ជាញឹកញយ «គ្រឿងស្រវឹង» តែងតែមានទទួលក្នុងកំឡុងពេលជប់លៀង និងកម្មវិធីពិសេសផ្សេងៗ ។ ដូច្នេះទោះបីជាអ្នកព្យាយាមឃ្លាំមើលសុខភាពប៉ុណ្ណាក៏ដោយ ក៏ពេលខ្លះអ្នកត្រូវទទួលទានបន្តិចដែរអោយស្របតាមកាលៈទេសៈ ។
មនុស្សម្នាក់នេះមិនមែនញៀននឹងការទទួលទានគ្រឿងស្រវឹងឡើយ គឺគេគ្រាន់តែចំណាយពេលជួបជុំមិត្តភក្តិ ឬចូលរួមកម្មវិធីជុំលៀងផ្សេងៗ រួចទទួលទានគ្រឿងស្រវឹងត្រឹមបន្តិចបន្តួចប៉ុណ្ណោះ ។ ទោះជាយ៉ាងណា តើអ្នកធ្លាប់ដឹងទេថាមានគន្លឹះសុខភាពល្អក្នុងការទទួលទានគ្រឿងស្រវឹង? ថ្ងៃនេះយើងនឹងនឹងបង្ហាញឱ្យដឹងពីរបៀបក្នុងការទទួលទានគ្រឿងស្រវឹងដើម្បីកាត់បន្ថយផលប៉ះពាល់ ៖
១. ញ៊ាំអាហារផ្សេងៗច្រើនល្មមសិនមុននឹងទទួលទានគ្រឿងស្រវឹង
ការញ៊ាំអាហារផ្សេងៗ ឬអាហារសម្រន់ខ្លះមុននឹងទទួលទានគ្រឿងស្រវឹង គឺជាវិធីដ៏ប្រសើរបំផុតមួយ ដើម្បីកាត់បន្ថយផលអវិជ្ជមានលើសុខភាពរាងកាយ ។ ជាតិអាល់កុលជះឥទ្ធិពលលើកម្រិតនៃជាតិស្ករក្នុងឈាម ហើយបង្កើនអាំងស៊ុយលីនដែលនាំអោយជាតិស្ករធ្លាក់ចុះ។ ការទទួលទានអាហារមុនពេលផឹកគ្រឿងស្រវឹងក៏ជួយការពារក្រពះពីផលប៉ះពាល់នៃជាតិអាល់កុលផងដែរ។
២. សម្រាកមុនពេល និងក្រោយពេល
ការទទួលទានគ្រឿងស្រវឹង ខណៈពេលដែលអ្នកស្ត្រេសមិនត្រឹមតែបង្កអាការៈឈឺក្បាលធីងធោងខ្លាំងប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចធ្វើអោយអ្នកក្លាយទៅជាញៀន ឬទទួលទានកាន់តែច្រើន ។ ដូច្នេះកុំព្យាយាមទទួលទានគ្រឿងស្រវឹងទាំងកំពុងមានអារម្មណ៍តានតឹង ។ ហើយគួរសម្រាក ដើម្បីសម្រាលអារម្មណ៍អោយស្ងប់ខ្លះជាមុនសិនទើបប្រសើរ។
៣. ញ៊ាំទឹកនៅមុនពេល កំឡុងពេល និងក្រោយពេលទទួលទានគ្រឿងស្រវឹង
ដើម្បីរក្សាបាននូវសុខភាពល្អ ក៏ដូចជាអត្ថប្រយោជន៍ផ្សេងៗពីគ្រឿងស្រវឹង អ្នកគួរទទួលទានវាក្នុងកម្រិតមធ្យម ។ ទោះជាយ៉ាងណា ការទទួលទានទឹក ១ កែវធំមុនពេលជួយទប់ស្កាត់មិនអោយអ្នកទទួលទានគ្រឿងស្រវឹងច្រើនលើស, ហើយចំពោះកំឡុងពេលវិញ គឺវាជួយរក្សាជាតិទឹកគ្រប់គ្រាន់ក្នុងរាងកាយ។ ខណៈដែលការទទួលទានទឹកក្រោយផឹកគ្រឿងស្រវឹងអាចជួយទប់ស្កាត់អាការៈស្រវឹងឈឺក្បាលធីងធោង។
៤. ជៀសវាងទទួលទានលាយគ្នា
គ្រឿងស្រវឹងប្រភេទផ្សេងៗសុទ្ធតែអាចបង្កផលប៉ះពាល់ចំពោះសុខភាពរាងកាយ។ ដូច្នេះដើម្បីកាត់បន្ថយឥទ្ធិពលខ្លាំងក្លាលើសុខភាព អ្នកមិនគួរទទួលទានច្រើនលាយគ្នាឡើយ។ ចំពោះប្រភេទមិនមែនជាស្រាក្រហម អ្នកគួរបន្ថែមទឹកកកចូល ដូច្នេះអ្នកនឹងអាចទទួលទានក្នុងកម្រិតមធ្យម។ ហើយការទទួលទានទឹកចន្លោះពេលទទួលទានគ្រឿងស្រវឹងក៏អាចជួយអោយអ្នកអាចដឹងថាតើផឹកអស់ប៉ុន្មាន ស្រវឹងកម្រិតណា និងពេលអ្នកណាត្រូវឈប់ ៕