ការដែលមានអារម្មណ៍ជូរៗក្នុងពោះអាចជារឿងមួយមិនផ្តល់ផាសុខភាពឡើយ ។ រឿងនេះកើតឡើង ជាពិសេសនៅពេលវាជាប់ទាក់ទងនឹងការឈឺក្រពះ និងក្រហាយដើមទ្រូងតែម្តង ។ បើសិនជាក្រពះអ្នកមានអារម្មណ៍ថាជូរៗជាប់ រឿងនេះគួរតែបន្ទោសទៅលើអ្វីដែលអ្នកញ៉ាំហើយ។ យ៉ាងណាមិញ តាមរយៈអត្ថបទមួយនេះ ខ្ញុំសូមណែនាំអំពីមូលហេតុញឹកញាប់មួយចំនួនដែលនាំឲ្យអ្នកមានអារម្មណ៍ជូរៗក្នុងពោះ ៖
ញ៉ាំអាហារច្រើនជ្រុល
ការញ៉ាំអាហារច្រើនជាងអ្វីដែលអ្នកគួរញ៉ាំពិតជាអាចធ្វើឲ្យឈឺក្រពះបាន។ ចាប់តាំងពីវាមានអាហារច្រើនដែលត្រូវរំលាយក៏ដោយ តែវាទំនងជាធ្វើឲ្យក្រពះផលិតទឹកអាស៊ីតក្រពះច្រើនៗជ្រុលរហូតដល់នាំឲ្យមានអារម្មណ៍ជូរៗក្នុងក្រពះបាន។
អាហារហិរ
អាហារហិរអាចបង្កជាការរលាកដល់ភ្នាសខាងក្នុងរបស់ក្រពះ ហើយវាក៏នាំឲ្យមានអារម្មណ៍ជូរៗក្នុងក្រពះផងដែរ។ រឿងនេះកើតឡើងជាពិសេសបើសិនជាអ្នកកំពុងតែមានបញ្ហាច្រាលទឹកអាស៊ីតក្រពះមកបំពង់កតែម្តង។
ភេសជ្ជៈមានជាតិកាហ្វេអ៊ីន
អ្នកអាចរំពឹងថានឹងមានអាការៈជូរៗក្នុងក្រពះក្រោយពីញ៉ាំអាហារមានជាតិកាហ្វេអ៊ីនច្រើន ដូចជា កាហ្វេ តែបៃតង ឬភេសជ្ជៈមានជាតិហ្គាសច្រើន។ វាមិនខុសគ្នានឹងអាហារហិរឡើយ ជាតិកាហ្វេអ៊ីនអាចធ្វើឲ្យច្រាលទឹកអាស៊ីតពីក្រពះទៅបំពងកបាន។
គ្រឿងស្រវឹង
មានហេតុផលពីរយ៉ាងដែលធ្វើឲ្យការញ៉ាំគ្រឿងស្រវឹងអាចនាំឲ្យមានអារម្មណ៍ជូរៗក្នុងក្រពះ។ ទី១ វាបង្កការរលាកដល់ក្រពះ។ ទី២ វាធ្វើឲ្យច្រាលអាស៊ីតពីក្រពះមកបំពង់ក។ រឿងនេះកើតឡើងជាពីសេសបើសិនជាអ្នកញ៉ាំគ្រឿងស្រវឹងច្រើនៗទាំងពោះទទេតែម្តង។
រលាកក្រពះ
ការរលាកក្រពះគឺជាហេតុផលញឹកញាប់បំផុត ហើយវាក៏ច្រើនតែបង្កឡើងដោយបាក់តេរីក្នុងក្រពះដែរ។ ការរលាកក្រពះមានអាការៈខុសៗគ្នាច្រើនណាស់ ហើយការមានអារម្មណ៍ជូរៗក្នុងក្រពះក៏ជាអាការៈមួយរបស់ជំងឺនេះដែរ។
ការថប់អារម្មណ៍
វាគ្មានអ្វីជាអាថ៌កំបាំងឡើយដែលនិយាយថា ការថប់អារម្មណ៍អាចបង្កជាអាការៈមិនធម្មតាក្នុងខ្លួនក្រៅពីបញ្ហាផ្លូវចិត្តដូចជា បេះដូងដើរញ៉ាប់ ពិបាកដកដង្ហើម តឹងទ្រូង វិលមុខ បែកញើសខ្លាំងៗ អស់កម្លាំង និងញ័រដៃ។ តែវាក៏អាចបង្កជាការមានអារម្មណ៍ជូរៗក្នុងក្រពះថែមទៀតែដែរ។
ការប្រើប្រាស់ថ្នាំ
ការញ៉ាំថ្នាំអាចធ្វើមានអារម្មណ៍ថាជូរៗក្នុងក្រពះដែរ។ ថ្នាំបង្កបញ្ហានេះញឹកញាប់ជាងគេនោះគឺពពួក Non-steroidal Anti-inflammatory Drugs ឬ NSAIDs តែម្តង ដែលគេប្រើជាញឹកញាប់សម្រាប់បំបាត់ការឈឺចាប់ និងហើមសាច់ដុំ និងសន្លាក់៕