ក្រៅពីការទម្លាប់ថែទាំស្បែក របបអាហារក៏ដើរតួយ៉ាងសំខាន់ក្នុងការថែរក្សាស្បែកឱ្យនៅស្រស់ស្អាតក្មេងជាងវ័យដែរ។ អាហារមួយចំនួនធ្វើឱ្យស្បែកខូច និងឆាប់ចាស់ ឯអាហារមួយចំនួនទៀតអាចជួយស្បែកពន្យារភាពចាស់ មានសំណើម និងភ្លឺរលោង។ តើមានអាហារអ្វីខ្លះដែលយើងគួរញុំា និងចៀសវាងដើម្បីឱ្យស្បែកស្រស់ស្អាត?
ខាងក្រោមនេះជារបបអាហារមួយចំនួនដែលយើងអាចសាកល្បង និងចៀសវាងបាន៖
១. ញុំាវីតាមីន C ៖ មានសារធាតុប្រឆាំងអុកស៊ីតកម្មដែលផ្តល់សំណើមដល់ស្បែក ធ្វើឱ្យស្បែកភ្លឺថ្លា កាត់បន្ថយស្នាមអុជខ្មៅ និងស្នាមជ្រីវជ្រួញ ព្រមទាំងពន្យារភាពចាស់។ បន្លែដែលសម្បូរទៅដោយវីតាមីន C មាន ម្ទេសហាវៃ ប៉េងប៉ោះ ប្រូខូលី ផ្កាខាត់ណា ស្ពៃពួយឡេង ស្ពៃក្តោប ដំឡូងបារាំង និងសណ្តែកបារាំង។ ឯផ្លែឈើដែលមានវីតាមីន C ខ្ពស់ មានដូចជា ផ្លែឈើអម្បូរក្រូច ល្ហុង ស្ត្រប៊ើរី គូលែន សារី ម្នាស់ ត្របែកគីវី ត្រសក់ស្រូវផ្អែម និងផ្លែប៉េស។
២. ញុំាទឹកឱ្យបានគ្រប់គ្រាន់៖ ការញុំាទឹកជួយឱ្យស្បែកយើងមានសំណើម។
៣. ញុំាវីតាមីន E៖ វីតាមីន E ជួយចិញ្ចឹមស្បែក និងកាត់បន្ថយការបំផ្លាញស្បែកពីកាំរស្មីយូវី។ វីតាមីន E សម្បូរនៅក្នុងគ្រាប់ផ្កាឈូករ័ត្ន គ្រាប់ល្ពៅ សណ្តែកដី គ្រាប់ផ្លែឈើ ផ្លែប៊ើរ ស្ពៃពួយឡេង ប្រេងអូលីវ និងប្រេងផ្កាឈូករ័ត្ន។
៤. កាត់បន្ថយជាតិស្ករ៖ ជាតិស្ករមានប្រតិកម្មជាមួយប្រូតេអ៊ីនដោយជំរុញដំណើរការ glycation។ ដំណើរការនេះធ្វើឱ្យស្បែកជ្រីវជ្រួញ និងឆាប់ចាស់។
៥. ចៀសវាងអាហារបំពង៖ អាហារបំពងក្នុងប្រេងដែលមានសីតុណ្ហភាពខ្ពស់បញ្ចេញរ៉ាឌីកាល់សេរីដែលអាចបំផ្លាញកោសិកាស្បែក។ ការប៉ះពាល់នឹងរ៉ាឌីកាល់សេរីបង្កើនល្បឿនភាពចាស់នៃស្បែក។ វាប៉ះពាល់ដល់ម៉ូលេគុល DNA និងធ្វើឱ្យភាពយឺតរបស់ស្បែកចុះខ្សោយ។
ការផ្លាស់ប្តូររបបអាហារបន្តិចបន្តួចអាចថែរក្សាស្បែក និងធ្វើឱ្យស្បែកស្អាតពីខាងក្នុង។ការប្រើប្រាស់ផលិតផលថែរក្សាស្បែកអាចដោះស្រាយបញ្ហាស្បែកផ្នែកខាងលើប៉ុណ្ណោះ។ ការញ៉ាំអាហារល្អមិនត្រឹមតែល្អចំពោះសុខភាពស្បែកទេ ថែមទាំងធ្វើឱ្យយើងមានសុខភាពល្អទៀតផង។