មានស្ត្រីមួយចំនួនក្រោយសម្រាលកូនរួច សុដន់តែងតែយារធ្លាក់ ហើយប្រែរូបរាងជានិច្ច ដោយសារតែគេថែមិនបានល្អ។ ដូចនេះខាងក្រោមនេះយើងខ្ញុំនឹងប្រាប់អ្នកពីវិធីក្នុងការការពារមិនឲ្យសុដន់អ្នកយារធ្លាក់បាន។ តើមានអ្វីខ្លះទៅ?
- នៅពេលដែលអ្នកស្ថិតក្នុងដំណាក់កាលបំបៅទឹកដោះកូន អ្នកត្រូវតែពាក់អាវក្នុង ព្រោះនៅពេលដែលអ្នកមានទឹកដោះច្រើន បើអ្នកមិនពាក់អាវក្នុង វានឹងអាចយារធ្លាក់ចុះមកក្រោមបាន ដោយសារតែវាធ្ងន់ពេក។
- នៅពេលដែលអ្នកបំបៅទឹកដោះដល់កូន អ្នកត្រូវតែប្រើវិធីត្រឹមត្រូវ ទើបសុដន់អ្នកមិនប្រែរូបរាង ដោយអ្នកត្រូវតែឲ្យកូនបៅសងខាង មិនត្រូវឲ្យបៅតែម្ខាងឡើយ ទើបវាមិនខូចរូបរាង។
- អ្នកអាចយកដៃនាង ដៃកណ្តាល និងចង្អុលដៃផ្គុំចូលគ្នា រួចម៉ាស្សារាងជារង្វង់ជុំវិញសុដន់អ្នក នោះវានឹងជួយរក្សាសុដន់អ្នកឲ្យនៅស្អាតជានិច្ច។
- នៅពេលដែលអ្នកងូតទឹក អ្នកអាចប្រើទឹកក្តៅ និងត្រជាក់ ដោយប្តូរគ្នាបាញ់លើសុដន់អ្នក នោះវានឹងអាចធ្វើឲ្យឈាមដើរស្រួល ជាហេតុដែលអាចជួយរក្សាសុដន់អ្នកមិនឲ្យខូចរូបរាងឡើយ។
- អ្នកមិនត្រូវព្រោះតែចង់មានរាងស្អាត ហើយតមមិនបរិភោគអាហារនោះទេ ព្រោះវាអាចធ្វើឲ្យសុដន់អ្នកខូចមិនស្អាតឡើយ ដូចនេះអ្នកគួរតែទ្រាំបានរយៈពេលមួយឆ្នាំ នោះវានឹងចាប់ផ្តើមត្រឡប់មករូបរាងដើមវិញហើយ។
- អ្នកអាចពិសារអាហារមួយចំនួនដែលមានពពួកវីតាមីនB និងE ព្រោះវាសុទ្ធតែល្អចំពោះរូបរាងនៃសុដន់អ្នក ម្យ៉ាងទៀតអ្នកក៏អាចពិសារអាហារមួយចំនួនទៀតដូចជា ៖ ស៊ុត ទឹកដោះគោ ពពួកសណ្តែក ការ៉ុត មើមឈូក សណ្តែកដី ទំពាំងបាយជូរ និងល្ងរជាដើម នោះសុដន់អ្នកនឹងប្រែជាស្អាត៕