យោងទៅតាមអ្នកជំនាញខាងភ្នែកជាច្រើនបានឲ្យដឹងថា ប្រហែលជា ៦០ភាគរយនៃមនុស្សទាំងអស់លើផែនដីយើងនេះ ត្រូវការការកែរតម្រូវគំហើញរបស់ពួកគេតាមរយៈការផ្តល់ជាវ៉ែនតាការពារភ្នែកពីគ្រូពេទ្យជំនាញខាងផ្នែក។
បើសិនជាអ្នកជាម្នាក់ក្នុងនោះមែន វាអាចនឹងពិបាកនិយាយថា អ្នកត្រូវការវ៉ែនតាដែរឬអត់ណាស់ដោយសារតែអ្នកអាចមិនមានអាការៈគ្រប់គ្រាន់។ យ៉ាងណាមិញ តាមរយៈអត្ថបទនេះ ខ្ញុំនឹងបង្ហាញអំពីអាការៈច្បាស់លាស់មួយចំនួន ដែលអ្នកត្រូវតែទៅជួបពេទ្យភ្នែកដើម្បីពិនិត្យ និងព្យាបាល ហើយបើសិនជាចាំបាច់ អាចនឹងត្រូវការពាក់វ៉ែនតាទៀតផង។
គំហើញប្រែប្រួល
បើសិនជាអ្នកសង្កេតឃើញថា អ្វីដែលអ្នកមើលឃើញមិនដូចគ្នានឹងគំហើញរបស់អ្នកពីមុនទេ មានន័យថា វាដល់ពេលដែលអ្នកចាប់ផ្តើមពាក់វ៉ែនតាហើយ។ គំហើយញដែលឃើញព្រឹលៗ គឺជាហេតុផលញឹកញាប់បំផុតដែលមនុស្សជាច្រើនសម្រេចចិត្តទៅជួបពេទ្យភ្នែក។ រឿងនេះក៏អាចធ្វើឲ្យអ្នកមើលមិត្តភក្តិមិនស្គាល់ដែរទោះបីជានៅឆ្ងាយពីគ្នាពីរបីម៉ែត្រក៏ដោយ។
ពិបាកមើលឃើញនៅពេលយប់
មានជំងឺមួយឈ្មោះថា ខ្វាក់មាន់ ដែលធ្វើឲ្យមើលមិនឃើញនៅពេលយប់ទេ ជាពិសេសនៅពេលមានពន្លឺតិចតួច ឬមិនគ្រប់គ្រាន់។ អ្នកជំនាញខាងភ្នែកនិយាយថា គំហើញនៅពេលយប់អាចមានបញ្ហាដោយសារតែកង្វះវីតាមីន A ជំងឺខ្វាក់កូម ឬភ្នែកឡើងបាយ តែវាអាចព្យាបាលបាន។ ប៉ុន្តែនៅពេលអ្នកមានអាការៈដំបូងនៃជំងឺខ្វាក់មាន់ហើយ យកល្អគួរតែជួបពេទ្យភ្នែគឲ្យបានលឿនបំផុតតាមតែអាចធ្វើបាន។
ភ្នែកអស់កម្លាំង ឬមានសម្ពាធក្នុងភ្នែក
ភ្នែកដែលមើលឃើញពីរៗ ភ្នែកស្ងួត ឬហូរទឹកភ្នែក រមាស់ក្នុងភ្នែក ឬមានអារម្មណ៍ក្រហាយៗក្នុងផ្នែក មិនអាចប៉ះពន្លឺបាន សុទ្ធតែជាបញ្ហាដែលនាំឲ្យអស់កម្លាំងក្នុងភ្នែកបានទាំងអស់។ ករណីដែលរឿងនេះកំពុងតែរំខានដល់ជីវិតប្រចាំថ្ងៃ ឬការរស់នៅប្រចាំថ្ងៃញឹកញាប់បពេក វាអាចជាហេតុផលដ៏សំខាន់មួយដែលអ្នកត្រូវបញ្ចប់វាជាមួយនឹងការជួបពេទ្យភ្នែកដើម្បីព្យាបាល ឬត្រូវការកាត់វ៉ែនតាហើយ។
មានបញ្ហាលើការប្រើប្រាស់កុំព្យូទ័រ
តើការងារអ្នកតម្រូវឲ្យអង្គុយនៅមុខកុំព្យូទ័រច្រើនម៉ោង តែអ្នកកំពុងតែមានបញ្ហាជាច្រើនដោយសារតែអាការៈទាក់ទងនឹងការពិបាកអាន ឬឈឺក្បាលនៅពេលមើលកញ្ចក់កុំព្យូទ័រម្តងៗមែនទេ? រឿងនេះពេលខ្លះអាចដោយសារតែភ្នែកធ្វើការច្រើនបេក។ ប៉ុន្តែអ្វីដែលជាការពិតនោះ អ្នកត្រូវតែទៅជួបពេទ្យភ្នែកដើម្បីពិនិត្យរកអ្វីមួយដែលខុសប្រក្រតី។ តែបើសិនជាអ្នកទុកពេលឲ្យភ្នែកសម្រាកបានពីរបីនាទី ហើយវាល្អវិញ គួរតែធ្វើបែបនេះសិន ចាំទៅជួបពេទ្យភ្នែកក្រោយ។
ឈឺក្បាលជាញឹកញាប់
មានហេតុផលច្រើនណាស់ដែលធ្វើឲ្យមនុស្សម្នាក់ៗឈឺក្បាលដូចជា ស្ត្រេស ថប់អារម្មណ៍ ជំហរមិនត្រឹមត្រូវ គេងមិនគ្រប់គ្រាន់ ស្រវឹងស្រា ឬលេបថ្នាំជាដើម។ តែបើសិនជាអ្នកមានបញ្ហាជាមួយនឹងការមើលឃើញ ក៏អាចធ្វើឲ្យឧស្សាហ៍ឈឺក្បាលបានដែរ។ ចូរទៅជួបពេទ្យភ្នែកបើសិនជាការឈឺក្បាលរបស់អ្នកមានលក្ខណៈញឹកញាប់ ហើយរកអ្វីដោះស្រាយមិនចេញ៕