ប្រសិនបើអ្នកមានបញ្ហាមុន និងមិនអាចកម្ចាត់ពួកវាបានទោះជាប្រើមធ្យោបាយអ្វីក៏ដោយនោះ ប្រហែលជារាងកាយរបស់អ្នកកំពុងព្យាយាមប្រាប់អ្នកពីបញ្ហាអ្វីមួយ ។
វេជ្ជសាស្ត្របុរាណចិនជឿថា តំបន់ដែលមុនកើតលើមុខឆ្លុះបញ្ចាំងពីសរីរាង្គដែលវាមានការទាក់ទង ។ ហេតុនេះហើយ នៅពេលអ្នកកើតមុននៅផ្នែកណាមួយនៃផ្ទៃមុខ មិនថាថ្ពាល់ ឬក្រោមថ្គាម មូលហេតុប្រហែលដោយសារតែសរីរាង្គណាមួយក្នុងរាងកាយមានជំងឺ ឬដំណើរការខុសប្រក្រតី ។
១-ថ្ងាស
ថ្ងាសទាំងមូលរបស់អ្នកទាក់ទងទៅនឹងសរីរាង្គ ផ្សេងៗគ្នាជាច្រើនដែលបង្កើតជាផ្លូវរំលាយអាហារមានដូចជាពោះវៀនធំ ពោះវៀនតូច ថ្លើម និងថង់ទឹកប្រមាត់ ។ ក្រៅពីនេះស្បែកក្បាលកខ្វក់ ឬមានខ្លាញ់ក៏អាចជាមូលហេតុនៃការកើតមុនប្រភេទនេះដែរ ។
អ្វីដែលអ្នកគួរតែធ្វើ ៖
ប្រសិនបើអ្នកកត់សម្គាល់ឃើញថាអ្នកមានបញ្ហាមុននៅតំបន់នេះ វាប្រហែលជាដល់ពេលដែលអ្នកត្រូវបញ្ឈប់បរិភោគអាហារខ្វះសារធាតុចិញ្ចឹម និងប្តូរទៅបរិភោគអាហារដែលល្អចំពោះសុខភាពវិញ ។
២-ថ្ពាល់
ជក់ផាត់មុខដែលកខ្វក់ ឬទូរស័ព្ទដៃកខ្វក់ក៏អាចបណ្តាលឱ្យកើតមុននៅតំបន់នេះផងដែរ តែវាក៏អាចបង្ហាញថាអ្នកមានបញ្ហាសួត ហើយវាគួរតែដល់ពេលដែលអ្នកគួរតែដកដង្ហើម វែងៗឲ្យបានច្រើន ។
អ្វីដែលអ្នកគួរតែធ្វើ ៖
ប្រសិនបើអ្នកជក់បារី មានបញ្ហារលាករន្ធសងខាងស្លាបច្រមុះ អាលែកហ្ស៊ី រឺពិបាកដកដង្ហើម វាប្រហែលជាមូលហេតុដែលអ្នកកើតមានបញ្ហាមុននៅលើថ្ពាល់ ។ ដើម្បីដោះស្រាយបញ្ហានេះពីឫសគល់របស់វា អ្នកគួរតែបញ្ឈប់ការជក់បារី និងអនុវត្តបច្ចេកទេសដកដង្ហើមវែងៗ ។
៣-ចង្កា ឬថ្គាម
ការកើតមុននៅលើចង្កា ឬតំបន់ថ្គាមអាចបង្ហាញពីអតុល្យភាពអ៊័រម៉ូន និងបញ្ហាបំពង់រំលាយអាហារ ។
អ្វីដែលអ្នកគួរតែធ្វើ ៖
ការបរិភោគអាហារដែលល្អចំពោះសុខភាពជាមួយនឹងជាតិខ្លាញ់ទាបជាវិធីល្អបំផុតដើម្បីប្រយុទ្ធប្រឆាំងនឹងបញ្ហានេះ ។ ក្រៅពីនេះអ្នកគួរតែកត់សម្គាល់រោគសញ្ញា ផ្សេងៗទៀតនៃបញ្ហាអតុល្យភាពអ៊័រម៉ូនដូចជារដូវមកមិនទៀងទាត់ ឡើងទម្ងន់លឿនពេក ឆាប់ខឹង និងអស់កម្លាំង និងគួរទៅជួបគ្រូពេទ្យរបស់អ្នកឲ្យបានឆាប់បំផុត ។
៤-ត្រចៀក
តំបន់នេះអាចមានការទាក់ទងទៅនឹងតម្រងនោម និងអាចបង្ហាញថារាងកាយរបស់អ្នកខ្វះជាតិទឹក ។
អ្វីដែលអ្នកគួរតែធ្វើ៖
ការទទួលទានទឹកឱ្យបានគ្រប់គ្រាន់ និងរក្សាសំណើមក្នុងរាងកាយគឺជាមធ្យោបាយអាទិភាព។ លើសពីនេះការអនុវត្តបែបនេះនឹងជួយលាងសម្អាតជាតិពុលពីរាងកាយរបស់អ្នក ជួយឱ្យស្បែករបស់អ្នកមានភាពភ្លឺថ្លា ៕