យោងទៅតាមសេចក្តីរាយការណ៍ពីសារព័ត៌មាន BBC News បានឲ្យដឹងថា ស្ត្រីដែលធាត់ ឬធាត់ជ្រុលប៉ុន្តែសុខភាពទូទៅល្អ នៅតែប្រឈមកាន់តែខ្លាំងនឹងជំងឺបេះដូងសរសៃឈាមដដែល។
អ្នកស្រាវជ្រាវជាច្រើនក្នុងសហរដ្ឋអាមេរិកបានតាមដានសុខភាពរស់ស្ត្រីច្រើនជាង ៩០០០០នាក់ រយៈពេល ៣០ឆ្នាំ ក្នុងការសិក្សាមួយដែលពិនិត្យទៅលើការប្រឈមនឹងជំងឺគាំងបេះដូង ឬដាច់សរសៃឈាមខួរក្បាល។ ស្ត្រីត្រូវបានគេបែងចែកជាទម្ងន់ធម្មតា ធាត់ ឬធាត់ជ្រុល និងថាតើគាត់មានសុខភាពនៃការរំលាយអាហារល្អឬអត់។
សម្រាប់សុខភាពនៃការរំលាយអាហារល្អ គឺមិនទាន់មានការយល់ស្របជាសកលនៅឡើយទេ ប៉ុន្តែការសិក្សាភាគច្រើនបានប្រើប្រាស់វាដើម្បីពិពណ៌នាស្ត្រីដែលមិនត្រូវបានគេរកឃើញថាមានជំងឺទឹកនោមផ្អែម លើសសម្ពាធឈាម ឬលើសជាតិខ្លាញ់ក្នុងឈាម។
ការសិក្សាបានរកឃើញថា ស្ត្រីដែលមានទម្ងន់ធម្មតា និងមានសុខភាពរំលាយអាហារល្អមានការប្រឈមកាន់តែតិចនឹងការកើតជំងឺគាំងបេះដូង ឬដាច់សសៃឈាមខួរក្បាល។ ក្នុងការប្រៀបធៀបជាមួយស្ត្រីទាំងនេះ អ្នកដែលធាត់ជ្រុល និងមានសុខភាពរំលាយអាហារល្អ គឺមានការប្រឈមខ្លាំងនឹងជំងឺគាំងបេះដូង ឬដាច់សរសៃឈាមខួរក្បាលខ្ពស់រហូតដល់ ៣៩ភាគរយ។
ប៉ុន្តែអ្វីដែលសំខាន់នោះគឺថា ការប្រឈមនឹងជំងឺបេះដូងសរសៃឈាមគឺខ្ពស់លើស្ត្រីទាំងអស់ដែលមានសុខភាពរំលាយអាហារមិនល្អ ដោយមិនខ្វល់ថាគាត់មានទម្ងន់បែបណាឡើយ។ ការដែលមានទម្ងន់ធម្មតា សុខភាពរំលាយអាហារមិនល្អ គឺធ្វើឲ្យប្រឈមមុខទ្វេដង ខណៈពេលដែលការប្រឈមមុខនេះមួយទ្វេជាបីសម្រាប់ស្ត្រីដែលធាត់ជ្រុល ហើយសុខភាពរំលាយអាហារមិនល្អទៀត។
ដំណឹងល្អនោះគឺថា វិធីសាស្ត្រដូចគ្នាដែលអ្នកអាចប្រើបានដើម្បីសម្រកទម្ងន់ក៏នឹងបង្កើនសុខភាពរំលាយអាហារបានដែរ។ រឿងនេះមានដូចជា ការហាត់ប្រាណទៀងទាត់ និងញ៉ាំអាហារផ្តល់សុខភាព ឬរបបអាហារមានតុល្យភាព៕