មនុស្សគ្រប់រូបមិនអាចគេចផុតឡើយពីអារម្មណ៍សោកសៅ ហើយជារើយៗកើតមានពេលដែលជីវិតរបស់យើងជួបការពិបាកហើយអារម្មណ៍ពិបាកចិត្ដទាំងនោះនឹងបាត់ទៅវិញក្នុងមួយរយៈក្រោយមក។ ប៉ុន្តែមានអ្នកខ្លះ នៅបន្តមានអារម្មណ៍ពិបាកចិត្ដក្នុងរយៈពេលយូរ ហើយអារម្មណ៍នោះក៏ធ្វើឲ្យប៉ះពាល់ដល់ជីវិតរស់នៅរបស់អ្នកទាំងនោះទៀតផង ។
អារម្មណ៍បែបនេះ អាចធ្វើឲ្យអ្នកទាំងនោះមិនអាចធ្វើការ ឬគេងបាន ហើយមានពេលខ្លះ អ្នកជួបបញ្ហានេះគិតថាខ្លួនឯងមិនមានតម្លៃ។ អារម្មណ៍ទាំងអស់នេះ អាចជាសញ្ញាដំបូងនៃជំងឺបាក់ទឹកចិត្ដ។
១- រោគសញ្ញារបស់ជំងឺបាក់ទឹកចិត្ដ
រោគសញ្ញារបស់ជំងឺបាក់ទឹកចិត្ដ ដែលយើងឃើញញឹកញាប់ជាងគេមានដូចជា៖
– អារម្មណ៍មួម៉ៅ
– គិតថាគ្មានអ្វីនៅសេសសល់ក្នុងខ្លួន
– លែងចង់ធ្វើអ្វីដែលខ្លួនធ្លាប់ចូលចិត្ដ
– ឡើង ឬស្រកគីឡូខុសធម្មតា
– មានបញ្ហាដំណេក អាចគេងមិនគ្រប់ ឬគេងច្រើនពេក
– អារម្មណ៍ឆេវឆាវ
– អស់កម្លាំង
– មានវិប្បដិសារីដោយគ្មានមូលហេតុ
– ប៉ះពាល់ដល់ស្មារតីដូចជា ពិបាកផ្ចង់អារម្មណ៍ ឬពិបាកក្នុងការសម្រេចចិត្ដ
– ធ្លាប់គិតដល់ ឬព្យាយាមសម្លាប់ខ្លួន
៣- ពេលណាត្រូវស្វែងរកជំនួយ?
បើមានអារម្មណ៍សោកសៅទុក្ខព្រួយលើសពី ២សប្ដាហ៍ ត្រូវនិយាយជាមួយវេជ្ជបណ្ឌិត ពិសេសពេលគិតថាចង់សម្លាប់ខ្លួន។ ក្នុងករណីអារម្មណ៍នេះប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃ យើងគួរពិភាក្សាជាមួយមនុស្សជាទីស្រលាញ់ មិត្តភក្តិ ឬសមាជិកគ្រួសារ។ គ្នាយើងត្រូវចាំថាជំងឺនេះនឹងឆាប់ជាមកវិញ បើយើងចេះចែករំលែកអារម្មណ៍ពិបាកចិត្ដចេញមកក្រៅ។
៤- ទម្លាប់រស់នៅអាចបង្ការជំងឺបាក់ទឹកចិត្ត
ទម្លាប់រស់នៅមួយចំនួននេះ អាចជួយយើងបង្ការកុំឲ្យធ្លាក់ខ្លួនកើតជំងឺបាក់ទឹកចិត្ត ដូចជា៖
– កុំឃ្លាតឆ្ងាយពីមិត្តភក្ដិ
– គួរចំណាយពេលវេលាធ្វើអ្វីដែលខ្លួនចូលចិត្ត
– ហាត់ប្រាណ ឬលេងកីឡា
– ជ្រើសរើសការចិញ្ចឹមសត្វ បើយើងចូលចិត្ត
– ចៀសវាងប្រើគ្រឿងញៀន ឬគ្រឿងស្រវឹង
– ញ៉ាំអាហារមានសុខភាពល្អ និងគេងឲ្យបានច្រើន
– បើមិនអាចដេកលក់ទេ យើងអាចងាកធ្វើសមាធិដែលអាចជួយយើងបាន។
ក្រៅពីនេះ យើងត្រូវពិគ្រោះ និងព្យាបាលជាមួយគ្រូពេទ្យជំនាញឲ្យបានត្រឹមត្រូវ។ ការព្យាបាលតាមបែបប្រឹក្សាយោបលផ្លូវចិត្ដ គឺជាវិធីមានប្រសិទ្ធភាពខ្ពស់ក្នុងការព្យាបាលជំងឺបាក់ទឹកចិត្ដ។ សម្រាប់ថ្នាំវិញ យើងក៏ចាំបាច់ត្រូវប្រើប្រាស់ដែរ។ ថ្នាំប្រឆាំងជំងឺបាក់ចិត្ដ (antidepressants) ដែលយើងត្រូវលេប គឺអាស្រ័យទៅតាមស្ថានភាពជំងឺ ប្រវត្តិក្រុមគ្រួសារ និងទៅតាមរបៀបនៃការរស់នៅ។ ត្រូវចាំថាថ្នាំព្យាបាលជំងឺបាក់ទឹកចិត្ដ មិនប្រាកដថាមានប្រសិទ្ធភាពលើមនុស្សគ្រប់រូបនោះទេ។ ដោយសារមានអ្នកជំងឺខ្លះ ធ្វើទុក្ខកាន់តែខ្លាំង ក្រោយពេលប្រើប្រាស់ថ្នាំព្យាបាលជំងឺបាក់ទឹកចិត្ដនេះ។ គ្នាយើងត្រូវប្រាប់គ្រូពេទ្យជាបន្ទាន់ ប្រសិនបើគិតថាថ្នាំលេបទៅមិនមានប្រសិទ្ធភាព ឬធ្វើឲ្យយើងបាក់ទឹកចិត្ដកាន់តែខ្លាំងជាងមុន។