មុខងារសំខាន់របស់តម្រងនោម គឺកម្ចាត់កាកសំណល់ចេញពីឈាម និងបង្វិលឈាមដែលស្អាតត្រឡប់ទៅកាន់រាងកាយវិញ។ តម្រងនោមខូច មានន័យថាតម្រងនោមមិនអាចកម្ចាត់ជាតិពុលចេញពីរាងកាយបាន និងមិនអាចរក្សាកម្រិតសារធាតុរាវ និងអំបិលដែលរាងកាយត្រូវការ។
មូលហេតុមួយបង្កឲ្យតម្រងនោមខូច គឺជំងឺទឹកនោមផ្អែម។ អ្នកជំងឺទឹកនោមផ្អែម កម្រិតជាតិស្ករក្នុងឈាមឡើងខ្ពស់ ហើយការឡើងកម្រិតជាតិស្ករក្នុងរយៈពេលយូរនឹងអាចធ្វើឲ្យខូចតម្រងល្អិតៗរាប់លានមាននៅក្នុងតម្រងនោម។ បើសិនជាកម្រិតជាតិស្ករក្នុងឈាមនៅតែខ្ពស់ អ្នកជំងឺទឹកនោមផ្អែមមិនអាចគ្រប់គ្រងបាន ចុងក្រោយអាចធ្វើឲ្យខូចតម្រងនោម។
អ្នកមានជំងឺទឹកនោមផ្អែមប្រហែលពី ២០ទៅ៣០ភាគរយ អាចវិវត្តទៅជាជំងឺតម្រងនោមបង្កដោយជំងឺទឹកនោមផ្អែម តែមិនមែនមានន័យថាតម្រងនោមឈានដល់ដំណាក់កាលខូចមិនអាចដំណើរការបាននោះទេ។ កត្តាប្រឈមដែលនាំឲ្យអ្នកជំងឺទឹកនោមផ្អែម ជួបបញ្ហាខូចតម្រងនោម គឺរយៈពេលនៃការកើតជំងឺទឹកនោមផ្អែម។
អ្នកជំងឺទឹកនោមផ្អែម មានជំងឺតម្រងនោម មិនអាចព្យាបាលជាសះស្បើយ គឺត្រូវការការថែទាំព្យាបាលអស់មួយជីវិត។ អ្នកជំងឺទឹកនោមផ្អែមក៏ប្រឈមនឹងបញ្ហាតម្រងនោមផ្សេងទៀតដែរ មានដូចជា សរសៃឈាមអាក់ទែតម្រងនោមរួមតូច ដែលអាចធ្វើឲ្យសម្ពាធឈាមកើនឡើង និងកាត់បន្ថយដំណើរការរបស់តម្រងនោម។
១. រោគសញ្ញាខ្សោយតម្រងនោម
សម្រាប់អ្នកជំងឺទឹកនោមផ្អែម បញ្ហាតម្រងនោមជាធម្មតាអាចរកឃើញនៅពេលអ្នកជំងឺទៅពិនិត្យសុខភាព។ យ៉ាងណា អ្នកមានជំងឺទឹកនោមផ្អែមប្រភេទ២ មិនសូវដឹងថាខ្លួនមានជំងឺមួយនេះទេ។ ការណ៍នេះមានន័យថា ការមិនបានត្រួតពិនិត្យកម្រិតជាតិស្ករក្នុងឈាម យូរៗទៅកម្រិតជាតិស្ករខ្ពស់អាចនឹងធ្វើឲ្យតម្រងនោមអ្នកជំងឺខូចបន្តិចម្ដងៗ។ ជាដំបូងៗ រោគសញ្ញាអាចមានត្រឹមតែការកើនឡើងប្រូតេអ៊ីននៅក្នុងទឹកនោម ប៉ុន្តែមិនមានរោគសញ្ញាផ្សេងទៀតទេ។ មុននឹងតម្រងនោមរងការខូចខាតធ្ងន់ធ្ងរ អាចត្រូវការរយៈពេលយូរឆ្នាំ និងអាចមានចេញរោគសញ្ញាមួយចំនួនដូចជា៖
• ចាល់សារធាតុរាវក្នុងខ្លួន
• អស់កម្លាំង
• ឈឺក្បាល
• ចង្អោរ
• ក្អួត
២. មូលហេតុជំងឺទឹកនោមផ្អែមធ្វើឲ្យខូចតម្រងនោម
គេដឹងច្បាស់ថាជំងឺទឹកនោមផ្អែមអាចនាំឲ្យកើតជំងឺតម្រងនោម ប៉ុន្តែមូលហេតុកម្រិតជាតិស្ករខ្ពស់ក្នុងឈាមធ្វើឲ្យតម្រងច្រោះឈាមក្នុងទឹកនោមខូចមិនទាន់ដឹងច្បាស់នៅឡើយ។ សម្ពាធឈាមខ្ពស់ ក៏ជាកត្តាប្រឈមមួយធ្វើឲ្យមានជំងឺតម្រងនោមដែរ ហើយអ្នកមានជំងឺទឹកនោមផ្អែមក៏ងាយនឹងកើតមានជំងឺលើសសម្ពាធឈាម។ ដូចគ្នាដែរ ការជក់បារី និងប្រវត្តិគ្រួសារ ក៏ជាកត្តាប្រឈមនៃជំងឺតម្រងនោមដែរ។ ជំងឺតម្រងនោមបង្កដោយជំងឺទឹកនោមផ្អែមនឹងវិវត្តទៅមុខជានិច្ច ទោះជាប្រើប្រាស់ថ្នាំព្យាបាលក៏ដោយ តែថាការព្យាបាលនឹងជួយពន្យឺតការខូចខាតនេះ។
៣. ការធ្វើរោគវិនិច្ឆ័យ
