ការឈឺចាប់ក្នុងពោះពិតជារឿងមួយគួរឲ្យសាំចិត្តខ្លាំងណាស់ ហើយបើសិនជាវាកើតឡើងដោយមិនដឹងច្បាស់ថាកន្លែងណានោះ អ្នកប្រហែលជាបារម្ភក្រែងកើតជំងឺរលាកខ្នែងពោះវៀនទៀតផង។ ដូច្នេះដើម្បីដឹងអំពីវាកាន់តែច្បាស់ យកល្អគួរតែស្វែងយល់អំពីអាការៈរបស់វាដូចខាងក្រោមនេះសិនទៅ៖
ឈឺពោះ
អាការៈភាគច្រើនរបស់ជំងឺរលាកខ្នែងពោះវៀនគឺឈឺចាប់នៅជុំវិញផ្សិត។ ជាធម្មតា វាចាប់ផ្តើមកើតឡើងតិចៗ និងខ្លាំងទៅៗបន្តិចម្តងៗ។ ការឈឺចាប់នេះច្រើនតែជាការឈឺដូចគេចាក់។
ឈឺពោះផ្នែកខាងក្រោម និងខាងស្តាំ
បើសិនជាការឈឺចាប់ចេញពីផ្នែកខាងក្រោម និងស្តាំ ចូរយកចិត្តទុកដាក់ឲ្យមែនទែន។ តំបន់មួយនេះហៅថា McBurney’s Point ដែលជាទីតាំងរបស់ខ្នែងពោះវៀន។ គ្រូពេទ្យប្រើប្រាស់វាសម្រាប់កំណត់រោគវិនិច្ឆ័យជំងឺរលាកខ្នែងពោះវៀន។ ដូច្នេះ បើសិនជាអ្នកមានអារម្មណ៍ថាឈឺចាប់ខ្លាំងនៅតំបន់នេះ ឱកាសកើតជំងឺរលាកខ្នែងពោះវៀនគឺខ្ពស់ហើយ។ ជាធម្មតាវាចាប់ផ្តើមឈឺចាប់ពី ១២ ទៅ២៤ម៉ោង។
ការឈឺចាប់ដែលមានបាត់ៗ
កុំប្រងើយកន្តើយនូវការឈឺចាប់ដែលចេះតែកើតហើយកើតទៀត។ នេះគឺជាសញ្ញានៃបញ្ហាលើខ្នែងពោះវៀនអ្នកហើយ។ វាក៏អាចកើតឡើងម្តងទៀតនៅពេលអ្នកដើរ ក្អក ឬធ្វើចលនាភ្លាមៗដែរ។ និយាយរួម រាល់ការធ្វើចលនាដោយបង្ខំគ្រប់យ៉ាងសុទ្ធតែនឹងធ្វើឲ្យឈឺចាប់បានទាំងអស់។
ចង្អោ
ជំងឺរលាកខ្នែងពោះវៀនអាចមានការឈឺចាប់ខ្លាំងគ្រប់គ្រាន់នឹងបង្កឲ្យទៅជាក្អួត។ ប៉ុន្តែទោះបីជាការឈឺចាប់នេះបាត់ទៅវិញបណ្តោះអាសន្នក៏ដោយ វាក៏អាចធ្វើឲ្យមិនមានផាសុកភាពច្រើនដែរ។ អ្នកក៏ប្រហែលជាមានអារម្មណ៍ថាខ្លួនឯងមិនស្រួលខ្លួន និងរកក្អួតជាប់ទៀតផង។
មិនឃ្លានអាហារ
ចង្អោ និងឈឺចាប់ចេញពីជំងឺរលាកខ្នែងពោះវៀនអាចនឹងញ៉ាំញីជាមួយរបបអាហារទៀត។ កាលណាអ្នកមានអារម្មណ៍ចង្អោ និងឈឺខ្លាំងបែបនេះ អ្នកពិតជាមិនងាយឃ្លានអាហារឡើយ។
ក្តៅខ្លួន
បើសិនជាអ្នកក្តៅខ្លួនខ្លាំង វាអាចជាជំងឺរលាកខ្នែងពោះវៀនបាន។ ការក្តៅខ្លួននេះត្រឹមតែក្តៅស្ទិញទេទេបូករួមនឹងគ្រុនញ៉ាក់ទៀតក៏មានដែរ។
មានបញ្ហាលើការបន្ទោបង់
កាលណាជំងឺរលាកខ្នែងពោះវៀនវិវត្តទៅមុខ វាអាចនឹងបង្កជាការទល់លាមក និងរាករូសបាន។ រឿងនេះទាក់ទងនឹងមិនញ៉ាំអាហារ និងចង្អោ។ បើសិនជាអ្នកមានអាការៈទាំងនេះ ចូរញ៉ាំទឹកឲ្យបានច្រើន និងពិគ្រោះជាមួយគ្រូពេទ្យផង៕