យើងខ្ញុំជឿជាក់ថាអ្នកប្រាកដជាធ្លាប់ដឹងពីវិធីមួយចំនួនក្នុងការធ្វើឱ្យកូនព្រមទៅរៀន ប៉ុន្តែខាងក្រោមនេះយើងខ្ញុំនឹងប្រាប់អ្នកពីវិធីមួយចំនួនទៀត ដោយប្រសិនជាអ្នកប្រើវិធីទាំងនោះពុំមានប្រសិទ្ធភាព អ្នកអាចប្រើតាមវិធីទាំងនេះបាន។ តើមានអ្វីខ្លះទៅ?
- នៅពេលដែលកូនខ្លាច ហើយមិនព្រមទៅរៀនដោយខ្លួនឯង អ្នកអាចឱ្យកូនយកតុកតាដែលគេចូលចិត្តទៅជាមួយ ឬអាចឱ្យកូនរបស់បងប្អូន ឬអ្នកជិតខាងទៅរៀនជាមួយគ្នា នោះកូនអាចនឹងមានអារម្មណ៍មិនសូវភ័យខ្លាច ហើយក្រោយពេលដែលបញ្ជូនកូនទៅដល់សាលា អ្នកត្រូវតែត្រលប់មកវិញ ដោយទុកឱ្យគ្រូជាអ្នកលួងកូនវិញទើបកូនមិនតាមអ្នកទៀត។
- នៅពេលដែលដល់ម៉ោងទៅយកកូន អ្នកត្រូវតែទៅមុនម៉ោង ព្រោះបើអ្នកទៅយឺត នោះកូននឹងមានអារម្មណ៍កាន់តែភ័យ ហើយថែមទាំងមានអារម្មណ៍ឯកកោរទៀតផង ម្យ៉ាងទៀតគេនឹងមិនព្រមទៅសាលាទៀតទេ។
- អ្នកត្រូវតែឧស្សាហ៍និយាយជាមួយគ្រូពីចរឹត និងចំណង់ចំណូលចិត្តរបស់កូន នោះទើបកូនអាចសម្របសម្រួលជាមួយគ្រូគេបាន ដោយគ្រូដឹងពីអ្វីដែលកូនត្រូវការ។
- អ្នកត្រូវតែឧស្សាហ៍តាមដានការសិក្សា និងទង្វើរបស់កូននៅសាលា ប្រសិនជាកូនមិនសូវយំ ឬធ្វើអ្វីបានល្អ អ្នកអាចនិយាយសរសើរកូនបាន នោះកូននឹងអាចកាត់បន្ថយការយំនៅពេលដែលគេទៅដល់សាលា។
- អ្នកអាចនាំកូនទៅសាលាជាមុន ដោយនាំគេទៅ ហើយចូលបណ្ណាល័យដើម្បីអានសៀវភៅឱ្យគេស្តាប់ ឬនាំគេទៅលេងនៅក្នុងសាលានោះ ទើបគេមិនសូវរករឿងច្រើននៅពេលដែលទៅអង្គុយរៀននៅក្នុងថ្នាក់ ដោយសារតែគេរៀងស្គាល់សាលាហើយ ទើបគេមិនសូវប្លែកកន្លែង៕