អ្នកជំងឺទឹកនោមផ្អែមទាំងពីរប្រភេទ អាចប្រឈមហានិភ័យខ្ពស់កើតជំងឺបេះដូងជាងមនុស្សធម្មតា។ ព្រោះថាជំងឺបេះដូងភាគច្រើនកើតឡើង ដោយសារការមិនបានគ្រប់គ្រងសម្ពាធឈាមបានល្អ បូករួមទាំងជាតិស្ករ និងខ្លាញ់ជាដើម។ ហេតុដូច្នេះហើយ អ្នកជំងឺទឹកនោមផ្អែមដែលមិនទាន់ឈានទៅរកជំងឺបេះដូងត្រូវដឹង និងការពារចំណុចនេះ។
តាមការចុះផ្សាយរបស់មជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺឆ្លង(CDC) អាមេរិកបានបង្ហាញថា ជាច្រើនឆ្នាំកន្លងមកនេះ គេសង្កេតឃើញការកើនឡើងជាតិស្ករក្នុងឈាមរបស់អ្នកទឹកនោមផ្អែម អាចបណ្ដាលឲ្យប៉ះពាល់ទៅសរសៃឈាមតូចធំ និង ប្រព័ន្ធប្រសាទគ្រប់គ្រងទៅលើបេះដូង។
ក្រៅពីការកើនឡើងជាតិស្ករ អ្នកជំងឺទឹកនោមផ្អែមអាចប្រឈមនឹងបញ្ហាបីយ៉ាងផ្សេងទៀតងាយបង្កទៅជាជំងឺបេះដូងបាន ដូចជា ការកើនឡើងសម្ពាធឈាម ការកើនឡើងកូលេស្ដេរ៉ូលអាក្រក់ក្នុងសរសៃឈាម និងការកើនឡើងកំណកខ្លាញ់បណ្ដាលឲ្យក្រិនសរសៃឈាមជាដើម។
កត្ដាមួយចំនួនដែលបណ្ដាលឲ្យអ្នកទឺកនោមផ្អែមជួបបញ្ហាទាំងនេះដូចជា ការជក់បារី ការលើសទម្ងន់ បញ្ហាធាត់ រាងកាយមិនសូវមានសកម្មភាព ការញ៉ាំអាហារប្រៃ ញ៉ាំអាហារខ្លាញ់ និងផឹកគ្រឿងស្រវឹង។
តើជំងឺបេះដូងប្រភេទណាប្រឈមកើតលើអ្នកទឹកនោមផ្អែមច្រើន?
អ្នកទឹកនោមផ្អែមភាគច្រើនប្រឈមកើតជំងឺខ្សោយបេះដូងច្រើន។ ជំងឺខ្សោយបេះដូងគឺជាលក្ខខណ្ឌមួយដែលដំណើរការបេះដូងមិនអាចធ្វើការច្របាច់ឈាមបញ្ជូនទៅសរីរាង្គកាយបានល្អ។ ករណីនេះអ្នកជំងឺអាចប្រឈមផលវិបាកដូចជា ការហើមជើង កើនឡើងសារធាតុរាវក្នុងសួតដែលជាមូលហេតុធ្វើឲ្យអ្នកជំងឺពិបាកដកដង្ហើម។ ជំងឺខ្សោយបេះដូងនឹងវិត្ដកាន់តែខ្លាំងទៅៗ ប្រសិនជាមិនបានព្យាបាលឲ្យត្រឹមត្រូវនោះទេ។
វិធីការពារជំងឺបេះដូងពីជំងឺទឹកនោមផ្អែម
អ្នកកើតជំងឺទឹកនោមផ្អែម មិនប្រាកដថាត្រូវកើតជំងឺបេះដូងទាំងអស់នោះទេ ប្រសិនបើអនុវត្ដនូវិធីសំខាន់ៗទាំងនេះបាន ដូចជា៖
គ្រប់គ្រងរបបអាហារ៖ បង្កើនការញ៉ាំបន្លែ ផ្លែឈើ មានសារធាតុចិញ្ចឹមគ្រប់គ្រាន់ និងពពួកប្រូតេអ៊ីន ដែលផ្ដល់អត្ថប្រយោជន៍ដល់សុខភាព។ ត្រូវកាត់បន្ថយប្រភេទអាហារខ្លាញ់ អាហារប្រៃ និង ពពួកភេសជ្ជៈមានជាតិស្ករខ្ពស់ បូករួមទាំងជាតិស្រវឹង។
សម្រកគីឡូ ៖ សម្រកគីឡូក៏ជារឿងចាំបាច់ត្រូវធ្វើផងដែរ ព្រោះការសម្រកគីឡូអាចកាត់បន្ថយហានិភ័យនៃការកើនឡើងខ្លាញ់ក្នុងសរសៃឈាម និង ជាតិស្ករផងដែរ។ រក្សាទម្ងន់ស្របតាមកម្ពស់ស្ដង់ដារ ទើបជាវិធីល្អសម្រាប់សុខភាព។
ហាត់ប្រាណជាប្រចាំ៖ ការហាត់ប្រាណជាប្រចាំជួយឲ្យរាងកាយមានសកម្មភាព ប្រើប្រាស់ថាមពលដែលអាចជួយគ្រប់គ្រងជាតិស្ករ និង សម្រួលសរសៃឈាមបេះដូង។ ចូរបង្កើតទម្លាប់ហាត់ប្រាណឲ្យបាន ១៥០នាទី ក្នងមួយសប្ដាហ៍គឺជាទម្លាប់ល្អ។
គ្រប់គ្រងស្ដ្រេស៖ ស្ដ្រេសក៏ជាមេបញ្ហាមួយដែលដាក់សម្ពាធទៅលើសុខភាពបេះដូងផងដែរ។ តួយ៉ាងការកើតស្ដ្រេសជាប្រចាំ អាចរុញច្រានជីវិតមនុស្សម្នាក់ធ្លាក់ទៅក្នុងទម្លាប់មិនល្អ ដូចជាការជក់បារី ផឹកស្រាច្រើន និង ញ៉ាំច្រើនផងដែរ ហេតុដូច្នេះហើយការគ្រប់គ្រងស្ដ្រេសក៏ជារឿងសំខាន់ ៕