ឧស្សាហ៍គេងមិនលក់មែនទេ? បើពិបាកគេងលក់អ្នកគួរបញ្ឈប់ការទទួលទានកាហ្វេ ភេសជ្ជៈកំប៉ុងមានជាតិហ្គាស រួមទាំងអាហារភេសជ្ជៈផ្សេងទៀតដែលមានផ្ទុកជាតិកាហ្វេអ៊ីនក៏ដូចជាមានផ្ទុកជាតិអាស៊ីតអាហារហឹរដែលអាចបង្កបញ្ហាច្រាលទឹកអាស៊ីតក្រពះ ពិសេសកំឡុងពេលល្ងាច ឬមុនពេលចូលគេង។ទោះជាយ៉ាងណាការគេងមិនលក់ក៏អាចបណ្ដាលមកពីបញ្ហាសុខភាពមួយចំនួនផងដែរ។
ថាតើបញ្ហាសុខភាពអ្វីខ្លះទៅដែលអាចបង្កអាការៈគេងមិនលក់? យើងនឹងបង្ហាញឱ្យដឹងពីបញ្ហាសុខភាពដែលបង្កអោយគេងមិនលក់ ៖
១. ជំងឺទឹកនោមផ្អែមប្រភេទទី ២
មួយក្នុងចំណោមរោគសញ្ញាដែលផ្សារភ្ជាប់នឹងជំងឺនេះ គឺការបែកញើសពេលយប់ដោយសារជាតិស្ករធ្លាក់ចុះទាបកំឡុងពេលនេះ និងនោមញឹកដែលនាំឱ្យអ្នកពិបាកនឹងគេងលក់ណាស់។
២. ជំងឺធ្លាក់ទឹកចិត្ត
ផលវិបាកមួយនៃជំងឺធ្លាក់ទឹកចិត្ត គឺការគេងមិនលក់។ ហើយនៅពេលអ្នកមិនបានគេងសោះនោះ អ្នកនឹងមានអារម្មណ៍មិនស្រួលដែលអាចធ្វើឲ្យបញ្ហានៃការធ្លាក់ទឹកចិត្តកាន់តែធ្ងន់ធ្ងរឡើង។ លើសពីនេះទៅទៀត នៅពេលអ្នកគេងមិនបានគ្រប់នោះអ្នកប្រាកដជាងាយនឹងមានអារម្មណ៍សោកសៅមិនសប្បាយចិត្តនៅថ្ងៃបន្ទាប់។
៣. អស់រដូវ
ស្ត្រីសឹងតែគ្រប់រូបមានការព្រួយបារម្ភពីថ្ងៃដែលការអស់រដូវឈានមកដល់។ នោះក៏ព្រោះតែបញ្ហានេះអាចបង្កអាការៈគួរអោយរំខានជាច្រើន រួមទាំងការគេងមិនលក់។ ហេតុអ្វីទើបស្ត្រីអស់រដូវពិបាកក្នុងការគេងលក់?នោះក៏ព្រោះតែពួកគេត្រូវជួបប្រទះបញ្ហាបែកញើសច្រើន ឬអារម្មណ៍ក្ដៅភាយដែលជារោគសញ្ញាទូទៅបំផុតនៃការអស់រដូវ។
៤. ច្រាលទឹកអាស៊ីតក្រពះ
ប្រសិនបើអ្នកចង់គេងបានស្កប់គ្រប់គ្រាន់ក្នុងមួយយប់ៗ ចូរធ្វើយ៉ាងណាចៀសឱ្យផុតពីបញ្ហាច្រាលអាស៊ីតក្រពះ។ នេះក៏ព្រោះតែវាអាចបង្កអាការៈក្រហាយទ្រូងដែលងាយនឹងប្រែជាធ្ងន់ធ្ងរឡើងនៅពេលគេង។ ជាពិសេសប្រសិនបើអ្នកបានទទួលទានអាហារសម្បូរខ្លាញ់មិនល្អ, សម្បូរជាតិអាស៊ីត ឬអាហារហឹរៗផង។ ទោះជាយ៉ាងណាការផ្លាស់ប្ដូររបបអាហារ និងរបៀបរស់នៅប្រចាំថ្ងៃខ្លះអាចជួយដោះស្រាយបញ្ហាច្រាលអាស៊ីតក្រពះ រួមបញ្ចូលទាំងបញ្ហាគេងមិនលក់បានយ៉ាងប្រសើរ។ អ្នកក៏អាចពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីប្រើប្រាស់ថ្នាំគ្រប់គ្រងបញ្ហាសុខភាពនេះបានផងដែរ។
៥. បញ្ហាក្រពេញទីរ៉ូអ៊ីត
ជំងឺក្រពេញទីរ៉ូតអ៊ីត Hyperthyroidism អាចជះផលប៉ះពាល់ដល់ការគេងលក់បានស្កប់ ខណៈដែលវាអាចធ្វើឱ្យអ្នកមានអារម្មណ៍ភ្ញាក់ៗ និងអាចបែកញើសខ្លាំងពេលយប់ផងដែរ។ ចំពោះជំងឺក្រពេញទីរ៉ូអ៊ីត Hypothyroidism អាចធ្វើឱ្យអ្នកងងុយគេងខ្លាំងនៅពេលថ្ងៃ ជាលទ្ធផលលែងសូវងងុយគេងពេលយប់។
ទោះជាយ៉ាងណា ប្រសិនបើអ្នកពិបាកនឹងគេងលក់នៅពេលយប់ អ្នកអាចនឹងទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីទទួលបានការធ្វើរោគវិនិច្ឆ័យកាន់តែច្បាស់លាស់ និងត្រឹមត្រូវ ៕