ភាគច្រើននៃពួកយើងសុទ្ធតែបានដឹងពីអត្ថប្រយោជន៍ដ៏ប្រសើរនៃរមៀតចំពោះសុខភា ប៉ុន្តែតើអ្នកធ្លាប់ដឹងទេថាគ្រឿងទេសនេះក៏អាចផ្ដល់ផលល្អៗចំពោះសម្រស់ដែរ? ខាងក្រោមវេបសាយសុខភាព ថ្ងៃនេះយើងនឹងបង្ហាញឱ្យដឹងពីគន្លឹះប្រើប្រាស់រមៀតថែរក្សាសម្រស់ ៖
១. រូបមន្តសម្រាប់ដោះស្រាយបញ្ហាក្លៀកខ្មៅ
លាយទឹកក្រូចឆ្មារស្រស់ ២ ស្លាបព្រាបាយជាមួយម្សៅរមៀតឱ្យក្លាយជាល្បាយខាប់ៗ។ លាបម៉ាស្សាល្បាយក្រោមក្លៀក។ ទុកចោលសម្រាប់រយៈពេល ៣០ នាទី សឹមលាងសម្អាតចេញ។
២. រូបមន្តសម្រាប់ដោះស្រាយបញ្ហាស្បែកស្ងួត
លាយម្ស៉ៅរមៀត ១ ស្លាបព្រាកាហ្វេជាមួយប្រេងដូងកន្លះស្លាបព្រាបាយចូលគ្នាឱ្យសព្វក្លាយជាល្បាយខាប់ៗ។ លាបល្បាយលើមុខ ប៉ុន្តែចៀសវាងតំបន់ភ្នែក។ ទុកចោលសម្រាប់រយៈពេល ១០ នាទី សឹមលាងមុខចេញជាមួយទឹកក្ដៅឧណ្ហៗជាការស្រេច។ ពណ៌លឿងៗជាប់ស្បែកនឹងបាត់ទៅវិញនៅពេលលាងសម្អាតមុខពេលក្រោយ។ អនុវត្តរូបមន្តនេះរាល់យប់មុនពេលចូលគេង ឬនៅពេលព្រឹកមុនពេលងូតទឹក។
៣. រូបមន្តសម្រាប់ដោះស្រាយបញ្ហាស្នាមជ្រីវជ្រួញ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយប្រេងដូង ១ ស្លាបព្រាជាមួយម្សៅរមៀត ១ ចុងស្លាបព្រា។ កូរឱ្យសព្វ សឹមលាបល្បាយលើស្បែកនិងទុកចោលសម្រាប់រយៈពេល ២០ នាទី។ លាងសម្អាតចេញជាមួយទឹកធម្មតា។ រូបមន្តនេះមិនត្រឹមតែជួយកម្ចាត់ស្នាមជ្រីវជ្រួញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរក្សាសំណើម និងភាពក្មេងជាងវ័យនៃស្បែកផងដែរ។
៤. រូបមន្តជួយឱ្យអណ្ដាតមានពណ៌ផ្កាឈូកស្អាត
លាយទឹកក្រូចឆ្មារស្រស់បន្តិចជាមួយម្សៅរមៀតរហូតក្លាយជាល្បាយខាប់ៗ។ ប្រើប្រាស់ល្បាយនេះដើម្បីស្អាតលើអណ្ដាត។ អ្នកក៏អាចលាយម្សៅរមៀតកន្លះស្លាបព្រាកាហ្វេក្នុងទឹកមួយកែវ រួចកូរឱ្យសព្វ ហើយប្រើប្រាស់ជាទឹកខ្ពុរមាត់។
៥. រូបមន្តជួយឱ្យស្បែកមុខសស្រស់ថ្លា
រមៀត សឹងតែត្រូវបានគេប្រើជាទូទៅនៅក្នុងផលិតផលថែរក្សាសម្រស់ និងធ្វើឱ្យស្បែកប្រែជាសស្រស់ស្អាត នោះក៏ព្រោះតែបរិមាណនៃវីតាមីន C ដែលវាមានផ្ទុក។
អ្វីដែលអ្នកត្រូវធ្វើ គឺលាយម្ស៉ៅរមៀត ១ ស្លាបព្រាកាហ្វេ ជាមួយទឹកឃ្មុំ ១ ស្លាបព្រាកាហ្វេ និងទឹកក្រូចឆ្មារ ១ ស្លាបព្រាកាហ្វេ ចូរគ្នាឱ្យសព្វ។ បន្ទាប់មកលាបល្បាយលើផ្ទៃមុខ និងករបស់អ្នក រួចទុកចោលសម្រាប់រយៈពេល ៣០ នាទី សឹមលាងសម្អាតចេញជាមួយទឹកធម្មតា។ រូបមន្តនេះអាចប្រើប្រាស់សម្រាប់គ្រប់ប្រភេទនៃស្បែកមុខ និងសូម្បីតែស្បែកខ្លាញ់ក៏ដោយ៕