តើអ្នកមានដឹងទេថា ហេតុអ្វីបានជាអ្នកចេះតែឈឺក្បាលមិនព្រមឈប់នោះ ? ពេលខ្លះក្រៅពីជំងឺប្រចាំកាយ វាអាចនឹងមាននូវកត្តាផ្សេងៗជាច្រើនទៀត ដែលអាចធ្វើអោយអ្នកជួបនូវបញ្ហានេះបាន ។
សូមក្រលេកមើលពីមូលហេតុមួយចំនួនខាងក្រោមនេះ ដែលគេជឿថា វាសុទ្ធតែអាចធ្វើអោយអ្នកឈឺក្បាលបាន ៖
១.ចៅហ្វាយរបស់អ្នក
ជាការពិតណាស់ ថ្នាក់លើ ឬ ប្រធានរបស់អ្នក គឺពិតជាអាចដាក់បន្ទុកកាងារ អោយអ្នកឈឺក្បាលបាន ។ មិនថា អ្វីក៏ដោយ អោយតែបានដាក់សម្ពាធទៅដល់ផ្លូវចិត្ត និង អារម្មណ៍របស់អ្នក វាសុទ្ធតែអាចធ្វើអោយអ្នក ងាយរងនឹងមានឱកាស ប្រឈមនឹងការមានសម្ពាធនៅក្នុងក្បាល ឬ មានអាការៈឈឺក្បាលប្រកាំងបាន។ នៅពេលដែលអ្នកមិនអាច ធ្វើតាមនូវរាល់តម្រូវការរបស់ចៅហ្វាយនាយ នោះអ្នកប្រាកដជាជួបនឹង បញ្ហានេះ ជាក់ជាមិនខានឡើយ។
២. កត្តាអាកាសធាតុ
នៅពេលដែលមានបម្រែលបម្រូលអាកាសធាតុជាប្រចាំ នោះវាក៏នឹងងាយធ្វើអោយអ្នករងនូវការឈឺ ក្បាលលក្ខណៈប្រកាំងបានផងដែរ។ មិនថា អាកាសធាតុប្រែប្រួលពីត្រជាក់ទៅក្តៅ ឬ ពីក្តៅ ទៅត្រជាក់ សុទ្ធតែអាចធ្វើអោយអ្នក ឈឺក្បាលបានដូចគ្នា ។ ដោយសារតែយើងមិនអាចគេចពីបញ្ហានេះបាន នោះអ្នក គួរធ្វើការការពារខ្លួនអ្នក អោយបានល្អពីការប្រឈមនឹង កម្តៅថ្ងៃក្តៅខ្លាំង ដោយការពាក់វ៉ែនតាការពារពន្លឺ, ពាក់មួក ,ព្យាយាមស្ថិតនៅក្នុងម្លប់អោយបានច្រើន និងជាពិសេសនោះ ត្រូវបង្គ្រប់សារធាតុរាវអោយបានគ្រប់គ្រាន់។
៣.ក្លិន
មិនថាក្លិនប្រភេទណានោះទេ បើទោះជាខ្លាំង ឬ ខ្សោយសុទ្ធតែអាចជះឥទ្ធិពលលើអ្នក បានដូចគ្នា ។ គឺដោយសារតែវាអាចជះឥទ្ធិពលរំខានដល់ ប្រព័ន្ធប្រសាទរបស់យើងបាន។ មូលហេតុជាឬសគល់ចំបងនោះ មានដូចជាក្លិនទឹកថ្នាំលាបផ្ទះ,ក្លិនទឹកអប់, ឬ ប្រភេទក្លិនផ្កាជាក់លាក់ណាមួយ ដែលអ្នកមិនអាចទទួលយកបាន។
៤. គ្រឿងតុបតែងសក់
