សម្ពាធឈាមដែលល្អគួរតែតិចជាង ១២០/៨០ mmHg។ ការលើសសម្ពាធឈាមអាចធ្វើឲ្យជីវិតស្ថិតនៅក្នុងភាពគ្រោះថ្នាក់បាន ដោយសារតែវាអាចទៅបំផ្លាញសរសៃឈាមអាក់ទែ ដែលនាំឲ្យសរសៃឈាមរួមតូច រហូតដល់ក្លាទៅជាគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាលបាន។ ជាអកុសល មានទម្លាប់ចង្រៃប្រចាំថ្ងៃមួយចំនួនដែលធ្វើឲ្យសម្ពាធឈាមមនុស្សយើងចេះតែកើនឡើង រហូតដល់លើសសម្ពាធឈាម ហើយភាគច្រើនយើងមិនបានចាប់អារម្មណ៍ពីទម្លាប់ទាំងនេះទេ។ តើវាមានអ្វីខ្លះទៅ?
ជក់បារី
ការជក់បារីគឺជារឿងមិនល្អស្រាប់ហើយសម្រាប់បេះដូង ដោយសារតែវាធ្វើឲ្យលើសសម្ពាធឈាម។ ដូច្នេះបើសិនជាអ្នកដឹងបែបនេះហើយ តើគួរតែបន្តធ្វើឲ្យជីវិតស្ថិតក្នុងសភាពគ្រោះថ្នាក់ថែមទៀតដែរទេ?
ញ៉ាំកាហ្វេ
ជាតិកាហ្វេអ៊ីនដែលមានក្នុងកាហ្វេគឺជាសារធាតុភ្ញោច ហើយការញ៉ាំកាហ្វេមួយពែកអាចធ្វើឲ្យមានអារម្មណ៍ស្រស់ថ្លា និងថាមពល ប៉ុន្តែក៏អាចបង្កជាអាការៈមិនស្រួលដែរដូចជា ញ័រដើមទ្រូង ភ័យខ្លាច បែកញើសខ្លាំង ធីងធោង និងគេងមិនលក់បាន។ យ៉ាងណាមិញ ការញ៉ាំកាហ្វេច្រើនពេកនឹងធ្វើឲ្យលើសសម្ពាធឈាមបាន ជាពិសេសការញ៉ាំពី ២ទៅ៣ពែងក្នុងមួយថ្ងៃតែម្តង។
របៀបរស់នៅបែបស៊ីដេកៗ
វាគឺជាការពិតមួយដែលនិយាយថា សម្ពាធឈាមអាចកើនឡើងក្នុងពេល និងក្រោយពេលហាត់ប្រាណភ្លាមៗ រតែវាមិនអាចរំខានដល់សុខភាពអ្នកឡើយ ដោយសារតែវានឹងត្រឡប់មកសភាពដើមវិញ។ ជាមួយគ្នានេះដែរ ការដែលហាត់ប្រាណជាប្រចាំនឹងជួយបង្កើនសុខភាពបេះដូង និងសរសៃឈាម ព្រមទាំងមិនអាចឲ្យលើសសម្ពាធឈាមទៀត។ ដូច្នេះបើសិនជាអ្នករស់នៅបែបស៊ីដេកៗវិញ អ្នកពិតជាដឹងអំពីលទ្ធផលដោយខ្លួនឯងជាមិនខាន។
ញ៉ាំអាហារមិនផ្តល់សុខភាព
របបអាហារសម្បូរជាតិប្រៃ ឬសូដ្យូមអាចធ្វើឲ្យលើសសម្ពាធឈាម ហើយរឿងនេះក៏ធ្វើឲ្យអ្នកជំងឺលើសសម្ពាធឈាមជាច្រើនលែងចង់ញ៉ាំអាហារប្រៃទៀតដែរ។ ប៉ុន្តែការដែលញ៉ាំអាហារមានជាតិផ្អែមច្រើនក៏មានលទ្ធផលដូចគ្នាដែរ ព្រោះវានឹងជំរុញដល់ការរលាក និងឡើងទម្ងន់ឥតប្រយោជន៍។
កំពុងតែលេបថ្នាំគ្មានវេជ្ជបញ្ជា
តើវាជាទម្លាប់អ្នកដែរទេក្នុងការបេះថ្នាំបំបាត់ការឈឺចាប់មួយគ្រាប់ពីរលេបគ្រប់ពេលដែលមានអារម្មណ៍ឈឺចាប់? ដូច្នេះវាក៏មិនមានអ្វីគួរឲ្យភ្ញាក់ផ្អើលដែរត្រង់ថា វាធ្វើឲ្យសម្ពាធឈាមឡើងខ្ពស់ជាងធម្មតានោះ។ថ្នាំមួយចំនួនសម្រាប់កែរោគផ្លូវចិត្ត ប្រព័ន្ធភាពស៊ាំ និងមហារីកក៏ប្រហែលជាធ្វើឲ្យលើសសម្ពាធឈាមបានដែរ ប៉ុន្តែមិនត្រូវឈប់ប្រើដោយគ្មានការពិគ្រោះជាមួយគ្រូពេទ្យឡើយ៕