ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីមូលហេតុដែលធ្វើឲ្យកូនកម្រើកច្រើនក្នុងពោះអ្នកម្តាយ។ តើមានអ្វីខ្លះទៅ?
- ក្រោយពេលដែលអ្នកម្តាយពិសារបាយរួច សារធាតុស្ករនឹងមានច្រើនក្នុងឈាម ដោយធ្វើឲ្យកូនមានកម្លាំងគ្រប់គ្រាន់ និងខ្លាំងជាងមុន។ ដូចនេះ កូននឹងអាចកម្រើកច្រើនក្នុងពោះរបស់អ្នកម្តាយ។
- នៅពេលដែលអ្នកម្តាយងូតទឹក នឹងធ្វើឲ្យសរសៃឈាមអ្នកម្តាយដើរបានស្រួល។ នៅពេលដែលរាងកាយអ្នកម្តាយមិនមានសម្ពាធ អាចបន្ធូលអារម្មណ៍បាន នោះកូននឹងអាចធ្វើចលនាក្នុងពោះអ្នកម្តាយច្រើនជាងមុន។
- នៅពេលដែលអ្នកនិយាយជាមួយកូនក្នុងពោះ នោះកូននឹងអាចកម្រើកដើម្បីបង្ហាញប្រាប់អ្នកថា គេបានលឺសម្តីអ្នកនិយាយជាមួយគេហើយ។
- នៅពេលដែលអ្នកម្តាយស្តាប់តន្ត្រី នោះកូនក្នុងផ្ទៃនឹងស្តាប់តាមអ្នក ហើយគេនឹងបញ្ចេញកាយវិកាក្នុងពោះដើម្បីប្រាប់អ្នកថា គេក៏បានស្តាប់លឺដូចជាអ្នកដែរ។
- នៅពេលដែលកូនខ្វះអុកស៊ីសែនក្នុងពោះ នោះកូននឹងនៅមិនស្ងប់ឡើយ ដោយអាចកម្រើកច្រើនជាងមុន ហើយបើខ្វះកាន់តែធ្ងន់ធ្ងរ នោះកូននឹងមិនកម្រើកច្រើនដូចមុនទៀតទេ។ នៅពេលនោះ កូននឹងជួបនឹងគ្រោះថ្នាក់ខ្លាំង ព្រោះគេកំពុងតែខ្វះអុកស៊ីសែនខ្លាំង។ ដូចនេះ អ្នកម្តាយគួរតែទៅមន្ទីរពេទ្យជាបន្ទាន់ ពេលដែលសង្កេតឃើញការកម្រើកមិនប្រក្រតីរបស់កូន។
- នៅពេលដែលអ្នកត្រូវរបួសខាងក្រៅ ឬជួបនឹងគ្រោះថ្នាក់អ្វីមួយ កូនក្នុងផ្ទៃនឹងធ្វើចលនាមិនប្រក្រតី ដោយអាចធ្វើឲ្យកូនបាត់បង់ ឬអាចកើតមុនខែបាន។ ដូចនេះ អ្នកម្តាយគួរតែចេះសង្កេតដឹងពីចលនារបស់កូនក្នុងផ្ទៃដែលប្រាប់អ្នក ទើបអាចការពារសុវត្ថិភាពកូនបាន៕