ឈឺបំពង់ក គឺជារឿងធម្មតាទៅហើយសម្រាប់មនុស្សទូទៅ ដើម្បីជំនួសឱ្យការណាត់ជួបជាមួយនឹងវេជ្ជបណ្ឌិត អ្នកអាចសាកល្បងឱសថធម្មជាតិមួយចំនួន ដែលរកបានយ៉ាងងាយស្រួលនៅតាមផ្ទះ ថែមទាំងអាចជួយកាត់បន្ថយការឈឺចាប់បានខ្លះ។ ខាងក្រោមនេះគឺជាឱសថធម្មជាតិទាំង៥ ដែលអ្នកគួរសាកល្បង ៖
១-ក្រូចឆ្មា ៖ អ្នកអាចប្រើក្រូចឆ្មារស្រស់ ដើម្បីបំបាត់អាការឈឺបំពង់ក ដោយពួកវាអាចជួយបំបាត់ស្លេស្ម។ ព្យាយាមទទួលទានទឹកក្រូចឆ្មារក្តៅៗជាមួយទឹកឃ្មុំ។ ច្របាច់ក្រូចឆ្មារមួយចំហៀងផ្លែចូលក្នុងទឹកក្តៅឧណ្ហមួយកែវ និងបន្ថែមទឹកឃ្មុំមួយស្លាបព្រាកាហ្វេ។ ទទួលទានវាតាមសម្រួលកុំបង្ខំ ។ ជម្រើសមួយទៀត គឺខ្ពុរមាត់ជាមួយទឹកក្រូចឆ្មារនិងទឹកក្តៅឧណ្ហ ។ អ្នកអាចរោយអំបិលនិងម្រេចលើចំណិតក្រូចឆ្មារបន្ទាប់មកលិទ្ធចំណិតក្រូចឆ្មារនេះ។
២-ទឹកអំបិល ៖ វិធីមួយក្នុងចំណោមវិធីល្អបំផុតដើម្បីបំបាត់អាការឈឺកគឺខ្ពុរមាត់ជាមួយនឹងទឹកអំបិល។ អំបិលមានមុខងារដូចថ្នាំសម្លាប់មេរោគ និងជួយដកជាតិទឹកចេញពីភ្នាសសើមនៅក្នុងបំពង់ក។ វិធីនេះអាចកាត់បន្ថយកំហាក និងការរលាក ធ្វើឲ្យអ្នកមានអាការធូរស្រាលភ្លាមៗ ។
-លាយអំបិលកន្លះស្លាបព្រាកាហ្វេជាមួយនឹងទឹកក្តៅឧណ្ហមួយកែវ ។ ប្រសិនបើអ្នកមិនចូលចិត្តរសជាតិប្រៃ អ្នកអាចបន្ថែមទឹកឃ្មុំចូលបន្តិច ។
-ខ្ពុរមាត់ជាមួយនឹងទឹកអំបិលនេះ កុំលេបវា ហើយខ្ជាក់ទឹកចេញបន្ទាប់ពីខ្ពុរមាត់រួច ។
-អនុវត្តវិធីនេះយ៉ាងហោចណាស់បួនដងក្នុងមួយថ្ងៃដើម្បីទទួលបានលទ្ធផលល្អបំផុត ។
៣-ខ្ទឹមស ៖ ខ្ទឹមសមានលក្ខណសម្បត្តិប្រឆាំងនឹងបាក់តេរី និងសម្លាប់មេរោគ រួមជាមួយលក្ខណសម្បត្តិឱសថផ្សេងទៀតដែលអាចជួយព្យាបាលជំងឺឬបង្ការការឈឺបំពង់ក ។
បរិភោគខ្ទឹមសឆៅមួយកំពឹសប្រចាំថ្ងៃដើម្បីធ្វើឲ្យខ្ទឹមសអាចបញ្ចេញសារធាតុគីមីដែលគេស្គាល់ថាជាសារធាតុ Allicin ដែលអាចជួយសម្លាប់បាក់តេរីដែលបង្កឲ្យមានការឈឺ.ក។
ព្យាយាមបរិភោគខ្ទឹមសទាំងឆៅនិងឆ្អិន។ ប្រសិនបើអ្នកមិនចូលចិត្តរសជាតិនេះ អ្នកអាចទទួលទានថ្នាំខ្ទឹមសជំនួសវិញក៏បាន ។
៤-ទឹកឃ្មុំ ៖ ទឹកឃ្មុំមានលក្ខណសម្បត្តិប្រឆាំងនឹងបាក់តេរីដែលអាចប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគ និងបង្កើនល្បឿននៃដំណើរការព្យាបាល។ វាក៏មានមុខងារដូចជាអូស្មូស hypertonic ដែលមានន័យថាវាអាចជួយដកជាតិទឹកចេញពីជាលិការលាក ដូច្នេះវាអាចបន្ថយនូវការហើម។ បន្ថែមទឹកឃ្មុំមួយទៅពីរស្លាបព្រាកាហ្វេជាមួយនឹងទឹកក្តៅមួយពែង រួចផឹកវាឲ្យបានច្រើនដងក្នុងមួយថ្ងៃ។ អ្នកអាចបន្ថែមទឹកឃ្មុំទៅក្នុងតែរុក្ខជាតិដែលអ្នកចូលចិត្ត ។
មុនពេលចូលគេង អ្នកអាចបរិភោគទឹកឃ្មុំមួយស្លាបព្រាកាហ្វេព្រោះវាអាចបំបាត់អាការឈឺចាប់ និងជួយអ្នកក្នុងការគេង ។
៥-រមៀត ៖ វិធីដ៏មានប្រសិទ្ធភាពមួយផ្សេងទៀតក្នុងការបំបាត់អាការឈឺបំពង់ក គឺប្រើប្រាស់រមៀតដែលមានសមត្ថភាពសម្លាប់មេរោគ ហើយប្រឆាំងនឹងការរលាក ។ អ្នកអាចខ្ពុរមាត់ជាមួយរមៀតដើម្បីបំបាត់អាការឈឺបំពង់កដ៏អាក្រក់នេះ។ លាយម្សៅរមៀតមួយស្លាបព្រាកាហ្វេកន្លះ និងអំបិលមួយស្លាបព្រាកាហ្វេកន្លះជាមួយទឹកក្តៅឧណ្ហមួយកែវ ហើយខ្ពុរមាត់ជាមួយល្បាយនេះចំនួនពីរដងជារៀងរាល់ថ្ងៃ ៕