វិធីនៃការតុបតែងសក់ ឬ ការប្រើដង្កៀបនៅលើសក់ សុទ្ធតែអាចដាក់សម្ពាធដល់ក្បាលរបស់អ្នក។ ការចងសក់តឹងពេក អាចនឹងធ្វើអោយសសៃឈាម និង ជាលិកានៅលើស្បែកក្បាលរួមចង្អៀត ដែលនឹង បង្កអោយអ្នកឈឺក្បាលបានផងដែរ។ ម្យ៉ាងវិញទៀត ការប្រើដង្កៀបកៀបសក់, ការក្រងសក់ ឬ ការពាក់មួកតឹងណែន គឺសុទ្ធតែអាចបង្កបាននូវបញ្ហាដូចគ្នាននេះដែរ។ ប្រសិនបើបញ្ហាឈឺក្បាលកើតមាន នោះអ្នក គួរធ្វើការដោះវាចេញ និង ធ្វើម៉ាស្សាដល់ស្បែកក្បាលរបស់អ្នក អោយបានល្អ។
៥.ការធ្វើលំហាត់ប្រាណ
ការធ្វើលំហាត់ប្រាណ ក្នុងកម្រិតខ្លាំងក្លាពេក ក៏អាចធ្វើអោយអ្នកឈឺក្បាលបានផងដែរ ។ អាការៈនេះ ហាក់នឹងងាយកើតមាន ចំពោះក្រុមមនុស្សដែលឆាប់ប្រឈមនឹងជំងឺឈឺក្បាលប្រកាំង។
៦. ការដាក់ស្ថានភាពដងខ្លួនមិនបានត្រឹមត្រូវ
ការដាក់ស្ថានភាពដងខ្លួន មិនត្រឹមត្រូវល្អ ខណៈពេលដែលអ្នកកំពុងអង្គុយធ្វើការ ឬ រៀននៅក្នុងថ្នាក់នោះ ក៏អាចធ្វើអោយអ្នកមានអាការៈឈឺក្បាលបានផងដែរ ។ ឧទាហរណ៍ការ អង្គុយកោងខ្នង, ការនិយាយទូរសព្ទដោយប្រើស្មារ កៀបនឹងត្រចៀក ,ការប្រឹងសម្លឹងកញ្ចក់កុំព្យូទ័រដែលនៅជិត ឬ ឆ្ងាយពេក គឺសុទ្ធតែជាមូលហេតុដែលអាចនាំអោយអ្នកឈឺក្បាលបាន។
៧. ការមិនទទួលទានអាហារនាពេលណាមួយ
ប្រសិនបើអ្នកមិនព្រមធ្វើការទទួលទានអាហារ ក្នុងពេលណាមួយ នោះក្បាលរបស់អ្នកនឹងចាប់ផ្តើមឈឺ មុនពេលដែលអ្នកចាប់ស្រេកឃ្លាន។ បញ្ហានេះកើតឡើងបានដោយសារតែជាតិស្ករ នៅក្នុងឈាមអ្នកចុះទាប។
៨.ការជក់បារី
ការជក់បារីមិនត្រឹមតែអាចប៉ះពាល់ដល់អ្នកជក់នោះទេ សូម្បីតែអ្នកដែលហិតផ្សែងវា ក៏អាចនឹងប្រឈមនឹងបញ្ហានេះបានផងដែរ។ វាអាចធ្វើអោយយើងឈឺក្បាលបាន ដោយសារតែវាបានធ្វើអោយ សសៃឈាមរួមតូច។ ដូច្នេះការបញ្ឈប់ការជក់បារី ឬ ស្ថិតអោយឆ្ងាយពីក្រុមអ្នកជក់បារី គឺអាចបង្ការបញ្ហានៃការឈឺក្បាលនេះបាន។
៩. សារជាតិកាហ្វេអ៊ីន
ជាការពិត ការទទួលទាននូវសារជាតិកាហ្វេអ៊ីន ក្នុងកម្រិតសមស្រប វាអាចនឹងផ្តល់អត្ថប្រយោជន៍ដល់អ្នក តែប្រសិនបើអ្នកទទួលទានវាច្រើនជ្រុល នោះវានឹងធ្វើអោយអ្នកមានអាការៈឈឺក្បាលបាន ជាក់ជាមិនខានឡើយ៕