេលអស់រដូវ និងក្រោយអស់រដូវ។ អ្នកជំនាញខាងរបបអាហារក៏បានបញ្ជាក់ដែរថា បើម៉ាក់ៗបំបៅដោះកូនលើសពីប្រាំមួយខែ នឹងបានផលប្រយោជន៍សុខភាពបន្ថែមផ្សេងទៀត។
អ្នកជំនាញពន្យល់ថា ស្ត្រីបំបៅដោះកូនភាគច្រើនមានការប្រែប្រួលអ័រម៉ូនពេលបំបៅដោះ ដែលនេះជាការពន្យារពលនៃការមករដូវ។ ការពន្យារពេលមករដូវនេះ ធ្វើឲ្យស្រីៗកាត់បន្ថយការមានអ័រម៉ូនមួយចំនួនដូចជាអ័រម៉ូនអឺស្ត្រូហ្សែន ដែលអ័រម៉ូនប្រភេទនេះអាចជំរុញឲ្យមានការលូតលាស់កោសិកាមហារីកសុដន់។ បន្ថែមពីនេះ អំឡុងពេលពពោះ និងពេលបំបៅដោះកូន ស្ត្រីនឹងបាត់បង់ជាលិកាសុដន់ ដែលការបាត់បង់នេះអាចជួយកម្ចាត់កោសិកាដែលងាយរងការខូចខាតDNA ។ ដូចនេះក៏បានជួយកាត់បន្ថយឱកាសក្នុងការកើតជំងឺមហារីកសុដន់ដូចគ្នា។
អ្នកជំនាញបន្ថែមទៀតថា ការបំបៅដោះលើសពីប្រាំមួយខែមិនត្រឹមតែផ្ដល់ប្រយោជន៍សុខភាពដល់កូនប៉ុណ្ណោះទេ តែថាការបំបៅដោះកូនកាន់តែយូរម៉ាក់ៗក៏បានការការពារប្រឆាំងនឹងជំងឺមហារីកសុដន់ និងមហារីកក្រពេញអូវែកាន់តែច្រើន។
ការសិក្សាមួយទៀតនៅប្រទេសអូស្ត្រាលី បានរកឃើញដែរថា ស្ត្រីបំបៅដោះកូនលើសពី១៣ខែ មានហានិភ័យកើតជំងឺមហារីកក្រពេញអូវែ៦៣ភាគរយតិចជាងអ្នកបំបៅដោះកូនតិចជាងប្រាំពីរខែ។ សម្រាប់ស្ត្រីដែលបានបំបៅដោះកូនលើសពីម្នាក់ និងច្រើនជាង៣១ខែ អាចកាត់បន្ថយហានិភ័យកើតជំងឺមហារីកក្រពេញអូវែដល់ទៅ៩១ភាគរយទាបជាងស្ត្រីបំបៅដោះកូនតិចជាង១០ខែ។
២. ការបំបៅដោះ និងជំងឺមហារីកលើកូន
ការបំបៅដោះមិនត្រឹមតែជួយម៉ាក់ៗកាត់បន្ថយហានិភ័យកើតជំងឺមហារីកនោះទេ ប៉ុន្តែក៏ជួយកាត់បន្ថយហានិភ័យកើតជំងឺនេះលើកូនដែរ។ ភស្តុតាងជាច្រើនបានបង្ហាញថាការបំបៅដោះកូន ជួយការពារកូនពីបញ្ហាលើសទម្ងន់ និងធាត់ខ្លាំងនៅពេលធំឡើង។ ការធាត់លើសទម្ងន់ អាចធ្វើឲ្យមនុស្សយើងមានហានិភ័យក្នុងការកើតជំងឺមហារីកច្រើនយ៉ាង។
មនុស្សធាត់ អាចប្រឈមនឹងជំងឺមហារីកលំពែង មហារីកសុដន់ក្រោយអស់រដូវ មហារីកស្រទាប់ស្បូន មហារីកបំពង់អាហារ មហារីករន្ធគូទ និងមហារីកតម្រងនោម។
ការបំបៅដោះក៏ជួយពង្រឹងប្រព័ន្ធភាពស៊ាំដល់កូន។ អង់ទីកររបស់ម៉ាក់នឹងផ្ទេរទៅកូនតាមរយៈទឹកដោះ។ ការណ៍នេះ នឹងជួយកាត់បន្ថយហានិភ័យកូនមានឆ្លងរោគត្រចៀក ផ្លូវដង្ហើម ក៏ដូចជាបញ្ហាប្រព័ន្ធរំលាយអាហារ។ ការសិក្សាខ្លះទៀតបញ្ជាក់ថា ក្មេងបៅដោះបានយូរ ជួយកាត់បន្ថយហានិភ័យកើតបញ្ហាអាលែកហ្ស៊ី។