នៅពេលយើងនិយាយអំពីការប្រឈមមុខចំពោះសុខភាពនោះ ច្បាស់ណាស់ថាការប្រឈមមុខនោះមានលក្ខណៈខុសគ្នាស្រឡះទៅតាមភេទរបស់ពួកគេ។ ចំពោះស្ត្រី គឺពួកគេមានការប្រឈមមុខនឹងជំងឺច្រើនជាងបុរសខ្លាំងណាស់។
ដូច្នេះដើម្បីកុំឱ្យជំងឺទាំងអស់នោះបៀតបៀនសុខភាពអ្នក និងអាចមានជីវិតរស់នៅបានយូរ និងសុភមង្គលនោះ អ្នកគួរតែប្រើប្រាស់វិធីទាំងឡាយណាដែលអាចផ្លាស់ប្តូររបៀបរស់នៅ។ ការយល់ដឹងអំពីជំងឺដែលអាចកើតមាននៅថ្ងៃអនាគតគឺជារឿងសំខាន់ដែលត្រូវធ្វើដំបូងគេ។
ជំងឺមួយចំនួនដែលមានទិសដៅតម្រង់លើមនុស្សស្រីខ្លាំងជាងគេនោះមានដូចជា៖
ជំងឺបេះដូង
បើសិនជាអ្នកគិតថា ជំងឺមហារីកសុដន់គឺជាជំងឺគំរាមគំហែងដល់សុខភាពស្ត្រីខ្លាំងជាងនេះដោយសារតែវាល្បីយូរហើយនោះ ចូរគិតឡើងវិញទៅ។ អ្នកជំនាញនិយាយថា ជំងឺបេះដូងអាចនឹងយកជីវិតស្ត្រីច្រើនជាងជំងឺមហារីកជាច្រើនទៀតឯណោះ។ រឿងមួយចំនួនដែលអ្នកគួរតែធ្វើដំបូងគេដើម្បីកុំឱ្យកើតជំងឺបេះដូងនោះគឺ ការហាត់ប្រាណទៀងទាត់ ជ្រើសរើសរបបអាហារផ្តល់សុខភាព ជាពិសេសអាហារមានជាតិសរសៃ និងខ្លាញ់ល្អខ្ពស់ និងឈប់ជក់បារី។
មហារីក
តាមការសិក្សាបានឱ្យដឹងថា ជំងឺមហារីកគឺជាជំងឺដែលកើតឡើងញឹកញាប់ជាងគេលើជីវិតរបស់មនុស្សស្រីលំដាប់ថ្នាក់ទីពីរ។ ជំងឺមហារីកមានច្រើនប្រភេទណាស់ ហើយជំងឺមហារីកសួតត្រូវបានគេចាត់ទុកថាជាឃាតករលេខមួយ ចំណែកឯមហារីកសុដន់ទីលេខពីរ។ មានវិធីសាស្ត្រច្រើនណាស់ដែលអាចការពារជំងឺហារីកសុដន់បានដូចជា ការញ៉ាំរបបអាហារដែលផ្ទុកទៅដោយបន្លែនិងផ្លែឈើ ព្រមទាំងមានរបៀបរស់នៅផ្តល់សុខភាព។
ជំងឺដាច់សរសៃឈាមខួរក្បាល
តើអ្នកមានដឹងទេថា មនុស្សស្រីកើតជំងឺដាច់សរសៃឈាមខួរក្បាលច្រើនជាងបុរសដែរទេ?ចំនួនអ្នកស្លាប់ដោយសារជំងឺដាច់សរសៃឈាមខួរក្បាលដែលជាស្ត្រីនោះមានរហូតដល់៦០ភាគរយឯណោះ។ ការហាត់ប្រាណទៀងទាត់ ញ៉ាំអាហារផ្តល់សុខភាព ឈប់ជក់បារី និងការពិនិត្យសុខភាពទៀងទាត់ពិតជាអាចកាត់បន្ថយការប្រឈមនឹងជំងឺដាច់សរសៃឈាមខួរក្បាលបាន។
ជំងឺស្ទះសួតរ៉ាំរ៉ៃ (COPD)
ជំងឺប្រភេទនេះកើតឡើងដោយសារតែជំងឺមួយចំនួនដែលកំពុងតែប៉ះពាល់លើផ្លូវដង្ហើម ដូចជាជំងឺ Emphysema និងការរលាកទងសួតរ៉ាំរ៉ៃ ដែលវាទាំងពីរនេះកើតឡើងដោយសារតែការជក់បារី។ កាលពីឆ្នាំ ២០០០ ជំងឺនេះឃើញកើតឡើងមនុស្សស្រីច្រើនជាងបុរស។ មធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតក្នុងការបង្ការជំងឺនេះគឺឈប់ជក់បារី។
ជំងឺទឹកនោមផ្អែម
អ្នកជំនាញនិយាយថា ក្នុងចំណោមប្រជាជនអាមេរិក២៦លាននាក់ ដែលកើតជំងឺទឹកនោមផ្អែមនោះ មាន១២,៦លាននាក់ហើយជាមនុស្សស្រីអាយុចាប់ពី២០ឆ្នាំឡើងទៅ។ អ្វីដែលជាដំណឹងល្អនោះគឺថា ជំងឺនេះអាចបង្ការបាន ជាពិសេសជំងឺទឹកនោមផ្អែមប្រភេទទី២តែម្តង តាមរយៈការញ៉ាំអាហារ និងរបៀបរស់នៅផ្តល់សុខភាព។
ជំងឺតម្រងនោម
ជីវិតអាចនឹងស្ថិតក្នុងភាពគ្រោះថ្នាក់នៅពេលដែលតម្រងនោមលែងថ្វើការ ព្រោះវានឹងទុកជាតិពុលក្នុងឈាមកាន់តែច្រើន។ អ្វីដែលជាការពិតនោះគឺជំងឺតម្រងនោមនោះមិនមានរោគសញ្ញាឱ្យដឹងក្នុងដំណាក់កាលដំបូងទេ។ ដើម្បីបន្ថយការប្រឈមនឹងជំងឺនេះ យកល្អគួរតែដោះស្រាយបញ្ហាដូចជា លើសសម្ពាធឈាម ជំងឺបេះដូង និងទឹកនោមផ្អែមសិន។
ជំងឺពុកឆ្អឹង
ជំងឺនេះត្រូវបានគេសម្គាល់ដឹងតាមរយៈការចុះខ្សោយនៃកំហាប់ឆ្អឹង និងនាំឱ្យឆ្អឹងនោះបាក់បានដោយងាយ។ ការកង្វះវីតាមីន D របៀបរស់នៅបែបស៊ីដេកៗ និងការរាំងរដូវគឺជាដើមហេតុនៅពីក្រោយជំងឺពុកឆ្អឹងហើយ។ អ្នកប្រហែលជាមិនធ្លាប់ដឹងទេថា អ្នកមានជំងឺនេះឡើយលុះត្រាតែមានការបាក់បែកឆ្អឹង វាស់កំហាប់ឆ្អឹង និងថតកាំរស្មីអ៊ិចរកមើលបញ្ហាផ្សេងៗ។ ការហាលថ្ងៃគ្រប់គ្រាន់ ការញ៉ាំអាហារសម្បូរវីតាមីន D និងកាល់ស្យូម ការហាត់ប្រាណដោយការលើកទម្ងន់ និងការថែរក្សាទម្ងន់ឱ្យនៅសុខភាពល្អគឺជាវិធីសាស្ត្រដ៏ល្អបំផុតដើម្បីបង្ការជំងឺពុកឆ្អឹង។