ថ្វីបើមានការសិក្សាជាច្រើនបង្ហាញឲ្យដឹងថា ជំងឺខ្សោយតម្រងនោមភាគច្រើនកើតឡើងលើមនុស្សអាយុចាប់ពី៦០ឆ្នាំឡើងទៅក៏ដោយ ប៉ុន្តែវាមិនមែនមានន័យថា មនុស្សអាយុក្រោមនេះគឺមិនមានការប្រឈមមុខនោះដែរ។
តម្រងនោមមាននាទីសំខាន់ណាស់ចំពោះរាងកាយ ដោយវាជាកន្លែងដែលប្រមូលនូវកាកសំណល់ទាំងអស់ពីក្នុងខ្លួនបញ្ចេញចោលតាមទឹកនោម។ ក្រៅពីនេះ វាក៏ជួយរក្សាតុល្យភាពអេឡិចត្រូលីត្រក្នុងឈាម រក្សាកម្រិត pH និង សីតុណ្ហភាពផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ ខាងក្រោមនេះគឺជាសញ្ញាប្រកាសអាសន្នមួយចំនួននៃជំងឺខ្សោយតម្រងនោម ដែលអ្នកគួរតែចងចាំ និងស្វែងយល់មុននឹងវាក្លាយទៅជាបញ្ហាដែលមិនអាចដោះស្រាយបាន៖
ពណ៌របស់ទឹកនោមមានការប្រែប្រួល
ទឹកនោមមានពណ៌របស់វាដែលអាចជួយបញ្ជាក់ថា អ្នកមានតម្រងនោមប្រកបដោយសុខភាពល្អ ឬអត់។ កាលណាទឹកនោមមានពណ៌លឿងចាស់ វាអាចជាសញ្ញាបញ្ជាក់ថាតម្រងនោមមានបញ្ហាតិចតួច ពណ៌ត្នោត មានបញ្ហាធ្ងន់ធ្ងរ ពណ៌បៃតង មានគ្រោះថ្នាក់ខ្លាំង មានពពុះ អាចនឹងខ្សោយតម្រងនោម។ ដូច្នេះចូរតាមដានលើបញ្ហាទាំងនេះផង។
ឈឺចង្កេះតិចតួច ទៅធ្ងន់ធ្ងរ
តើអ្នកចេះតែធ្លាប់មានអាការៈឈឺចង្កេះតិចតួច ឬធ្ងន់ធ្ងរជាប់រហូតដែរទេ? រឿងនេះអាចដោយសារតែជំហរនៃការគេងមិនល្អ ឬអង្គុយយូរពេក ប៉ុន្តែក៏អាចដោយសារតែបញ្ហាធ្ងន់ធ្ងរផ្សេងទៀតដែរ។ បើសិនជារឿងនេះកើតឡើងជាមួយនឹងការនោមឈឺ នោះវាអាចជាសញ្ញាព្រមានមួយនៃភាពគ្រោះថ្នាក់របស់តម្រងនោមហើយ។
ហើមខ្លួន
ចាប់តាំងពីតម្រងនោមមាននាទីបញ្ចេញកាកសំណល់ និងជាតិពុលពីក្នុងខ្លួនមក រាល់អ្វីៗគ្រប់យ៉ាងដែលធ្វើឲ្យដំណើរការណ៍របស់សរីរាង្គមួយនេះមានការរំខាន វានឹងចេញជាអាការៈហើមរាងកាយដើម្បីបញ្ជាក់អំពីភាពមិនប្រក្រតីហើយ។ បើសិនជាអ្នកយល់ថា មានការហើម និងឈឺចាប់ក្នុងពោះ គ្រលាន ឬចំហៀងខ្លួនខុសធម្មតា នោះអាចជាសញ្ញាបញ្ជាក់ថា តម្រងនោមកំពុងតែធ្វើការមិនបានល្អហើយ។
មានបញ្ហាស្បែកញឹកញាប់
ក្រៅពីហើមដែលបញ្ជាក់ថា តម្រងនោមធ្វើការមិនបានល្អ ការដែលមានបញ្ហាស្បែកជាញឹកញាប់ក៏ជាសញ្ញាមួយដែលបញ្ជាក់អំពីជំងឺនៅតម្រងនោមដែរ។ នៅពេលដែលជាតិពុលកកកុញក្នុងខ្លួនច្រើន វានឹងជ្រាប់ចេញទៅតាមស្បែក ដែលជាហេតុនាំឲ្យមានការបង្ករោគលើស្បែក កន្ទួលរមាស់ និងជំងឺស្បែកផ្សេងៗទៀត។
ដូច្នេះ ចូរស្វែងយល់អំពីអាការៈទាំងនេះឲ្យមែនទែនផង ព្រោះវាអាចជួយអ្នកចៀសផុតពីផលវិបាករបស់ជំងឺតម្រងនោមបាន។ បើសិនជាអ្នករកឃើញថាមានអាការៈទាំងអស់ដូចខាងលើមែន ចូរកុំភ្លេចស្វែងរកការព្យាបាលពីគ្រូពេទ្យឲ្យបានលឿនបំផុតតាមតែអាចធ្វើទៅបាន៕