ជាមួយនឹងមនុស្សទាំងឡាយណា ដែលត្រូវប្រឈមនឹងការងារជាច្រើន ដែលតែងតែមានជារៀងរាល់នាទី នោះវាពិតជាពិបាកសម្រាប់ពួកគេក្នុងការប្រកាន់យកនូវទម្លាប់នៃការទទួលទានអាហារ អោយបានត្រឹមត្រូវល្អ។
អ្នកត្រូវ តែទទួលស្គាល់ថា អាហារដែលល្អចំពោះសុខភាព គឺអាចធ្វើអោយអ្នក មានអារម្មណ៍ល្អបានផងដែរ។ ដូច្នេះ អ្នកគប្បីត្រូវតែជៀសវាង នូវប្រភេទអាហារមួយចំនួន ដែលអាចផ្តល់ ផលប៉ះពាល់ ដល់សុខភាព របស់អ្នក។ ខាងក្រោមនេះ គឺជាទម្លាប់នៃការទទួលទានអាហារដែលអាចនឹងបណ្តាលអោយអ្នកមានជំងឺទឺកនោមផ្អែមបាន ៖
១. មិនទទួលទានអាហារពេលព្រឹក
តើអ្នកមានដឹងទេថា អាហារពេលព្រឹក គឺហាក់ដូចជា ស្តេចផែនដី,អាហារពេលថ្ងៃត្រង់ ប្រៀបបានទៅ នឹងទេវបុត្រ ហើយសម្រាប់អាហារពេលល្ងាច គឺប្រៀបទៅនឹងរាស្ត្រសាមញ្ញម្នាក់ប៉ុណ្ណោះ? ស្តាប់មើលទៅហាក់ ដូចជា គួរអោយសោកស្តាយណាស់មែនទេ ដែលអ្នកតែងតែរៀបចំពេលវេលាមិនទៀងទាត់ សម្រាប់ការទទួលទាននៅពេលព្រឹក ហើយជាលទ្ធផលនោះ គឺអ្នកតែងតែ បូកសរុបការទទួលទាន អាហារ ពេញ មួយថ្ងៃនៅក្នុងពេលល្ងាចវិញ ។ ដោយជាធម្មតា អ្នកគ្រាន់តែប្រញាប់ប្រញាល់ទៅធ្វើការ នៅក្នុងពេលព្រឹក ដោយគ្មានទទួលទានអ្វីក្រៅពីទឹកក្រូចច្របាច់ ឬ ទឹកដោះគោមួយប៉ុណ្ណោះ។ បញ្ហានេះ គឺអាចបង្កើនឱកាសខ្ពស់នៃ ទំនោរទៅរកភាពធាត់ជ្រុល ហើយជាលទ្ធផល គឺថាវានឹងធ្វើអោយអ្នកកើតជំងឺទឹកនោមផ្អែមបាន ។
២. ទទួលទានតែអាហារដែលមានរសជាតិផ្អែម
តើអ្នកមានចូលចិត្តបរិភោគអាហារដែលមានរសជាតិផ្អែម ទេ? អ្នកត្រូវតែដឹងពី កម្រិតជាតិស្កររបស់ អ្នក និង ថាតើកម្រិតនៃការប្រើប្រាស់ប៉ុណ្ណា ដែលមានសុវត្ថិភាពចំពោះអ្នក? បើអ្នកបានទទួលទានពួកវា ក្នុងកម្រិតច្រើនជ្រុល ហើយរាងកាយអ្នក មិនបានដុតបំផ្លាញពួកវាអស់នោះទេ នោះវានឹងមានភាគរយ ខ្ពស់ ដែលនឹងអាចអោយអ្នកឈានទៅរកជំងឺទឹកនោមផ្អែមបាន។
៣. តែងតែមានទំនោរទៅរកអាហារឆ្អិនភ្លាមស្រាប់ៗ
ពពួកអាហារទាំងនេះ មានដូចជា នំភីហ្សា, ដំឡូងបារាំងបំពង, មាន់អាំង គឺសុទ្ធតែជាប្រភេទអាហារ ឆ្អិនស្រាប់ៗ ដែលមានដាក់លក់ និង សម្បូរទៅដោយសារជាតិខ្លាញ់។ ប្រសិនបើអ្នកបានបរិភោគអាហារ ដែលមានជាតិប្រេងខ្ពស់ និង ប្រភេទអាហារស្រួយបំពង នោះអ្នកនឹងមានឱកាសខ្ពស់ ក្នុងការវិវត្តន៍មាន នូវជំងឺទឹកនោមផ្អែមប្រភេទទីពីរ។ អ្នកត្រូវតែកាត់បន្ថយ អាហារប្រភេទនេះ នឹងស្វែងរក នូវគ្រឿងផ្សំ ដែល មានសុវត្ថិភាពចំពោះសុខភាព ដូចជាប្រេងឆា ដែលធ្វើពីប្រេងអូលីវ, ហ្វ្រូម៉ាសដែលមានជាតិខ្លាញ់ទាប និង តៅហ៊ូជាដើម មកជំនួសវិញ។
៤. ទទួលទានអាហារច្រើនជ្រុល
ការបរិភាគអាហារច្រើនជ្រុល តាមតែចិត្តចង់ គឺមិនល្អនោះទេ។ ប្រភេទកាឡូរី ដែលរាងកាយអ្នកបាន ស្តុកទុក នៅពេលដែលខ្លួនអ្នកបរិភោគអាហារដូចនេះ គឺមានភាពមិនពិតប្រាកដឡើយ។ ភា្លមៗនោះ រាងកាយ អ្នកនឹង ស្តុកទុកនូវជាតិខ្លាញ់ជាច្រើន ហើយខណៈពេលដែលខ្លួនអ្នក មានអារម្មណ៍ល្អ អំពីប្រភេទអាហារ ដែលមានរសជាតិឆ្ងាញ់ទាំងនេះ នោះរាងកាយអ្នកនឹងប្រែទៅជាមាន ជំងឺទឹកនោម ផ្អែម។
៥. ទម្លាប់បរិភោគអាហារមិនទៀងទាត់
ប្រសិនបើអ្នក មិនបានទទួលទានអាហារ យ៉ាងហោចណាស់ អោយបាន៣ដង ក្នុងមួយថ្ងៃ ហើយ បន្ទាប់មក អ្នកបែរជាបរិភោគអាហារដល់ទៅ ៦ដង នៅក្នុងថ្ងៃបន្ទាប់ និង ក្រោយមកទៀតមិន បរិភោគអ្វី ទាល់តែសោះ និង បន្តនូវទម្លាប់អាក្រក់បែបនេះ នោះរាងកាយអ្នកនឹង មានការភ័ន្តច្រលំ និង មិនដឹងពី វិធីក្នុងការដោះស្រាយ និង រំលាយអាហារទាំងនេះ អោយបានត្រឹមត្រូវនោះទេ។ កត្តានេះ ក៏បានចូលរួម ចំណែកផងដែរ ក្នុងការធ្វើអោយអ្នកកើតមាននូវជំងឺទឹកនោមផ្អែម ៕