តម្រងនោម គឺជាសរីរាង្គចាំបាច់បំផុតមួយក្នុងរាងកាយដែលដើរតួនាទីសំខាន់ៗជាច្រើន។ តម្រងនោមជួយកម្ចាត់ជាតិពុលកាកសំណល់តាមរយៈទឹកនោម, ច្រោះឈាម រក្សាតុល្យភាពនៃជាតិរ៉ែ ការផលិតអ័រម៉ូន និងការរក្សាតុល្យភាពនៃសារធាតុរាវ។
កត្តាច្រើនណាស់ដែលបង្កើនហានិភ័យនៃជំងឺតម្រងនោម ហើយសម្ពាធឈាមឡើងខ្ពស់ និងជំងឺទឹកនោមផ្អែមដែលមិនអាចគ្រប់គ្រងបានក៏ជាមូលហេតុទូទៅបំផុតដែរ។ ទោះជាយ៉ាងណាតាមរយៈការចៀសវាងទម្លាប់និងកម្រិតការទទួលទានអាហារមួយចំនួនអាចជួយកាត់បន្ថយការប្រមូលផ្ដុំនូវកាកសំណល់ក្នុងឈាម ជួយបង្កើនភាពប្រសើរឡើងនៃសុខភាពតម្រងនោម និងទប់ស្កាត់គ្រោះថ្នាក់ផ្សេងៗ។ ខាងក្រោមវេបសាយសុខភាព យើងនឹងបង្ហាញឱ្យដឹងពីទម្លាប់មួយចំនួន ព្រមទាំងប្រភេទនៃអាហារដែលបង្កើនហានិភ័យនៃបញ្ហាតម្រងនោម ៖
- ទម្លាប់ដែលអាចជះផលប៉ះពាល់គួរឱ្យព្រួយបារម្ភចំពោះសុខភាពតម្រងនោម
១. ជក់បារី
ទម្លាប់នេះមិនត្រឹមតែបង្កបញ្ហាដល់តម្រងនោមប៉ុណ្ណោះទេ ប៉ុន្តែចំពោះរាងកាយទាំងមូលតែម្ដង! នេះក៏ព្រោះតែការជក់បារីអាចបង្កជំងឺលើសសម្ពាធឈាមដែលបណ្ដាលអោយមានការកាត់បន្ថយលំហូរឈាមទៅកាន់តម្រងនោម។
២. អង្គុយយូរៗជាប្រចាំ
ការធ្វើសកម្មភាពរាងកាយជាប្រចាំអាចជួយធ្វើឱ្យសម្ពាធឈាមមានលក្ខណៈប្រសើរឡើងនិងសម្រួលការដុតរំលាយគ្លុយកូសដែលជាកត្តាសំខាន់ក្នុងការរក្សាសុខភាពតម្រងនោម។ ការអង្គុយយូរៗពេកច្រើនជាង ៨ម៉ោងក្នុងមួយថ្ងៃដោយមិនក្រោមធ្វើចលនាសោះអាចបង្កើនហានិភ័យនៃជំងឺតម្រងនោមដល់ទៅ ៣០ភាគរយ។ ដូច្នេះដើម្បីជាការប្រសើរយ៉ាងហោចណាស់គួរធ្វើលំហាត់ប្រាណឱ្យបានពី ២ ទៅ ៣ដងក្នុងមួយសប្តាហ៍។
៣. គេងមិនបានគ្រប់គ្រាន់
ការគេងឱ្យបានច្រើនគ្រប់គ្រាន់ គឺមិនត្រឹមតែល្អសម្រាប់សុខភាពក្រលៀន ឬតម្រងនោមប៉ុណ្ណោះទេ ប៉ុន្តែចាំបាច់សម្រាប់រក្សាសុខភាពរាងកាយទាំងមូលតែម្ដង។ នៅពេលអ្នកគេងមិនបានគ្រប់គ្រាន់នោះវានឹងជះឥទ្ធិពលលើមុខងារនៃតម្រងនោមដែលបង្កើនហានិភ័យនៃការខូចតម្រងនោមគួរឱ្យបារម្ភ។ ការគេងមិនបានគ្រប់គ្រាន់ក៏អាចបណ្ដាលឱ្យសសៃឈាមស្ទះ ឬឡើងរឹងផងដែរ។ ស្ថានភាពនេះអាចបណ្ដាលឱ្យសម្ពាធឈាមឡើងខ្ពស់បង្កើនហានិភ័យនៃបញ្ហាតម្រងនោម។
