ជំងឺមហារីកជាជំងឺមួយដ៏កាចសាហាវ និងបានឆក់យកជីវិតមនុស្សរាប់លាននាក់ជារៀងរាល់ឆ្នាំ។ ដូច្នេះហើយ ការការពារខ្លួនពីជំងឺមហារីកជារឿងសំខាន់ ដែលយើងមិនគួរធ្វេសប្រហែសឡើយ។ ជាក់ស្ដែង ក្រៅពីបែបបទរស់នៅល្អ និងការធ្វើលំហាត់ប្រាណជាប្រចាំ របបអាហារក៏ដើរតួនាទីចម្បងក្នុងការទប់ស្កាត់ជំងឺមហារីកផងដែរ។
អាហារមួយចំនួនដែលជួយរាងកាយប្រឆាំងនឹងជំងឺមហារីក
១. ពពួកបន្លែបណ្ដុះ
ពពួកបន្លែបណ្ដុះជាប្រភេទអាហារឆៅដែលល្អបំផុតសម្រាប់សុខភាព។ ខណៈពេលដែលបន្លែបណ្ដុះប្រភេទផ្សេងផ្ដល់សារធាតុចិញ្ចឹមសម្បូរបែប ពពួកប្រូខូលីបណ្ដុះ មានប្រសិទ្ធភាពក្នុងការបង្ការ និងព្យាបាលជំងឺមហារីកបានយ៉ាងអស្ចារ្យ។ គ្រាន់តែប្រូខូលីបណ្ដុះចំនួនប្រហែល១០០ក្រាម ក៏អាចកាត់បន្ថយហានិភ័យនៃជំងឺមហារីករហូតដល់៥០%ឯណោះ។
២. បន្លែបៃតង
រាល់បន្លែបៃតងគ្រប់ប្រភេទដូចជាស្ពៃពួយឡេង ខាត់ណាខៀវ អាចជួយការពារយើងពីជំងឺមហារីកបានយ៉ាងល្អ។ មិនត្រឹមតែប៉ុណ្ណោះ បន្លែប្រភេទនេះថែមទាំងអាចជួយបង្ការជំងឺបេះដូង និងបញ្ហាធាត់ជ្រុលថែមទៀតផង។
៣. ប៉េងប៉ោះ
ចំពោះបុរស ប៉េងប៉ោះជាបន្លែមួយប្រភេទដែលមិនអាចខ្វះបាន ក្នុងការបង្ការជំងឺមហារីកក្រពេញប្រូស្តាត។ ជាពិសេស ប៉េងប៉ោះតូចៗ ជាជម្រើសដ៏ប្រសើរ ពីព្រោះវាមានសារធាតុចិញ្ចឹមជាច្រើន។
៤. តែបៃតង
ចំណែកឯតែបៃតងមិនត្រឹមតែជួយការពារជំងឺមហារីកប៉ុណ្ណោះទេ វាថែមទាំងមានសមត្ថភាពក្នុងការប្រឆាំងនឹងពពួកបាក់តេរី និងមេរោគ។ លើសពីនេះ ភេសជ្ជៈមួយប្រភេទនេះ ក៏ល្អសម្រាប់ការស្រកទម្ងន់ និងពង្រឹងប្រព័ន្ធភាពស៊ាំដូចគ្នា។ ហេតុនេះហើយ យើងគួរញ៉ាំតែបៃតងជាប្រចាំ ដើម្បីទទួលបានអត្ថប្រយោជន៍សុខភាពបន្ថែម។