ជំងឺលើសសម្ពាធឈាម គឺជាបញ្ហាសុខភាពដ៏ធ្ងន់ធ្ងរមួយ បើសិនជាមិនបានគ្រប់គ្រង ឬព្យាបាលវាទេ។ វាអាចនាំឲ្យមានបញ្ហាសុខភាពជាច្រើនផ្សេងៗទៀតដែរ ដូចជាខ្សោយបេះដូង ខ្វាក់ភ្នែក ជំងឺតម្រងនោម ដាច់សរសៃឈាមខួរក្បាល ជំងឺទឹកនោមផ្អែម និងជំងឺផ្សេងៗទៀត។
មានមធ្យោបាយធម្មជាតិច្រើនណាស់ ដែលអាចព្យាបាលជំងឺលើសសម្ពាធឈាមបានដោយមិនចាំបាច់ប្រើថ្នាំទេ។ យ៉ាងណាមិញបើសិនជាអ្នកមិនទាន់កើតជំងឺលើសសម្ពាធឈាមទេ យកល្អគួរតែប្រើវិធីដើម្បីបង្ការវាសិនទៅដូចជា៖
ញ៉ាំអាហារផ្តល់សុខភាព
ការញ៉ាំរបបអាហារសម្បូរផ្លែឈើ គ្រាប់ធញ្ញជាតិ អាហារមានជាតិខ្លាញ់ទាប បន្លែ និងអាហារមានជាតិខ្លាញ់ ឬកូឡេស្តេរ៉ុលទាប ព្រោះវាអាចបញ្ចុះសម្ពាធឈាមបានយ៉ាងហោចណាស់ ១៤មីលីម៉ែត្របារ៉តបាន។
បន្ថយគ្រឿងស្រវឹង
តាមការសិក្សាចំនួន ១៥បានរកឃើញថា ការបន្ថយគ្រឿងស្រវឹង នឹងបន្ថយសម្ពាធឈាមបានដែរ។ ការសិក្សាមួយដែលធ្វើលើស្ត្រីក្នុងមន្ទីរពេទ្យ Boston’s Brigham and Women’s Hospital បានឲ្យដឹងថា ការញ៉ាំគ្រឿងស្រវឹងតិចតួចត្រឹមតែមួយភាគបួនទៅកន្លះកំប៉ុងក្នុងមួយថ្ងៃជារៀងរាល់ថ្ងៃ ប្រហែលជាអាចបន្ថយសម្ពាធឈាមបានច្រើនជាងមិនបានញ៉ាំសោះ។
ហាត់ប្រាណ ឬដើរជាទៀងទាត់
ការហាត់ប្រាណគឺជាមធ្យោបាយដ៏ល្អបំផុតដែលត្រូវធ្វើដើម្បីជួយគ្រប់គ្រង និងបញ្ចុះសម្ពាធឈាម។ ការហាត់ប្រាណទៀងទាត់អាចធ្វើឲ្យបេះដូងធ្វើការកាន់តែខ្លាំង និងច្របាច់ឈាមកាន់តែល្អ ហើយក៏អាចបញ្ចុះសម្ពាធឈាមក្នុងសរសៃឈាមអាក់ទែបានដែរ។
យកល្អគួរតែហាត់ប្រាណកម្រិតមធ្យមយ៉ាងហោចណាស់ ១៥០នាទីដូចជា ការដើរ ឬហាត់ប្រាណខ្លាំងក្លាប្រហែល៧៥នាទីដូចជា រត់កីឡា ក្នុងរយៈពេលមួយសប្តាហ៍។ រឿងនេះនឹងអាចជួយពង្រឹងដល់សុខភាពបេះដូង និងបញ្ចុះសម្ពាធឈាមបាន។
សម្រកទម្ងន់