៤. ទទួលទានគ្រឿងស្រវឹងលើសកម្រិត
ប្រសិនបើអ្នកឧស្សាហ៍ទទួលទានគ្រឿងស្រវឹងច្រើនលើសពី ១ កែវក្នុងមួយថ្ងៃសម្រាប់នារី និង ២ កែវក្នុងមួយថ្ងៃសម្រាប់បុរសនោះ អ្នកប្រាកដជាត្រូវប្រឈមមុខនឹងហានិភ័យនៃបញ្ហាតម្រងនោមមិនខានឡើយ។
៥. ទទួលទានរបបអាហារមានផ្ទុកប្រូតេអ៊ីនខ្ពស់
រាងកាយត្រូវការប្រូតេអ៊ីន ប៉ុន្តែមិនមែនច្រើនពេកឡើយ ក៏ព្រោះវាអាចបង្កើនហានិភ័យនៃជំងឺតម្រងនោម។ ហើយការទទួលទានជាតិប្រតេអ៊ីនចេញពីសាច់សត្វច្រើនពេកបង្កើតជាតិអាស៊ីតក្នុងឈាមដែលបណ្ដាលឱ្យកើតជំងឺ acidosis ស្ថានភាពមួយដែលតម្រងនោមរបស់អ្នកមិនអាចរក្សាកម្រិត pH ក្នុងរាងកាយឱ្យមានតុល្យភាពបាន។ យូរទៅបញ្ហានេះបង្កជាបញ្ហាសុខភាពធ្ងន់ធ្ងរផ្សេងទៀតដូចជា បញ្ហាប្រព័ន្ធរំលាយអាហារ និងជំងឺតម្រងនោមរ៉ាំរ៉ៃ។
៦. ប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ក្នុងរយៈពេលយូរ
ទម្លាប់នៃការទទួលទានថ្នាំបំបាត់ការឈឺចាប់សឹងតែជាប្រចាំ គឺមិនល្អសោះឡើយចំពោះតម្រងនោម។ ហើយអ្នកក៏មិនគួរទទួលទានថ្នាំបំបាត់ការឈឺចាប់ ដើម្បីបំបាត់ការឈឺចាប់តិចតួចឡើយ។ ការទទួលទានថ្នាំនេះជាប្រចាំអាចបណ្ដាលឱ្យខូចតម្រងនោមធ្ងន់ធ្ងរ ហើយវាក៏បង្កផលប៉ះពាល់គួរឱ្យព្រួយបារម្ភលើមុខងារនៃតម្រងនោមផងដែរ។
៧. ទទួលទានកាហ្វេច្រើនពេក
ការទទួលទានភេសជ្ជៈមានផ្ទុកជាតិកាហ្វេអ៊ីនច្រើនផ្សារភ្ជាប់នឹងហានិភ័យខ្ពស់នៃបញ្ហាក្រួសក្នុងតម្រងនោម។
៨. ទទួលទានអាហារប្រៃច្រើនពេក
ការទទួលទានអាហារប្រៃច្រើនពេកជាប្រចាំ គឺមិនល្អសោះឡើយចំពោះតម្រងនោម ក៏ដូចជាសុខភាពរាងកាយទាំងមូល។ ការទទួលទានអាហារជាតិអំបិលច្រើននឹងធ្វើឱ្យតម្រងនោមទទួលបន្ទុកលើសកម្រិត។ មិនយូរប៉ុន្មានតម្រងនោមចាប់ផ្ដើមចុះខ្សោយប៉ះពាល់សមត្ថភាពមុខងារ ហើយបង្កើនការស្ដុកទុកសារធាតុរាវ។
៩. ទប់នោមយូរ
ការទប់នោមយូរ គឺជាមូលហេតុចម្បងនៃបញ្ហាតម្រងនោម។ ប្រសិនបើអ្នកឧស្សាហ៍ទប់នោម នោះទឹកនោមនឹងត្រូវស្ថិតនៅក្នុងផ្លោកនោមយូរ ហើយបាក់តេរីចាប់ផ្ដើមលូតលាស់កាន់តែលឿន។ នៅទីបំផុតវាអាចបណ្ដាលឱ្យកើតមានផលវិបាកធ្ងន់ធ្ងរមួយចំនួនដូចជា ការឆ្លងមេរោគក្នុងតំរងនោម និងអាការៈនោមទាស់។
