បេះដូងលោតញាប់អាចមកពីអ្នកជួបនឹងមនុស្សដែលអ្នកលួចស្រឡាញ់ ហើយអៀនជាមួយនឹងគេពេក ។ តែមិនមនុស្សគ្រប់គ្នា សុទ្ធតែអាចជួបមនុស្សដែលខ្លួនលួចស្រឡាញ់នោះទេ។ វាមានកត្តាជាច្រើន ដែលធ្វើឱ្យបេះដូងលោតញាប់ខុសធម្មតា ដែលក្នុងនោះមាន៣ចំនុច ដែលអ្នកនឹងបានស្គាល់នៅថ្ងៃនេះ។
១. ស្ត្រេស ឬភាពតានតឹងក្នុងអារម្មណ៍
អ្នកអាចនឹងជួបប្រទះបញ្ហាចង្វាក់បេះដូងលោតញាប់នៅរាល់ពេលមានអារម្មណ៍តានតឹង ឬស្ត្រេស។ នោះក៏ព្រោះតែលំហូរឈាមរបស់អ្នកពោរពេញទៅដោយអរម៉ូនស្ត្រេស ដូចជា ករទីសូល (cortisol) និង អាត្រេណាលីន (adrenaline) ដែលរំញោចប្រព័ន្ធសសៃប្រសាទ។ ដូច្នេះដើម្បីជាការប្រសើរចូរព្យាយាមកាត់បន្ថយកម្រិតនៃភាពស្ត្រេសរបស់អ្នក។ វេជ្ជបណ្ឌិតជាច្រើននិយាយថាស្ត្រេសរ៉ាំរ៉ៃអាចជះឥទ្ធិពលគួរឱ្យព្រួយបារម្ភចំពោះសុខភាព។
២. កង្វះជាតិទឹកក្នុងរាងកាយ
ប្រសិនបើអ្នកទទួលទានទឹកមិនបានប្រហែល ២ លីត្រក្នុងមួយថ្ងៃទេនោះ កុំឆ្ងល់ថាតើហេតុអ្វីបានជាបេះដូងហាក់ដូចជាលោតញាប់ជាងធម្មតា។ កង្វះជាតិទឹកក្នុងរាងកាយធ្វើឱ្យឈាមឡើងខាប់ ហើយបរិមាណឈាមថយចុះ ហើយបេះដូងនឹងខំលោតញាប់ខ្លាំងជាងមុនដើម្បីព្យាយាមផ្គត់ផ្គង់អុកស៊ីសែនគ្រប់គ្រាន់ទៅកាន់សរីរាង្គទាំងអស់។
៣. ទទួលទានកាហ្វេច្រើនពេក
ការទទួលទានកាហ្វេខ្លាំង ឬច្រើនពេក អាចបណ្ដាលឱ្យបេះដូងលោតញាប់ខុសធម្មតា។ នោះក៏ព្រោះតែកាហ្វេមានផ្ទុកជាតិកាហ្វេអ៊ីន និងលក្ខណៈសម្បត្តិបញ្ចុះជាតិទឹកដែលសុទ្ធតែជាកត្តានាំឱ្យបេះដូងលោតញាប់៕