អាការៈជំងឺមហារីកភាគច្រើនគឺស្រដៀងគ្នានឹងជំងឺ ឬបញ្ហាផ្សេងៗទៀតណាស់ ដូច្នេះយើង វាពិតជាងាយនឹងធ្វើឲ្យយើងមិនរំលងខ្លាំងណាស់។ គ្រូពេទ្យជាច្រើននិយាយថា ចូរស្វែងយល់ឲ្យច្បាស់ពីរាងកាយខ្លួនឯង បើសិនជាអ្នកសម្គាល់ឃើញថា មានការប្រែប្រួលជាច្រើនដែលកើតឡើងជាប់រហូត ឬមានការឈឺចាប់ដែលមិនធម្មតារហូតដល់ធ្ងន់ធ្ងរទៅៗ ចូរទៅជួបគ្រូពេទ្យភ្លាម។
ខាងក្រោមនេះ ខ្ញុំនឹងបង្ហាញនូវអាការៈជំងឺមហារីកភ្លាមៗមួយចំនួនដែលស្ត្រីគ្រប់រូបគួរតែកត់សម្គាល់ឲ្យបានលឿន៖
ហើមពោះ
មនុស្សស្រីគឺងាយនឹងហើមពោះណាស់ ហើយសុខៗក៏ហើមដែរ។ ប៉ុន្តែវាមិនមែនជារឿងដែលត្រូវខ្វល់ឡើយបើសិនជាវាកើតឡើងត្រឹមតែ ១ ទៅ២សប្តាហ៍ហើយបាត់ទៅវិញ។ បើសិនជាអាការៈនេះមិនធូរស្រាលទេ ហើយស្រកទម្ងន់ទៀត ឬធ្លាក់ឈាម ចូរទៅជួបគ្រូពេទ្យ។ ការដែលហើមពោះជាប់ អាចជាសញ្ញាមួយនៃជំងឺមហារីក ជាពិសេស មហារីកសុដន់ ពោះវៀនធំ ក្រពះពោះវៀន ក្រពេញអូវ៉ែ ស្បូន ឬលំពែង។ អាស្រ័យទៅតាមអាការៈផ្សេងៗទៀត អ្នកនឹងត្រូវធ្វើតេស្តច្រើនទៀតរួមទាំងតេស្តឈាម ឬការពិនិត្យរាងកាយ ការថតឆ្លុះពោះវៀនធំ ការថតសុដន់ CT ស្គេន ឬអេកូ។
ឈាមក្នុងលាមក
ឈាមក្នុងលាមកអាចជារឿងគួរឲ្យខ្លាច។ ប៉ុន្តែមនុស្សភាគច្រើនគិតទៅលើជំងឺឬសដូងបាត ដោយសារតែទល់លាមក។ ខណៈពេលដែលជំងឺឬសដូងបាតជារឿងដែលកើតឡើងញឹកញាប់បំផុត តែការមានវត្តមានឈាមក្នុងលាមកមិនគួរណាមិនខ្វល់ ឬមិនទៅជួបពេទ្យឡើយ។ វត្តមានឈាមក្នុងលាមកអាចបញ្ជាក់អំពីបញ្ហាធ្ងន់ធ្ងរជាច្រើនដូចជា មហារីកពោះវៀនធំ ជាពិសេសអ្នកដែលមានអាយុក្រោម ៥០ឆ្នាំ។
សុដន់ប្រែប្រួល
ស្ត្រីគឺដឹងច្បាស់ជាងគេថា បើមានដុំអីមួយក្នុងសុដន់អាចជាសញ្ញាមួយនៃជំងឺមហារីកសុដន់ហើយ។ ប៉ុន្តែសុដន់ដែលមានស្នាមខួចគឺមិនសូវជារោគសញ្ញាដែលគេដឹងច្រើនឡើយ តែវាជាសញ្ញាធ្ងន់ធ្ងរ។ អាការៈជំងឺមហារីកសុដន់ផ្សេងទៀតរួមមាន ឈឺតឹងក្នុងសុដន់ ហើម ក្បាលសុដន់លឹបចូលក្នុង និងស្បែកប្រែពណ៌។
ក្អករ៉ាំរ៉ៃ
តើវាជាអាឡែហ្ស៊ី ផ្តាសាយ ឬអ្វីផ្សេងទេ? មនុស្សគ្រប់គ្នាសុទ្ធតែមិនអាចចៀសផុតពីការមានជំងឺទេ ប៉ុន្តែបើសិនជាអ្នកក្អកយូរបំផុត ២សប្តាហ៍ឡើងទៅ ហើយមិនមានអាការៈផ្តាសាយផ្សេងៗទៀតទេ វាប្រហែលជាអាការៈរបស់ជំងឺមហារីកគ្រាប់ឈាមស ឬសួតហើយ។ ការក្អកធ្លាក់ឈាមគឺជាភ្លើងក្រហមមួយដែលអ្នកត្រូវទៅជួបពេទ្យ។
អស់កម្លាំង
ស្ត្រីភាគច្រើនគឺអស់កម្លាំងដោយសារតែជីវិតដ៏មរមាញឹក។ ប៉ុន្តែការអស់កម្លាំងខ្លាំងដែលមិនព្រមបាត់ទៅវិញទេ មិនមែនជារឿងធម្មតាឡើយ។ ចូរទៅជួបគ្រូពេទ្យបើសិនជាការអស់កម្លាំងរបស់អ្នកមិនបានធូរស្រាលទេ ឬមានអាការៈផ្សេងៗទៀតដូចជា មានឈាមក្នុងលាមកជាដើម។
ក្តៅខ្លួន
ការក្តៅខ្លួនដែលមិនបាត់ទៅវិញ ឬមិនអាចពន្យល់បាន អាចមានន័យថា មានជំងឺមហារីកឈាម ឬមហារីកគ្រាប់ឈាមស។ គ្រូពេទ្យនឹងស្វែងរកជំងឺនេះបន្ថែមតាមរយៈការបញ្ជាក់អំពីប្រវត្តិជំងឺ និងពិនិត្យរាងកាយដើម្បីរកមូលហេតុ៕