រាជធានីភ្នំពេញ ៖ ស្ទើរតែគ្រប់ពេល បុគ្គលម្នាក់ៗតែងជួបបញ្ហាតានតឹងក្នុងចិត្ត ឬ Stress ដោយពុំដឹងថា ខ្លួនកើតមានបញ្ហានេះផង ។ ប្រការនេះអាចធ្វើឱ្យលក្ខខណ្ឌជំងឺកាន់តែធ្ងន់ធ្ងរឡើង ហើយបណ្តាលឱ្យភាពមិនប្រក្រតីមួយចំនួនកើតឡើងក៏មាន ។
ជាក់ស្តែង ថ្ងៃនេះលោក នឹម ឈុន្នី គ្រូបបង្ហាត់ការធ្វើសមាធិម្នាក់បានឲ្យនៅលើបណ្តាញសង្គមថា ស្ត្រេស ឬភាពតានតឹង គឺជាហេតុផលចម្បងមួយក្នុងចំណោមហេតុផលដទៃទៀតដែលកើតមាននៅកន្លែងការងារ ឬនៅក្នុងជីវិតប្រចាំថ្ងៃ ។
ជាការពិតណាស់ ការបំបាត់ភាពតានតឹងមិនមែនជាអ្វីដែលយើងអាចធ្វើបានក្នុងមួយថ្ងៃនោះទេ ។ ប៉ុន្តែវាត្រូវការពេលវេលា និងការយកចិត្តទុកដាក់ដ៏ពេញលេញដើម្បីធ្វើការផ្លាស់ប្តូរ ។ នៅក្នុងសំនេរដ៏ខ្លីមួយនេះខ្ញុំសុំចែករំលែកនូវគន្លឹះ សាមញ្ញៗទាំង០៥ ដែលមានប្រសិទ្ធភាពដល់បងប្អូនទាំងអស់គ្នា !
១. ដង្ហើម
បិទភ្នែករបស់អ្នកមួយភ្លែត ដកដង្ហើមចូលតាមច្រមុះរបស់អ្នក ទប់វារយៈពេលពីរ បីវិនាទី បន្ទាប់មកសម្រួលដង្ហើមចេញ។ ហើយដកដង្ហើមចេញចូលតាមច្រមុះរបស់អ្នកដោយសង្កេតទៅលើចលនាខ្យល់ ដោយគិតក្នុងចិត្តថា «ខ្ញុំដកដង្ហើមចូលដោយការព្យាបាល ដកដង្ហើមចេញពីភាពតានតឹង» សារចុះសារឡើងៗ។
២. ដឹងគុណ
ការដឹងគុណប្រៀបដូចជាឱសថជួយឱ្យយើងបន្តដំណើរទៅមុខប្រកបដោយថាមពលវិជ្ជមាន ។ បើកចិត្តរីករាយជាមួយមនុស្សជុំវិញខ្លួន ហើយរៀនរីករាយជាមួយអ្វីដែលខ្លួនកំពុងធ្វើ ។
៣. ធ្វើលំហាត់ប្រាណ
អារម្មណ៍ស្ត្រេសពេលខ្លះអាចកើតឡើងនៅពេលរាងកាយរបស់យើងពោពេញដោយថាមពលអវិជ្ជមាន ដូច្នេះហើយនៅពេលយើងធ្វើលំហាត់ប្រាណ វាធ្វើឱ្យខួរក្បាលនិងរាងកាយរបស់យើង ប្រែត្រឡប់ថាមពលអវិជ្ជមានទៅជា កម្លាំងវិជ្ជមាននិងបង្កើនតុល្យភាពក្នុងខ្លួន។ ដូច្នេះប្រសិនបើអ្នកស្ថិតក្នុងភាពតានតឹងខ្លាំងអ្នកត្រូវចំណាយពេល ៣-៥នាទីសម្រាប់សម្រួលថាមពល។ ដោយក្រោកឈររៀងរាល់ ១-២ម៉ោងម្ដង ហើយលាតដៃ និងជើងរបស់អ្នកដើម្បីសម្រួលសាច់ដុំ និងសម្ពាធឈាម។
៤. សមាធិ
សមាធិជួយឱ្យអ្នកមានសមត្ថភាពរស់នៅជាមួយបច្ចុប្បន្ន ហើយរៀនស្គាល់ខ្លួនឯងបានច្រើនជាងមុន។ មូលហេតុដែលបណ្តាលឱ្យមនុស្សភាគច្រើនមានភាពតានតឹងកើតឡើងញឹកញាប់ដោយសារតែចូលចិត្តរត់ទៅរកអតីតកាល និងអនាគត ដូច្នេះហើយសមាធិអាចជួយឱ្យអ្នកបានរស់នៅផ្ទះខ្លួនឯងខ្លះ (បច្ចុប្បន្ន)។
៥. បង្កើនទម្លាប់គិតពីវិជ្ជមាន
ជាការពិតណាស់នៅពេលអ្នកមានអារម្មណ៍ធុញថប់ ឬតានតឹងវាពិតជាពិបាកក្នុងការគិតអំពីវិជ្ជមាន។ ហើយខ្ញុំក៍មិនបានប្រាប់ថាមិនឱ្យពិបាកចិត្ត ឬតានតឹងដែរ ព្រោះទាំងនេះជារឿងរបស់ជីវិត ហើយវាក៏ជាបញ្ហារបស់មនុស្សផងដែរ។
នៅពេលអ្នកមានអារម្មណ៍តានតឹង ឬធុញថប់ ចូរចំណាយពេលបន្តិចដើម្បីផ្តោតអារម្មណ៍ទៅលើគំនិតរីករាយ។ ដូចជា ៖ មើលរូបភាពអនុស្សាវរីយ៍ល្អៗកាលនៅពីកេ្មង នឹកដល់សេចក្ដីល្អដែរយើងបានធ្វើចំពោះអ្នកដទៃ ស្ដាប់ចម្រៀង ឬភ្លេងដែលខ្លួនពេញចិត្ត ផ្ងើសារទៅកាន់មនុស្សជាទីស្រលាញ់ហើយបញ្ជាក់ពីក្ដីស្រលាញ់ដែលយើងមានចំពោះពួកគាត់ ក្នុងនាមជាកូន ឪពុកម្ដាយ ជាមិត្តភ័ក្ត្រ ៕