១០. ទទួលទានទឹកមិនបានច្រើនគ្រប់គ្រាន់
តម្រងនោម ក៏ដូចទៅនឹងផ្នែកផ្សេងទៀតនៃរាងកាយផងដែរ គឺត្រូវការជាតិទឹកគ្រប់គ្រាន់ដើម្បីរក្សាបាននូវសុខភាពល្អប្រសើរ និងដំណើរការមុខងារត្រឹមត្រូវ។ កង្វះជាតិទឹកអាចនាំអោយមានលំហូរឈាមតិចទៅតម្រងនោម។ ជាលទ្ធផលឈាមនឹងប្រែជាខាប់បង្កផលប៉ះពាល់ដល់សមត្ថភាពនៃតម្រងនោមក្នុងការកម្ចាត់ជាតិពុលចេញពីរាងកាយ។ ថាតើអ្នកអាចដឹងបានថាខ្លួនឯងទទួលទានទឹកបានគ្រប់គ្រាន់ឬនៅបែបណាទៅ? ងាយណាស់ ប្រសិនបើអ្នកទទួលទានទឹកបានគ្រប់គ្រាន់នោះទឹកនោមរបស់អ្នកនឹងមានពណ៌លឿងស្រាល ហើយទឹកនោមដែលមានពណ៌ដិតណាមួយនោះអាចជារោគសញ្ញានៃបញ្ហាខូចតម្រងនោម។
- អាហារគួរចៀសវាង ឬកម្រិតការទទួលទាន
១. សាច់
រាងកាយត្រូវការប្រូតេអ៊ីន ប៉ុន្តែមិនមែនច្រើនពេកឡើយ ក៏ព្រោះវាអាចបង្កើនហានិភ័យនៃជំងឺតម្រងនោម។ ហើយការទទួលទានជាតិប្រតេអ៊ីនចេញពីសាច់សត្វច្រើនពេកបង្កើតជាតិអាស៊ីតក្នុងឈាមដែលបណ្ដាលឱ្យកើតជំងឺ acidosis ស្ថានភាពមួយដែលតម្រងនោមរបស់អ្នកមិនអាចរក្សាកម្រិត pH ក្នុងរាងកាយឱ្យមានតុល្យភាពបាន។ យូរទៅបញ្ហានេះបង្កជាបញ្ហាសុខភាពធ្ងន់ធ្ងរផ្សេងទៀតដូចជា បញ្ហាប្រព័ន្ធរំលាយអាហារ និងជំងឺតម្រងនោមរ៉ាំរ៉ៃ។ របបអាហារដែលមានផ្ទុកប្រូតេអ៊ីនចេញពីសាច់សត្វខ្ពស់ក៏អាចបង្កើនហានិភ័យនៃជំងឺក្រួសក្នុងតម្រងនោមផងដែរដោយសាច់ជម្រុញការផលិតអាស៊ីតអ៊ុយរិក។ អ្នកគួរព្យាយាមទទួលទានបន្លែនិងគ្រាប់ធញ្ញជាតិដើម្បីទទួលបានប្រូតេអ៊ីនដែលរាងកាយត្រូវការ។
២. អំបិល ឬអាហារប្រៃ
របបអាហារមានសុខភាពល្អមួយ គឺមានផ្ទុកសូដ្យូម ឬអំបិលមិនលើសពី ២៣០០ មីលីក្រាម ឬប្រហែល ១ ស្លាបព្រាកាហ្វេប៉ុណ្ណោះ។ ប្រសិនបើអ្នកទទួលទានអាហារប្រៃ ឬអំបិលច្រើនពេក តម្រងនោមត្រូវទទួលបន្ទុកខ្លាំងជាងធម្មតាដើម្បីកម្ចាត់ជាតិសូដ្យូមដែលលើស។ ជាលទ្ធផលយូរទៅតម្រងនោមនឹងចាប់ផ្ដើមចុះខ្សោយប៉ះពាល់សមត្ថភាពមុខងារ ហើយបង្កើនការស្ដុកទុកសារធាតុរាវបង្កហានិភ័យនៃបញ្ហាសម្ពាធឈាមឡើងខ្ពស់។
៣. អាហារមានផ្ទុកសម្បូរទៅដោយសារធាតុ Oxalate
