របបអាហារជះឥទ្ធិពលគួរឱ្យកត់សម្គាល់លើស្ថានភាពនៃស្បែក ហើយទម្លាប់នៃការទទួលទានអាហារក៏ដូចគ្នា! ថាតើទម្លាប់នៃការទទួលទានបែបណាដែលអាចធ្វើឱ្យស្បែកមានបញ្ហា?
ខាងក្រោមវេបសាយសុខភាព យើងនឹងបង្ហាញឱ្យដឹងពីទម្លាប់ដែលអ្នកគួរចៀសវាងដើម្បីរក្សាសុខភាពស្បែក ៖
១. ទទួលទានសូដ្យូម ឬអំបិលច្រើនពេក
ស្នាមថ្នក់ក្រោមភ្នែក ការហើមត្របកភ្នែក ឬបញ្ហាភ្នែកមើលទៅខ្មៅហត់នឿយ?ទាំងនេះសុទ្ធតែអាចបណ្ដាលមកពីការទទួលទានអាហារប្រៃឬមានផ្ទុកជាតិសូដ្យូមច្រើនពេក។ សូដ្យូម ឬអំបិលក៏ផ្សារភ្ជាប់នឹងហានិភ័យនៃការឡើងមុនផងដែរ។ ដូច្នេះដើម្បីចៀសផុតអាការៈហើម ចូរព្យាយាមកម្រិតការទទួលទាលអាហារប្រៃ។
២. ទទួលទានផលិតផលអាហារផ្សំឡើងពីទឹកដោះគោច្រើនពេក
អាហារប្រភេទនេះអាចបង្កបញ្ហាមុនក្បាលស មុនក្បាលខ្មៅ និងមុនអ័រម៉ូន។ នេះក៏ព្រោះតែផលិតផលអាហារផ្សំឡើងពីទឹកដោះគោមានផ្ទុកអ័រម៉ូនមួយប្រភេទដែលរំញោចការផលិតជាតិខ្លាញ់ ឬធ្វើឱ្យស្ទះរន្ធញើស។
៣. ទទួលទានគ្រឿងស្រវឹងច្រើនលើសកម្រិត
ការទទួលទានគ្រឿងស្រវឹងច្រើននឹងបង្កបញ្ហាខ្សោះជាតិទឹកក្នុងរាងកាយ។ ជាលទ្ធផលស្បែកត្រូវទទួលរងផលប៉ះពាល់ដោយប្រែជាស្ងួតគ្មានសំណើម ឆាប់ជ្រីវជ្រួញ។ គ្រឿងស្រវឹងក៏ធ្វើអោយសសៃឈាមរីកធំបណ្ដាលអោយស្បែកប្រែជាស្រអាប់។
៤. ទទួលទានអាហារកែច្នៃច្រើន
អាហារកែច្នៃមានផ្ទុកសម្បូរទៅដោយជាតិប្រៃ ឬអំបិលដែលអាចធ្វើឱ្យអ្នកមានអាការៈហើម។ អាហារប្រភេទនេះក៏ជាប្រភពនៃសារធាតុ nitrites ដែលបំផ្លាញកូឡាជែន និងភាពបត់បែនក្នុងស្បែកផងដែរ។ ការទទួលទានសាច់កែច្នៃក៏អាចធ្វើឱ្យស្បែកឆាប់ចាស់ជាងអាយុផងដែរ ដោយវាគ្មានផ្ទុកសារធាតុចិញ្ចឹមល្អៗដើម្បីទ្រង់ទ្រង់សុខភាពស្បែករក្សាភាពក្មេងជាងវ័យ។ ដូច្នេះដើម្បីជៀសផុតពីគ្រោះថ្នាក់ កុំទទួលទានអាហារកែច្នៃច្រើនពេក និងមិនត្រូវទទួលទានរាល់ថ្ងៃឡើយ។
៥. ទទួលទានទឹកមិនបានច្រើនគ្រប់គ្រាន់
ការទទួលទានទឹកឱ្យបានគ្រប់គ្រាន់ក្នុងមួយថ្ងៃក៏ចាំបាច់ណាស់ដែរសម្រាប់រក្សាសុខភាពស្បែកល្អប្រសើរស្រស់ស្អាតក្មេងជាងវ័យ។ កង្វះជាតិទឹកនឹងបណ្ដាលឱ្យស្បែកស្ងួតឆាប់ជ្រីវជ្រួញ ហើយងាយជួបប្រទះបញ្ហាផ្សេងៗថែមទៀត។
៦. មិនទទួលទានអាហារមានផ្ទុកជាតិខ្លាញ់សុខភាពល្អ
អ្នកដែលកំពុងព្យាយាមសម្រកទម្ងន់ ឬចាប់ផ្ដើមរបៀបរស់នៅប្រកបដោយសុខភាពល្អច្រើនតែលុបបំបាត់ខ្លាញ់គ្រប់ប្រភេទចេញពីរបបអាហារប្រចាំថ្ងៃរបស់ពួកគេ។ ទោះជាយ៉ាងណាក៏ដោយដើម្បីអាចដំណើរការមុខងារបានត្រឹមត្រូវរាងកាយនៅតែត្រូវការជាតិខ្លាញ់សុខភាពល្អដូចជាអាស៊ីតខ្លាញ់អូមេហ្កា ៣ ដែលមានផ្ទុកក្នុងត្រីសាលម៉ុន។ ការរក្សាបាននូវបរិមាណអាស៊ីតខ្លាញ់សុខភាពល្អគ្រប់គ្រាន់ក្នុងរាងកាយជួយទប់ស្កាត់ការរលាក កាត់បន្ថយហានិភ័យនៃបញ្ហាស្បែកស្ងួត រោគមុន ស្នាមជ្រីវជ្រួញ និងសូម្បីតែជំងឺមហារីកស្បែក៕