ការនោមមកមានលក្ខណៈឈឺចាប់ ឬក្រហាយៗ មិនមែនជាជំងឺទេ តែវាជារោគសញ្ញាមួយដែលកើតឡើងនៅពេលមានអ្វីខុសធម្មតានៅផ្លូវទឹកម៉ូត្រ។ ឧទាហរណ៍ ការនោមឈឺលើស្ត្រី ប្រហែលជាបង្កឡើងដោយសារតែការបង្ករោគនៅផ្លូវទឹកម៉ូត្រ។ សម្រាប់បុរស វាអាចកើតឡើងដោយសារតែការរលាកក្រពេញប្រូស្តាត ឬរលាកបង្ហួរនោម។
មូលហេតុញឹកញាប់ផ្សេងៗទៀតនៃការនោមឈឺដែរនោះមានដូចជា គ្រួសក្នុងតម្រងនោម ការបង្ករោគផ្សិតនៅទ្វារមាស ជំងឺកាមរោគ និងអាចទាក់ទងនឹងការកង្វះអនាម័យ និងមិនបានញ៉ាំទឹកគ្រប់គ្រាន់។
យកល្អគួរតែស្វែងរកការព្យាបាលពីគ្រូពេទ្យ និងដើម្បីកំណត់ថាមានមូលហេតុអ្វីដែលធ្វើឲ្យនោមឈឺ ទើបមានការព្យាបាលបានត្រឹមត្រូវ។ ខាងក្រោមនេះខ្ញុំសូមណែនាំនូវវិធីព្យាបាលដោយខ្លួនឯងខ្លះៗក្នុងការដោះស្រាយការនោមឈឺ៖
ញ៉ាំទឹកឲ្យបានគ្រប់គ្រាន់
ការខ្សោះជាតិទឹកគឺជាមូលហេតុញឹកញាប់មួយនៃការនោមឈឺ។ បើសិនវាជាមូលហេតុមែន អ្នកពិតជាអាចព្យាបាលវាដោយងាយតាមរយៈការផឹកទឹកឲ្យបានច្រើន។ ករណីនោមឈឺបង្កឡើងដោយបាក់តេរី ការញ៉ាំទឹកបានច្រើន នឹងជួយច្រោះមេរោគចេញពីប្លោកនោម និងតាមបង្ហួរនោមបាន។
លាយទឹកខ្មេះផ្លែប៉ោមជាមួយទឹកមួយកែវ
ដោយសារទឹកខ្មេះផ្លែប៉ោមមានសមត្ថភាពប្រឆាំងនឹងមេរោគដែរ ដូច្នេះវាប្រហែលជាជួយបំបាត់ការនោមឈឺបើសិនជាបង្កឡើងដោយបាក់តេរី។ ក្រៅពីសម្លាប់បាក់តេរី ភាពជូររបស់ទឹកនេះនឹងជួយស្តារនូវកម្រិត pH ធម្មតារបស់រាងកាយ ហើយក៏មិនអាចឲ្យមេរោគលូតលាស់បានថែមទៀតដែរ។ ចូរលាយទឹកខ្មេះផ្លែប៉ោមមួយស្លាបព្រាបាយជាមួយនឹងទឹកមួយកែវ ហើយញ៉ាំវាពីរដងក្នុងមួយថ្ងៃ។
ញ៉ាំយ៉ាអួររាល់ថ្ងៃ
វាមិនមានអ្វីជាអាថ៌កំបាំងឡើយថា យ៉ាអួរមានបាក់តេរីល្អៗរាប់លាន ដែលអាចជួយគ្រប់គ្រងបាក់តេរីអាក្រក់ក្នុងពោះវៀនបាន។ ការដែលញ៉ាំយ៉ាអួរនេះពីរទៅបីដងក្នុងមួយថ្ងៃ អាចជាវិធីព្យាបាលមួយលើករណីនោមឈឺដែរ ជាពិសេសបើសិនជាវាបង្កឡើងដោយបាក់តេរី។ ចូរប្រាកដថា អ្នកជ្រើសរើសផលិតផលយ៉ាអួរសុទ្ធល្អ។
ញ៉ាំតែខ្ញីមួយទៅពីរពែងក្នុងមួយថ្ងៃជារៀងរាល់ថ្ងៃ
រឿងដ៏ល្អបំផុតអំពីខ្ញីគឺ វាមិនគ្រាន់តែជួយផ្តល់ក្លិនដល់អាហារទេ តែក៏អាចប្រើដើម្បីព្យាបាលបញ្ហាជាច្រើនដែលបង្កឡើងដោយមេរោគ និងហើមដែរ។ នេះដោយសារតែខ្ញីមានសមត្ថភាពសម្លាប់មេរោគ និងប្រឆាំងការរលាកយ៉ាងអស្ចារ្យ។ ការញ៉ាំតែខ្ញីមួយទៅពីរពែងក្នុងមួយថ្ងៃ ប្រហែលជាជួយបញ្ឈប់ការនោមឈឺបាន។
ញ៉ាំទឹកដូងស្រស់
ការផឹកទឹកដូងប្រហែលជាជួយដោះស្រាយការនោមឈឺបាន។ អស់រយៈពេលច្រើនឆ្នាំមកហើយ ទឹកដូងត្រូវបានគេណែនាំថា ជាឱសថព្យាបាលបញ្ហាច្រើនប្រភេទ ជាពិសេសទាក់ទងនឹងប្រព័ន្ធទឹកម៉ូត្រតែម្តង។ ការនោមឈឺប្រហែលជាបាត់ទៅវិញលឿនតាមរយៈការញ៉ាំទឹកដូងពីរកែវក្នុងមួយថ្ងៃ ជារៀងរាល់ថ្ងៃ៕