ក្រួសក្នុងតម្រងនោមភាគច្រើនមានផ្ទុកសារធាតុកាល់ស្យូម Oxalate។ ការកាត់បន្ថយការទទួលទានអាហារមានផ្ទុកសារធាតុ Oxalate រួមមានសូកូឡា គ្រាប់ធញ្ញជាតិ មើមឆៃថាវ មើមត្រាវ និងផលិតផលសណ្តែកជាដើម គឺជាវិធីដ៏ងាយបំផុតមួយដើម្បីជៀសផុតពីបញ្ហានៃជំងឺក្រួសក្នុងតម្រងនោម។ អ្នកមិនចាំបាច់ត្រូវឈប់ទទួលទានអាហារមានផ្ទុកសារធាតុ Oxalate ទាំងស្រុងតែម្ដងឡើយ គ្រាន់តែទទួលទានវាក្នុងកម្រិតមធ្យម។
៤. ផលិតផលអាហារផ្សំឡើងពីទឹកដោះគោ
រួមមានបឺរ ឈីស ទឹកដោះគោ និងយ៉ាអួរ គឺមានផ្ទុកសម្បូរទៅដោយកាល់ស្យូមដែលបង្កើនកម្រិតនៃជាតិកាល់ស្យូមក្នុងទឹកនោម។ ជាលទ្ធផលផ្សារភ្ជាប់នឹងហានិភ័យនៃជំងឺក្រួសក្នុងតម្រងនោម។ សម្រាប់អ្នកដែលកំពុងមានជំងឺតម្រងនោមស្រាប់ ចូរកាត់បន្ថយការទទួលទានផលិតផលអាហារផ្សំឡើងពីទឹកដោះគោ។ បឺរ គឺជាផលិតផលអាហារផ្សំឡើងពីទឹកដោះគោដែលមានផ្ទុកជាតិខ្លាញ់ saturated ខ្ពស់ដែលបង្កើនហានិភ័យនៃជំងឺបេះដូង។ អ្វីដែលគួរឱ្យបារម្ភថែមទៀតនោះ គឺជំងឺបេះដូងជាកត្តាចម្បងបំផុតមួយនៃជំងឺតម្រងនោម។
៥. អាហារកំប៉ុង
អាហារកំប៉ុងភាគច្រើនមានផ្ទុកសម្បូរទៅដោយជាតិសូដ្យូម ព្រោះអំបិលត្រូវបានបន្ថែមជាសារធាតុការពារដើម្បីបង្កើនអាយុកាលនៃអាហារប្រភេទនេះ ឬរក្សាទុកបានយូរ។ ហើយក៏ព្រោះតែបរិមាណខ្ពស់នៃជាតិសូដ្យូម ឬអំបិលក្នុងទំនិញកំប៉ុង វាត្រូវបានគេណែនាំឱ្យអ្នកដែលមានជំងឺតម្រងនោមកម្រិត ឬជៀសវាងការទទួលទាន។ ការជ្រើសយកប្រភេទនៃអាហារកំប៉ុងដែលមានស្លាកបញ្ចាក់ប្រាប់ថា “គ្មានអំបិលបន្ថែម” ឬសូដ្យូមទាប គឺការប្រសើរបំផុត។ ការលាងសម្អាតនិងបង្ហូរទឹកនៃអាហារកំប៉ុងដូចជាស្ពៃកំប៉ុង ត្រីធូណាកំប៉ុង និងសណ្ដែកកំប៉ុងអាចកាត់បន្ថយជាតិសូដ្យូមបានពី ៣៣ ដល់ ៨០ ភាគរយអាស្រ័យលើផលិតផលនោះ។
៦. ស្ករស
ការទទួលទានស្ករស ឬអាហារមានផ្ទុកសម្បូរទៅដោយជាតិស្ករខ្ពស់ច្រើនពេលរួមចំណែកបង្កភាពធាត់ជ្រុលដែលបង្កើនហានិភ័យនៃការជំងឺសម្ពាធឈាម និងទឹកនោមផ្អែម ហើយជំងឺទាំងពីរនេះជាកត្តានាំឱ្យកើតមានជំងឺតម្រងនោម។ ដូច្នេះដើម្បីជៀសវាងធ្វើឱ្យតម្រងនោមឆាប់ខូច ចូរកម្រិតការទទួលទានជាតិស្កររបស់អ្នក។