ការខ្សោយក្រពេញលើតម្រងនោមធ្វើឱ្យយើងអស់កម្លាំងខ្លាំង និងមានបញ្ហាសុខភាពជាច្រើន។ ក្រពេញលើតម្រងនោមមានតួនាទីផលិតអ័រម៉ូនជួយគ្រប់គ្រងកម្រិតថាមពលក្នុងរាងកាយ កម្រិតជាតិស្ករក្នុងឈាម សម្ពាធឈាម និងភាពតានតឹងផ្លូវកាយ ឬផ្លូវចិត្ត។ តើយើងត្រូវធ្វើដូចម្តេចដើម្បីចៀសវាងខ្សោយក្រពេញលើតម្រងនោម?
កាលណាក្រពេញលើតម្រងនោមផលិតអ័រម៉ូនណាមួយច្រើនពេក នោះវាអាចនឹងចុះខ្សោយ។ ដើម្បីចៀសវាងខ្សោយក្រពេញលើ
តម្រងនោមយើងត្រូវ៖
១. កាត់បន្ថយជាតិកាហ្វេអ៊ីន និងគ្រឿងស្រវឹង
ជាតិកាហ្វេអ៊ីន និងគ្រឿងស្រវឹងជះឥទ្ធិពលដល់ការគេងដែលធ្វើឱ្យរាងកាយយើងបញ្ចេញអ័រម៉ូនស្ត្រេសច្រើន។ បន្ទាប់មកក្រពេញលើតម្រងនោមនឹងបញ្ចេញអ័រម៉ូនទប់ទល់នឹងស្ត្រេសដូចជា epinephrine (adrenaline), norepinephrine និង cortisol។ យូរៗទៅក្រពេញលើតម្រងនោមនឹងខ្សោយ។
២. កាត់បន្ថយជាតិស្ករ
ក្រៅពីគ្រប់គ្រងភាពតានតឹង អ័រម៉ូន cortisol ក៏ជួយរក្សាកម្រិតជាតិស្ករនៅក្នុងឈាមយើងដែរ។ ការញុំាជាតិស្ករច្រើនបង្កើនកម្រិតជាតិស្ករក្នុងឈាម បន្ទាប់មកក្រពេញលើតម្រងនោមនឹងផលិតអ័រម៉ូន cortisol ដើម្បីគ្រប់គ្រងជាតិស្ករក្នុងឈាម។
៣. កាត់បន្ថយភាពតានតឹង ឬស្ត្រេស
ពេលយើងមានភាពតានតឹង ក្រពេញលើតម្រងនោមនឹងផលិតអ័រម៉ូន cortisol ដើម្បីទប់ទល់នឹងភាពតានតឹង។
៤. គេងឱ្យបានគ្រប់គ្រាន់
មនុស្សពេញវ័យត្រូវការគេង ៨ ម៉ោងក្នុង ១ ថ្ងៃដើម្បីមានសុខភាពល្អ។
៥. ញុំាអាស៊ីតខ្លាញ់អូមេហ្កា ៣
អាស៊ីតខ្លាញ់អូមេហ្កា-៣ ជួយក្រពេញលើតម្រងនោមប្រស្រ័យទាក់ទងនឹងខួរក្បាល និងជួយកាត់បន្ថយភាពតានតឹង។
៦. ញុំាម៉ាញ៉េស្យូម
ម៉ាញ៉េស្យូមជួយរំងាប់ប្រព័ន្ធសរសៃប្រសាទ ជួយឱ្យគេងលក់ស្រួល កាត់បន្ថយភាពតានតឹង និងបង្កើនការផលិតថាមពលក្នុងរាងកាយ។ អាហារទាំងនោះមានដូចជាគ្រាប់ធញ្ញជាតិ សណ្ដែង និងស្រូវសាឡី ជាដើម។
៧. ញុំាវីតាមីន B
វីតាមីន B ជួយរាងកាយទប់ទល់នឹងស្ត្រេស និងផ្តល់ថាមពលដល់រាងកាយ។ អាហារសម្បូរវីតាមីន B មានដូចជាស៊ុត សាច់មាន់ បន្លែស្លឹកបៃតង គ្រាប់ធញ្ញជាតិ និងគ្រឿងសមុទ្រ ជាដើម។
៨. ញុំាវីតាមីន C
ក្រពេញលើតម្រងនោមប្រើវីតាមីន C ដើម្បីផលិតអ័រម៉ូន cortisol ទប់ទល់នឹងភាពតានតឹង។ កាលណាក្រពេញលើតម្រងនោមផលិតអ័រម៉ូន cortisol ច្រើន វាត្រូវការវីតាមីន C កាន់តែច្រើន។ វីតាមីន C យើងអាចរកបានក្នុងផ្លែឈើដូចជាពពួកក្រូច ស្ត្រ័បឺរី ផ្កាខាត់ណាខៀវ ម្ទេសប្លោក និងដំឡុងបារាំងជាដើម
ដើម្បីការពារការខ្សោយក្រពេញលើតម្រងនោម យើងត្រូវកាត់បន្ថយភាពតានតឹង សម្រាកឱ្យបានគ្រប់គ្រាន់ និងញុំាអាហារសម្បូរទៅដោយសារធាតុចិញ្ចឹមល្អៗ។