ការសិក្សាថ្មីមួយបានបង្ហាញថា បុរសដែលធាត់ពេកងាយប្រឈមមុខនឹងការស្លាប់ដោយជំងឺគាំងបេះដូង មិនថាពួកគាត់មានឬគ្មានកត្តាហានិភ័យនាំអោយមានជំងឺនៃបេះដូង-សរសៃឈាម (cardiovascular disease) នោះទេ។
ការរកឃើញនេះបានមកពីការវិភាគលើបុរសវ័យកណ្តាលចំនួន ៦០០០នាក់ ហើយវាបានបង្ហាញថាវាមានអ្វីម្យ៉ាងដែលធ្វើឱ្យការលើសទម្ងន់នាំឱ្យមានជំងឺបេះដូងទោះបីជាវាមិនមានកត្តាហានិភ័យមួយចំនួនដូចជា សម្ពាធឈាមឡើងខ្ពស់, ជំងឺទឹកនោមផ្អែម, កូឡេសស្តេរ៉ុល(cholesterol) ខ្ពស់ និងជំងឺនៃសរសៃឈាម (arterial disease)។ ប៉ុន្តែគេមិនទាន់ប្រាកដថា វាជាអ្វីនោះទេ ទោះបីជាអ្នកស្រាវជ្រាវបានណែនាំថា ការរលាក(inflammation) រ៉ាំរ៉ៃដែលតែងកើតមានរួមជាមួយនឹងការលើសទម្ងន់គឺជាកត្តាជំរុញបង្កើនគ្រោះ ថ្នាក់ នេះ។
វេជ្ជបណ្ឌិត Jennifer Logue អ្នកនិពន្ឋរបាយការណ៍ស្រាវជ្រាវនេះនៅមជ្ឈមណ្ឌលស្រាជ្រាវជំងឺបេះដូង-សរសៃឈាមនៃមូលនិធិបេះដូងអង់គ្លេសនៅសាកលវិទ្យាល័យUniversity of Glaskowនៅស្កត់លែនបាននិយាយថា “បុរសវ័យកណ្តាលដែលធាត់ពេក មានការកើនឡើងនៃអត្រាការប្រឈមមុខនឹងការស្លាប់ដោយជំងឺគាំងបេះដូង ៦០ភាគរយ ច្រើនជាងបុរសវ័យកណ្តាលដែលមិនធាត់ ទោះបីជាយើងមិនគិតពីផលប៉ះពាល់នៃ កូឡេស្តេរ៉ុល, សម្ពាធឈាម និងកត្តាគ្រោះ ថ្នាក់នៃជំងឺបេះដូង-សរសៃឈាម (cardiovascular risk factors) ផ្សេងទៀតក៏ដោយ។
នេះមានន័យថា គ្រាន់តែកត្តាធាត់ពេកតែមួយមុខនេះអាចធ្វើឱ្យមានជំងឺគាំងបេះដូងដែលអាចបណ្តាលឱ្យស្លាប់ដោយ សារតែកត្តាមួយដែលយើងមិនទាន់រកឃើញ។
វេជ្ជបណ្ឌិតJennifer Logue និងក្រុមការងាររបស់គាត់បានរាយការណ៍ពី ការអង្កេត របស់ពួក គាត់នៅ ថ្ងៃទី ១៥ កុម្ភៈ នៅក្នុងគេហទំព័រផ្សព្វផ្សាយរបស់ Heart ថា ដើម្បីស្រាវជ្រាវ ពីការរក ឃើញ មួយនេះ ពួកគាត់បានចំណាយពេលជិត ១៥ឆ្នាំ ក្នុងការតាមដានបុរសចំនួន ៦០៨២ នាក់ ដែលមានជាតិ កូឡេស្តេរ៉ុល ខ្ពស់ ប៉ុន្តែមិនធ្លាប់មានជំងឺបេះដូងឬទឹកនោមផ្អែម។
បន្ទាប់ពីការសិក្សារួចរាល់ ពួកគាត់បានកត់សម្គាល់ថា មានបុរស ២១៤ នាក់ បានស្លាប់ដោយសារជំងឺបេះដូងរួមជាមួនឹងការគាំងបេះដូងនិងដាច់សរសៃឈាមក្នុងខួរក្បាលចំនួន ១០២៧ នាក់ ប៉ុន្តែមិនស្លាប់។
ពួកគាត់បានបញ្ជាក់ថា ការធាត់ពេកនឹងធ្វើឱ្យឱកាសដែលមានជំងឺពាក់ព័ន្ធនឹងជំងឺបេះដូងកាន់តែកើនឡើង។ មានន័យថា ទោះបីជាក្រោយពីការដកចេញនូវកត្តាពាក់ព័ន្ធ ដូចជា អាយុនិងការជក់បារីក៏ដោយ គ្រោះថ្នាក់របស់បុរសធាត់ដែលមាន body mass index (BMI) ចន្លោះពី ៣០ និង ៣៩.៩ នៅតែមានអត្រាគ្រោះថ្នាក់ច្រើនជាងបុរសមិនធាត់ ៧៥ភាគរយ។
ម្យ៉ាងវិញទៀត ទោះជាការបូកបញ្ចូលទាំងកត្តាគ្រោះថ្នាក់ដូចជា សម្ពាធឈាមខ្ពស់ និងជំងឺទឹកនោមផ្អែម (រួមទាំងប្រវិត្តនៃការប្រើប្រាស់ថ្នាំ) ក៏ដោយ ឱកាសដែលបុរសធាត់ពេកនឹងកើតជំងឺបេះដូងគឺមាន ៦០ភាគរយច្រើនជាងបុរសមិនធាត់ ៕