មានកត្តាច្រើនណាស់ដែលរួមចំណែកធ្វើឱ្យអ្នកជួបប្រទះអាការៈ ឬជំងឺញ័រទ្រូងដូចជា ស្ត្រេស, ថប់បារម្ភ, ខ្វះគ្រាប់ឈាមក្រហម, ភ័យខ្លាច និងសូម្បីការប្រើប្រាស់ប្រភេទនៃថ្នាំពេទ្យមួយចំនួនផងដែរ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ក្រៅពីនេះក៏នៅមានប្រភេទនៃអាហារ និងភេសជ្ជៈដែលបង្កើនអត្រានៃចង្វាក់បេះដូងគួរឱ្យកត់សម្គាល់។ ថាតើអាហារ និងភេសជ្ជៈអ្វីខ្លះទៅដែលបង្កអាការៈញ័រទ្រូង? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យអ្នកពីអាហារ ក៏ដូចជាភេសជ្ជៈដែលអ្នកគួរជៀសវាង ប្រសិនបើមិនចង់ជួបប្រទះអាការៈញ័រទ្រូង ៖
១. គ្រឿងស្រវឹង
ការទទួលទានគ្រឿងស្រវឹងអាចបង្កអាការៈញ័រទ្រូងចំពោះអ្នកដែលមានចង្វាក់បេះដូងធម្មតា។ អ្នកដែលទទួលទានគ្រឿងស្រវឹងជាប្រចាំបណ្ដាលឱ្យបេះដូងរបស់ពួកគេចុះខ្សោយដោយចង្វាក់បេះដូងលោតមិនទៀង ឬលោតញាប់បង្កជាជំងឺ Atrial fibrillation (បេះដូង
លោតមិនប្រក្រតី)។
២. ឱសថរុក្ខជាតិ
មានប្រភេទនៃឱសថរុក្ខជាតិមួយចំនួនអាចបណ្ដាលឱ្យចង្វាក់បេះដូងលោតខុសប្រក្រតីនៅពេលទទួលទានច្រើន។ ឧទាហរណ៍ដូចជា ឱសថរុក្ខជាតិ ephedra (អេហ្វេដ្រា) ដែលត្រូវបានច្រើនជាទូទៅសម្រាប់ព្យាបាលជំងឺផ្ដាសាយ និងរោគសញ្ញានៃប្រតិកម្មអាឡែកស៊ី។ នៅពេលទទួលទានច្រើនអេហ្វេដ្រាអាចបណ្ដាលឱ្យបេះដូងលោតញាប់ និងឡើងសម្ពាធឈាមដែលជាលទ្ធផលនៃជំងឺដាច់សសៃឈាមខួរក្បាល និងគាំងបេះដូងគម្រាមកំហែងដល់អាយុជីវិតគួរឱ្យព្រួយបារម្ភ។
៣. អតុល្យភាពនៃរបបអាហារ
ពិតណាស់រាងកាយត្រូវការសារធាតុចិញ្ចឹមច្រើនប្រភេទដើម្បីរក្សាសុខភាពរឹងមាំ ជាពិសេសអាចដំណើរការមុខងារសរីរាង្គផ្សេងៗបានត្រឹមត្រូវ។ ទោះជាយ៉ាងណាក៏ដោយ ជាតិរ៉ែ ឬវីតាមីនច្រើន ឬតិចពេកអាចបង្កបញ្ហាសុខភាពមួយចំនួន។ ជាឧទាហរណ៍ ជាតិកាល់ស្យូមច្រើនពេកក្នុងរាងកាយអាចបណ្ដាលឱ្យមានការខូចខាតដល់បេះដូង ខណៈដែលកង្វះជាតិកាល់ស្យូមបង្កបញ្ហាញ័រទ្រូង និងផលប៉ះពាល់ផ្សេងៗទៀត។
៤. កាហ្វេអ៊ីន
អ្នកអាចទទួលទានកាហ្វេ, ទឹកក្រូចកំប៉ុង, តែ, ភេសជ្ជៈប៉ូវកម្លាំង, សូកូឡា និងអាហារដែលមានផ្ទុកជាតិកាហ្វេអ៊ីនបានដោយគ្មានការព្រួយបារម្ភថានឹងជួបប្រទះអាការៈញ័រទ្រូង ប្រសិនបើក្នុងកម្រិតសមល្មម។ ការទទួលទានអាហារ ឬភេសជ្ជៈមានផ្ទុកជាតិកាហ្វេអ៊ីនច្រើនពេកដូចជា កាហ្វេច្រើនជាង ៣ ពែងក្នុងមួយថ្ងៃអាចបណ្ដាលឱ្យកើតមានអាការៈញ័រទ្រូង, ថប់បារម្ភ និងគេងមិនលក់។ ប្រសិនបើអ្នកជួបប្រទះអាការៈញ័រទ្រូងនៅពេលទទួលទានកាហ្វេ ចូរព្យាយាមកាត់បន្ថយការទទួលទានរហូតដល់អាការៈបាត់ទៅវិញ។
៥. របបអាហារសម្រកទម្ងន់លឿន
ប្រសិនបើអ្នកកំពុងជួបប្រទះអាការៈចង្វាក់បេះដូងលោតញាប់ខុសប្រក្រតី ចូរកុំជ្រើសរើសរបបអាហារសម្រកទម្ងន់ ក៏ព្រោះវាអាចបណ្ដាលឱ្យកើតមានអាការៈញ័រទ្រូងបាន។ របបអាហារមានជាតិប្រូតេអ៊ីន ឬជាតិខ្លាញ់ខ្ពស់អាចបង្កផលប៉ះពាល់ដល់អេឡិចត្រូលីត្រក្នុងរាងកាយ។ ជាលទ្ធផលធ្វើឱ្យមានភាពប្រែប្រួលខុសប្រក្រតីក្នុងប្រព័ន្ធបេះដូង។
ជំងឺ ឬអាការៈញ័រទ្រូងអាចបង្កភាពមិនស្រួលខ្លាំង ជាពិសេសនៅពេលវាកើតឡើងភ្លាមៗដោយនឹកស្មានមិនដល់។ ការយកចិត្តទុកដាក់ ឬផ្ដោតសំខាន់លើអ្វីដែលអ្នកកំពុងទទួលទាន គឺអាចជួយទប់ស្កាត់បញ្ហាបានគួរឱ្យកត់សម្គាល់៕