បើយោងតាមអ្នកឯកទេសផ្នែកជំងឺថ្លើម នៅប្រទេសចិនបានឲ្យដឹងថា ជាតិពុលទាំងអស់ដែលត្រូវបានផលិតនៅពេលការរំលាយអាហារ ត្រូវបានឆ្លងកាត់ថ្លើម។ ទាំងការបញ្ចេញជាតិពុល និងបញ្ចេញខ្លាញ់ ដូច្នេះថ្លើម គឺជាសរីរាង្គដែលងាយរងគ្រោះថ្នាក់បំផុត។
នៅពេលមុខងារថ្លើមចុះខ្សោយ សរីរាង្គដទៃទៀតក៏ទទួលរងនូវផលប៉ះពាល់ដូចគ្នាដែរ ដូច្នេះអ្នកត្រូវថែរក្សាថ្លើម ឲ្យបានល្អ ដោយជៀសវាងទម្លាប់អាក្រក់ទាំងនេះ។
គេងមិនគ្រប់
មនុស្សដែលមានទម្លាប់គេងមិនគ្រប់គ្រាន់ ងាយនឹងប៉ះពាល់ដល់ថ្លើម ព្រោះនៅពេលរាងកាយសម្រាកសរីរាង្គទាំងអស់នៃរាងកាយនឹងធ្វើការជួសជុលភាពខូចខាតដោយខ្លួនឯង។ ប៉ុន្តែបើរាងកាយសម្រាកមិនបានគ្រប់គ្រាន់ទេនោះ ប្រព័ន្ធការពាររាងកាយនឹងចុះខ្សោយ ហើយសូម្បីតែថ្លើម ក៏ដូចគ្នាដែរ។
ដើម្បីជៀសវាងជំងឺថ្លើម អ្នកគួរតែលៃលកគេងឲ្យបាន ៧ម៉ោងក្នុងមួយយប់ ដើម្បីថ្លើមមានលទ្ធភាពអាចកម្ចាត់ជាតិពុល និងពង្រឹងសុខភាពឲ្យប្រសើរឡើងវិញ។
ទប់នោម
ការបញ្ចេញជាតិពុល ត្រូវបានអនុវត្តចម្បងតាមរយ:ការបញ្ចេញញើស បត់ជើងតូច និងបត់ជើងធំ។ ជាពិសេស ទម្លាប់នោម ជារៀងរាល់ព្រឹកដើរតួនាទីយ៉ាងសំខាន់សម្រាប់សុខភាព ព្រោះនៅពេលគេងជាតិពុលនឹងប្រមូលផ្តុំនៅក្នុងរាងកាយ។ ប៉ុន្តែប្រសិនបើអ្នកទុកយូរ មិនប្រញាប់បញ្ចេញចោលទេ វានឹងដាក់បន្ទុកខ្លាំងទៅលើថ្លើម។ ហេតុនេះហើយ ការឆាប់បញ្ចេញនោម គឺជាមធ្យាបាយក៏ល្អបំផុតក្នុងការកម្ចាត់ជាតិពុលចេញពីរាងកាយ។
ញ៉ាំអាហារច្រើនពេក
ប្រសិនបើអ្នកញ៉ាំអាហារច្រើនពេក វានឹងបង្កើនបន្ទុកទៅលើបំពង់រំលាយអាហារ ហើយអាចបណ្តោលឲ្យកើតមានខ្លាញ់ក្នុងថ្លើម។ លើសពីនេះ ប្រសិនបើមុខងារថ្លើមចុះខ្សោយ រ៉ាឌីកាល់សេរី នឹងមានឱកាសបង្កើតឡើងនៅក្នុងខ្លួនកាន់តែច្រើន។
មិនញ៉ាំអាហារពេលព្រឹក
មនុស្សជាច្រើនប្រហែលជាមិនទាន់ដឹងទេថា ការញ៉ាំអាហារពេលព្រឹក បានទៀងទាត់ អាចជួយការពារថ្លើម និងក្រពះឲ្យមានសុខភាពល្អ។ លើសពីនេះ វាក៏អាចជួយកាត់បន្ថយអត្រានៃជំងឺមហារីក ទឹកនោមផ្អែម រលាកលំពែង និងទល់លាមកផងដែរ។ ផ្ទុយទៅវិញ ប្រសិនបើអ្នកមិនញ៉ាំអាហារពេលព្រឹកទេនោះ អាចនាំឲ្យមានផលអាក្រក់ដល់ថ្លើម និងសុខភាពទូទៅ។
ក្រៅពីទម្លាប់ខាងលើនេះ ការទទួលទានស្រា ការចូលចិត្តទទួទានអាហារកែច្នៃ និងលេបថ្នាំច្រើនពេក ក៏អាចបង្កឲ្យថ្លើមរងនូវគ្រោះថ្នាក់ដូចគ្នាដែរ។ ដូច្នេះ ប្រសិនជាអាច អ្នកគួរតែកាត់បន្ថយទម្លាប់ទាំងអស់នេះ ឬឈប់ផ្អាកតែម្តងគឺកាន់តែប្រសើរ៕