ជំងឺតម្រងនោមបង្កដោយជំងឺទឹកនោមផ្អែមអាចធ្វើរោគវិនិច្ឆ័យដឹងតាមវិធីមួយចំនួន៖
• តេស្តទឹកនោម៖ តេស្តទឹកនោមធ្វើឡើងដើម្បីពិនិត្យកម្រិតប្រូតេអ៊ីន។ កម្រិតប្រូតេអ៊ីនក្នុងទឹកនោមឡើងខ្ពស់ខុសធម្មតា គឺជាសញ្ញាដំបូងមួយនៃជំងឺតម្រងនោមបង្កដោយជំងឺទឹកនោមផ្អែម។
• វាស់សម្ពាធឈាម៖ ការពិនិត្យតាមដានសម្ពាធឈាមឲ្យបានទៀងទាត់គឺជារឿងសំខាន់។ សម្ពាធឈាមឡើងខ្ពស់ ក៏ជាមូលហេតុនាំឲ្យមានជំងឺតម្រងនោមលើអ្នកជំងឺទឹកនោមផ្អែម ហើយសម្ពាធឈាមខ្ពស់ក៏រួមចំណែកធ្វើឲ្យជំងឺតម្រងនោមវិវត្តទៅមុខដែរ។
• តេស្តឈាម៖ តេស្តឈាមធ្វើឡើងដើម្បីពិនិត្យលើកម្រិតនៃដំណើរការរបស់តម្រងនោម។
• ច្រឹបសាច់៖ ការច្រឹបសាច់នេះ គឺច្រឹបយកជាលិកាតូចមួយពីតម្រងនោម ដើម្បីធ្វើការពិនិត្យក្នុងមន្ទីរពិសោធន៍។ ការធ្វើបែបនេះ អាចធ្វើឡើងក្នុងករណីសង្ស័យថាតម្រងនោមខូចដោយសារជំងឺទឹកនោមផ្អែម ឬមូលហេតុផ្សេងៗទៀត។
• ឆ្លុះអេកូតម្រងនោម៖ ឆ្លុះអេកូ អាចឲ្យដឹងពីទំហំរបស់តម្រងនោម និងអាចឲ្យយើងឃើញពីសរសៃឈាមអាក់ទែរត់ទៅតម្រងនោមមានសភាពរួមតូច ឬយ៉ាងណា ដែលការណ៍នេះអាចបន្ថយសមត្ថភាពដំណើរការនៃតម្រងនោម។
៤. ការព្យាបាល
ជំងឺតម្រងនោមបង្កដោយជំងឺទឹកនោមផ្អែមមិនមានការព្យាបាលឲ្យជាសះស្បើយនោះទេ។ ការព្យាបាលត្រូវធ្វើឲ្យបានលឿនជាងការវិវត្តរបស់តម្រងនោមទៅរកការខូចខាត។ វិធីសាស្ត្រព្យាបាលមានដូចជា៖
• ការពារ៖ ការពារ ជាវិធីសាស្ត្រមួយល្អបំផុតនៃការព្យាបាល និងរួមទាំងការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម និងសម្ពាធឈាមបានល្អ។
• ប្រើប្រាស់ថ្នាំ៖ ថ្នាំមួយចំនួនអាចត្រូវគ្រូពេទ្យចេញវេជ្ជបញ្ជាឲ្យប្រើប្រាស់ ដើម្បីទប់ស្កាត់ការខូចខាតតម្រងនោម។
• លាងឈាម៖ ការលាងឈាមគឺប្រៀបដូចជាការប្រើតម្រងនោមសិប្បនិម្មិតអ៊ីចឹងដែរ ដើម្បីច្រោះយកសារធាតុពុល ឬកាកសំណល់ផ្សេងៗចេញពីក្នុងឈាម និងបញ្ជូនឈាមល្អត្រឡប់ទៅរាងកាយវិញ។ ការខូចតម្រងនោមដំណាក់កាលចុងក្រោយ គឺជាការខូចខាតដែលតម្រងនោមមិនអាចដំណើរការទៀតបានតែម្ដង ដែលជាហេតុនាំឲ្យអ្នកជំងឺត្រូវការការលាងឈាម។
• ដូរតម្រងនោម៖ ការដូរតម្រងនោម គឺជាការទទួលយកការបរិច្ចាគតម្រងនោមពីអ្នកមានសុខភាពល្អ ដូចជាមិត្តភក្តិ ឬសាច់ញាតិ ដើម្បីដូរជំនួសតម្រងនោមដែលខូច។
៥. កាត់បន្ថយកត្តាប្រឈម
អ្នកមានជំងឺទឹកនោមផ្អែម អាចកាត់បន្ថយកត្តាប្រឈមកើតជំងឺតម្រងនោម ឬក៏អាចពន្យារពេលកើតជំងឺនេះបាន ដោយអនុវត្តតាមវិធីសាស្ត្រមួយចំនួន៖
• គ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមឲ្យបានត្រឹមត្រូវ
• គ្រប់គ្រងសម្ពាធឈាមឲ្យបានល្អ
• ចៀសវាងប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់(NSAIDS)
• ព្យាបាលការឆ្លងរោគផ្លូវទឹកនោមដោយថ្នាំផ្សះតាមវេជ្ជបញ្ជា
• ញ៉ាំទឹកឲ្យបានច្រើន
• តាមដានសុខភាពតម្រងនោមឲ្យបានទៀងទាត់។