ការសិក្សាមួយបានបង្ហាញថា ការងូតទឹកក្ដៅឧណ្ហៗមានអត្ថប្រយោជន៍ដល់សុខភាព ក្នុងនោះអាចជួយការពារពីជំងឺបេះដូង និងជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល ។ ការសិក្សានេះធ្វើឡើង និងដឹកនាំដោយលោកវេជ្ជបណ្ឌិត Hiroyasu Iso សាស្ដ្រាចារ្យ និង អ្នកស្រាវជ្រាវ នៃសាកលវិទ្យាល័យ Osaka នៃប្រទេសជប៉ុន។
លទ្ធផលនៃការសិក្សាបានបញ្ជាក់ថា ទម្លាប់នៃការងូតទឹកជាប្រចាំគឺជារឿងល្អមួយផ្នែក ហើយបើបានងូតទឹកក្ដៅទៀត នោះកាន់តែមានប្រយោជន៍ខ្លាំងដល់សុខភាពបេះដូង មុខងារសរសៃឈាម និងការពារពីជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល។
ការសិក្សានេះធ្វើឡើងទៅលើប្រជាជនជប៉ុនចំនួន ៣០ ០០០ នាក់ ដោយតាមដានពីទម្លាប់នៃការងូតទឹក និង ឱកាសនៃការប្រឈមកើតជំងឺសរសៃឈាមបេះដូងរបស់ពួកគេ ប្រើប្រាស់ពេលវេលារហូតដល់ទៅ ២០ឆ្នាំ។ លទ្ធផលបង្ហាញថា ការងូតទឹកក្ដៅយ៉ាងហោច ចន្លោះពី ៣ ទៅ ៥ដង ក្នុងមួយសប្ដាហ៍ អាចជួយកាត់បន្ថយហានិភ័យកើតជំងឺបេះដូង ២៨% និង កាត់បន្ថយគ្រោះថ្នាក់សរសៃឈាមខួរក្បាល ២៦%។
ហេតុអ្វីការងូតទឹកក្ដៅអាចជួយការពារពីជំងឺបេះដូង និងគ្រោះថ្នាក់សរសៃឈាមខួរក្បាល?
ក្រុមអ្នកស្រាវជ្រាវបានបង្ហាញថា ការងូតទឹកក្ដៅឧណ្ហៗ អាចជួយដល់បេះដូង ព្រោះកម្ដៅភាយចេញពីទឹកអាចជួយបង្កើនដំណើរការចង្វាក់បេះដូង និង ជួយជំរុញមុខងារសរសៃឈាម ដែលជាផ្នែកមួយជួយឲ្យបេះដូងច្របាច់ឈាមរត់សព្វពេញរាងកាយបានល្អ។ ម្យ៉ាងវិញទៀត ការងូតទឹកក្ដៅ អាចជួយកាត់បន្ថយអារម្មណ៍ស្ដ្រេស និងជួយឲ្យគេងបានលក់ស្រួល។
ការងូតទឹកក្ដៅ ឬ ការត្រាំក្នុងអាងទឹកក្ដៅឧណ្ហៗ ឲ្យបានចន្លោះពី ៥ ទៅ ១០នាទី យ៉ាងតិចឲ្យបានបីដងក្នុងមួយសប្ដាហ៍ អាចផ្ដល់អត្ថប្រយោជន៍ ស្រដៀងគ្នាទៅនឹងការ ស្ទីម សូណា ព្រោះចំហាយក្ដៅអាចជួយសម្រួលដល់ចរន្ដឈាមដំណើរការបានល្អ និងធ្វើឲ្យអារម្មណ៍ស្រស់ស្រាយ ៕