យោងទៅតាម Mayo Clinic បានឲ្យដឹងថា សម្ពាធឈាមអ្នកច្រើនតែកើនឡើងទៅតាមការឡើងទម្ងន់។ ជាមួយគ្នានេះដែរ ការដែលឡើងទម្ងន់អាចរំខានដល់ការដកដង្ហើមខណៈពេលអ្នកកំពុងតែគេង ហើយក៏ធ្វើឲ្យលើសសម្ពាធឈាមបានដែរ។
ការសម្រកទម្ងន់គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតក្នុងការគ្រប់គ្រងសម្ពាធឈាម ហើយការសម្រកទម្ងន់ត្រឹមតែ ៤,៥គីឡូក្រាមក៏អាចបញ្ចុះសម្ពាធឈាមបានដែរ។ ក្រៅពីការសម្រកទម្ងន់ អ្នកគួរតែពិនិត្យទៅលើទំហំចង្កេះផង។ ការដែលធាត់នៅតំបន់ចង្កេះនេះអាចធ្វើឲ្យអ្នកប្រឈមកាន់តែខ្ពស់នឹងជំងឺលើសសម្ពាធឈាមថែមទៀត។
បន្ថយការញ៉ាំជាតិផ្អែម
ការសិក្សាជាច្រើនបានបង្ហាញនូវទំនាក់ទំនងមួយរវាងការបន្ថែមជាតិស្ករ និងលើសសម្ពាធឈាម។ ក្នុងការសិក្សាសុខភាពរបស់ Framingham Women បានឲ្យដឹងថា ស្ត្រីដែលគ្រាន់តែញ៉ាំភេសជ្ជៈមានជាតិហ្គាសមួយកំប៉ុងរាល់ថ្ងៃគឺប្រឈមខ្ពស់ជាងអ្នកដែលញ៉ាំតិចជាងមួយកំប៉ុងក្នុងមួយថ្ងៃ។
ការសិក្សាមួយផ្សេងទៀតបានឲ្យដឹងថា ការញ៉ាំភេសជ្ជៈមានជាតិផ្អែមតិចជាងមួយកំប៉ុងគឺមិនងាយលើសសម្ពាធឈាមទេ។
បន្ថយការញ៉ាំប្រៃ
យោងទៅតាម Mayo Clinic បានឲ្យដឹងថា គ្រាន់តែបន្ថយជាតិប្រៃក្នុងរបបអាហារក៏អាចបន្ថយសម្ពាធឈាមពី ២ ទៅ៨មីលីម៉ែត្របារ៉តដែរ។ ខណៈពេលដែលឥទ្ធិពលនៃការញ៉ាំជាតិសូដ្យូមចំពោះសម្ពាធឈាមមានការប្រែប្រួលទៅតាមមនុស្សម្នាក់ៗនោះ អ្នកគួរតែកាត់បន្ថយការញ៉ាំជាតិសូដ្យូមតិចជាង ២៣០០មីលីក្រាមរាល់ថ្ងៃ ឬតិចជាងនេះ។
ឈប់ជក់បារី
ហេតុផលមួយដ៏សំខាន់បំផុតក្នុងការជក់បារីនោះគឺថា វាជាទម្លាប់ដ៏អាក្រក់មួយ ហើយក៏ជាកត្តាប្រឈមនឹងជំងឺបេះដូងដ៏ខ្លាំងផងដែរ។ ការដែលជក់បារីជាប្រចាំនឹងធ្វើឲ្យសម្ពាធឈាមឡើងខ្ពស់បន្តិចម្តងៗ។ សារធាតុគីមីក្នុងបារីត្រូវបានគេដឹងថា អាចបំផ្លាញសរសៃឈាមបាន។
ទោះបីជាយ៉ាងណាក៏ដោយ ការសិក្សាមិនបានរកឃើញនូវទំនាក់ទំនងរវាងការលើសសម្ពាធឈាម និងការជក់បារីទេ។ រឿងនេះប្រហែលជាដោយសារតែអ្នកជក់បារីមានភាពស៊ាំហើយ៕