ទាំងនេះសម្រាប់អ្នកទឹកនោមផ្អែម លំហាត់ប្រាណ និងរបបអាហារត្រឹមត្រូវ ដើរតួសំខាន់ដើម្បីររក្សាទម្ងន់ និងធ្វើឲ្យមានលំនឹងជាតិស្ករនៅក្នុងឈាម។ អ្នកទឹកនោមផ្អែម ងាយធាត់ខ្លាំងណាស់ បើញ៉ាំអាហារជាតិខ្លាញ់ និងកាបូនអ៊ីដ្រាត (ផ្អែម) ច្រើន ជាហេតុដែលនាំឲ្យថ្នាំទឹកនោមផ្អែម ក៏ថយប្រសិទ្ធភាពតាមហ្នឹងដែរ។
១- អាហារត្រូវញ៉ាំ
ចំណីយើងញ៉ាំក្នុងមួយពេល ត្រូវមាន ៤ ចំណែក៖
– ពីរចំណែកជាបន្លែបៃតង និងបន្លែគ្មានជាតិម្សៅ ដូចជា ការ៉ុត ស្ពៃ និងប៉េងប៉ោះ។
– មួយចំណែកទៀត ជាជាតិប្រូតេអ៊ីនបានពីសាច់ ដូចជា ត្រី ត្រីធូណា ឬសាច់ (ជ្រូក/គោ) សុទ្ធមិនលាយខ្លាញ់
– មួយចំណែកចុងក្រោយ ជាអាហារមានជាតិម្សៅ ដូចជា ដំឡូង និងអង្ករ ជាដើម។
លើសពីនេះ យើងអាចញ៉ាំផ្លែឈើ ទឹកដោះគោ កាហ្វេ និងតែ ដែលមិនត្រូវដាក់ស្ករនោះទេ។
វិធីរៀបចំរបបអាហារសម្រាប់អ្នកជំងឺទឹកនោមផ្អែម
២- កាបូអ៊ីដ្រាត
ជាតិស្ករភាគច្រើន មានប្រភពពីកាបូនអ៊ីដ្រាត (ជាតិស្ករដែលបានពីអាហារ)។ ដូចនេះ ដើម្បីរក្សាលំនឹងជាតិស្ករក្នុងឈាមឲ្យបានល្អ ត្រូវញ៉ាំបរិមាណដូចគ្នារាល់ថ្ងៃ និងកំណត់ពេលវេលាឲ្យបានទៀង ទើបថ្នាំទឹកនោមផ្អែមមានប្រសិទ្ធភាព។
បើមានចម្ងល់ អាចស្វែងរកអ្នកឯកទេសចំណីអាហារ ដើម្បីប្រឹក្សាយោបល់បាន ព្រោះយើងអាចដឹងពីវិធីគណនាបរិមាណជាតិកាបូអ៊ីដ្រាត ឲ្យសមតុល្យទៅតាមបរិមាណជាតិថ្នាំដែលអ្នកទឹកនោមផ្អែមលេប និងអាំងស៊ុយលីនដែលត្រូវប្រើ។
៣- កំណត់ជាតិស្ករ
កំណត់ជាតិស្ករចំពោះអាហារដែលអាចញ៉ាំបាន ដើម្បីចៀសវាងផលវិបាកដោយសារជាតិស្ករឡើងខ្ពស់ បង្កឲ្យមានគ្រោះថ្នាក់ជាយថាហេតុ។
ការចាប់ផ្ដើមរបបអាហារថ្មី (ប្ដូរម្ហូបញ៉ាំ) ពិតជាលំបាកសម្រាប់មនុស្សគ្រប់រូប មិនថាអ្នកទឹកនោមផ្អែម ឬអត់នោះទេ។ ដូចនេះ យើងអាចស្វែងរកជំនួយពីអ្នកឯកទេសចំណីអាហារ និងគ្រូពេទ្យ ព្រោះថារបបអាហារល្អ សុខភាពក៏ល្អ ហើយអាចការពារផលវិបាកធ្ងន់ធ្ងរដោយសារទឹកនោមផ្អែម ដូចជា ជំងឺបេះដូង និងរោគពាក់ព័ន្ធសរសៃប្រសាទ។
ចំពោះការកំណត់ ឬសម្រេចចិត្តញ៉ាំអី សម្រាប់អ្នកមានជំងឺប្រចាំកាយ ដូចជា ទឹកនោមផ្អែម គួរប្រុងប្រយ័ត្ន និងអនុវត្តឲ្យបាន ដើម្បីចៀសវាងស្ថានភាពកាន់តែពិបាក។ បើមានសមាជិកណា ឬចាស់ៗក្នុងផ្ទះ មានជំងឺប្រភេទនេះ យើងគួរជួយគិតគូរឲ្យមែនទែនលើប៉ុន្មានចំណុចដែលបានរៀបរាប់ខាងលើ។