ការចាស់ទៅតាមអាហារគឺជាច្បាប់ធម្មជាតិដែលមិនអាចតវ៉ា ឬបញ្ឈប់បានទេ ប៉ុន្តែយើងមានមធ្យោបាយជាច្រើនដើម្បីបន្ថយល្បឿនរបស់វាតាមរយៈការប្រើអាហារ និងផ្លែឈើដោយធម្មជាតិ។ នៅពេលអ្នកមានអាយុកាន់តែច្រើន ស្បែកនឹងមើលទៅលែងមានសំណើម និងស្ងួត ព្រមទាំងងាយខូចទៀតផង។
ខាងក្រោមនេះគឺជាមធ្យោបាយ ៤យ៉ាងដើម្បីបន្ថយល្បឿននៃការចាស់ទៅតាមអាយុ ព្រមទាំងធ្វើអោយអ្នកមើលទៅនៅក្មេងគ្រប់ពេលតែម្តង។
ទទួលទានទឹកអោយបានច្រើន
រាងកាយមនុស្សធម្មតាត្រូវបានបង្កើតឡើងដោយជាតិទឹករហូតដល់ ៦០ភាគរយ។ ដូច្នេះទឹកមានសារៈសំខាន់ណាស់សម្រាប់តម្រូវការរបស់រាងកាយ។ ការញ៉ាំទឹកក្នុងចំនួនមួយសមរម្យនឹងជួយអោយរាងសារីរាង្គកាយរបស់អ្នកមានជាតិទឹកគ្រប់គ្រាន់ និងបំពេញមុខងារកាន់តែល្អជាងមុន។ ទឹកក៏ជួយបង្ការស្បែកុំអោយខ្សោះជាតិទឹក និងមើលទៅមានភាពវ័យក្មេងគ្រប់ពេលផងដែរ។ ការញ៉ាំទឹក ៨កែវជារៀងរាល់ថ្ងៃគឺជាមធ្យោបាយដ៏ល្អបំផុតសម្រាប់សុខភាពស្បែក។ ទឹកធ្វើអោយស្បែកភ្លឺថ្លា និងកំចាត់ចោលនូវសារធាតុកាកសំណល់ពីក្នុងរាងកាយ។
កាត់បន្ថយស្ត្រេស
ស្ត្រេសគឺជាមូលហេតុដ៏សំខាន់នៃការចាស់ទៅតាមអាយុ។ កាលណាអ្នកមានបញ្ហាបាក់ទឹកចិត្តកាន់តែខ្លាំង ការឆាប់ចាស់ក៏កាន់តែលឿនដែរ។ ការស្រាវជ្រាវជាច្រើនបានរកឃើញថា ការស្ត្រេសជួយបង្កើនល្បឿននៃការចាស់ទៅតាមអាយុ។ ដូច្នេះអ្នកគួរតែធ្វើសកម្មភាពទាំងឡាយណដែលជួយបង្ការកុំអោយមានបញ្ហាបាក់ទឹកចិត្ត និងស្ត្រេសកើតមានឡើងបានដូចជា ហាត់ក្បាច់យូហ្គា, ឬហាត់ប្រាណអោយគ្រប់គ្រាន់។ ក្បាច់យូហ្គាជួយអោយអ្នកដកដង្ហើមបានជ្រៅ ហើយការតាំងសមាធិអាចកាត់បន្ថយស្ត្រេស, បង្កើនអុកស៊ីសែន និងលំហូរឈាម ព្រមទាំងបង្កើនថាមពល។
ប្រើផ្លែឈើសម្អាតមុខ
ការប្រើផ្លែឈើសម្អាតមុខជាវិធីសាស្ត្រដ៏ល្អបំផុតក្នុងការថែរក្សាស្បែកអោយមានភាពស្រស់ស្អាត និងភ្លឺថ្លា។ ការប្រើផ្លែល្ហុងជូតសម្អាត ឬចំណិតផ្លែស្ត្របឺរីត្រដុសនឹងស្បែកមុខជួយអោយមុខមានភាពស្រស់ស្អាត។ ចំណិតផ្លែស្ត្របឺរីនឹងបញ្ចេញសារធាតុ Beta Carotene និងវីតាមីន A ដើម្បីជំនួយដល់ការលូតលាស់ស្រទាប់កូឡាជែន។ ប្រទៀលកន្ទុយក្រពើគឺជាផ្លែឈើប្រឆាំងនឹងការចាស់ទៅតាមអាយុដ៏ល្អមួយទៀតដែរ។ ផ្លែឈើពីធម្មជាតិទាមងនេះល្អជាងផលិតផលទប់ស្កាត់ការចាស់ទៅតាមអាយុដែលលក់នៅតាមទីផ្សារទៅទៀត។
ញ៉ាំរបបអាហារដែលផ្តលសុខភាព
អ្នកគួរតែញ៉ាំរបបអាហារណាដែលផ្តល់សុខភាពដើម្បីធ្វើអោយអ្នកមើលទៅនៅក្មេងគ្រប់ពេល។ ផ្លែឈើ និងបន្លែពីធម្មជាតិសម្បូរទៅដោយវីតាមីន និងជាតិរ៉ែ ហើយអ្នកគួរតែបញ្ចូលវាទៅក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នកទៅ។ ការញ៉ាំអាហារប្រកបដោយសុខភាពនឹងជួយអោយអ្នកមានអារម្មណ៍ល្អ និងមានកម្លាំងធ្វើអ្វីៗដែលអ្នកចង់ធ្វើទៀតផង៕