ការរលាកក្រពះអាចបង្កជាអាការៈមិនស្រួលជាច្រើនដូចជា ចង្អោ ក្អួត ក្រហាយទ្រូង និងឈឺពោះ។ អ្វីដែលអ្នកញ៉ាំក្នុងពេលមានបញ្ហានេះ អាចនឹងធ្វើឲ្យអាការៈកាន់តែធ្ងន់ធ្ងរបានបើសិនជាមិនបានដឹងអំពីអាហារត្រូវចៀសវាងទេ។ ជាធម្មតា ការរលាកក្រពះត្រូវបានបែកចែកជាពីរប្រភេទគឺ ស្រួចស្រាវ (កើតឡើងភ្លាមៗ និងយូរបំផុត ១ ទៅ ៣ថ្ងៃប៉ុណ្ណោះ) ឬរ៉ាំរ៉ៃ (យូរបំផុតដល់ពីរបីសប្តាហ៍)។
ករណីភាគច្រើន ការរលាកក្រពះនឹងជាវិញដោយខ្លួនឯង ហើយគោលបំណងនៃការព្យាបាល គឺធ្វើយ៉ាងណាឲ្យការរលាករបស់ក្រពះស្រាកស្រាន្តទៅវិញបែបធម្មជាតិ ឬពេលខ្លះត្រូវការប្រើថ្នាំជួយបន្ថែមដូចជា ថ្នាំផ្សះ និងថ្នាំបន្ថយការផលិតអាស៊ីតក្រពះ។ ករណីខ្លះទៀត វាទាល់តែមានការតាមដានរបបអាហារយ៉ាងប្រុងប្រយ័ត្នដែរបើសិនជាអ្នកកំពុងតែមានជំងឺរលាកក្រពះ ជាពិសេសបើសិនជាចង់បន្ថយអាការៈរបស់ជំងឺនេះ។ យ៉ាងណាមិញ ខាងក្រោមនេះគឺជាដំបូន្មានរបស់គ្រូពេទ្យ អំពីអាហារមួយចំនួនដែលអ្នកជំងឺរលាកក្រពះ គប្បីគួរតែចៀសវាង បើសិនជាមិនចង់ឲ្យអាការៈរលាកក្រពះកាន់តែធ្ងន់ធ្ងរជាងមុន និងចង់ឆាប់ជាវិញ៖
អាហារលឿន
អាហារលឿនភាគច្រើនជាអាហារសម្បូរជាតិខ្លាញ់ ហើយក៏ជាអាហារមេបញ្ហា ដែលត្រូវការលុបបំបាត់ពីរបបអាហារប្រចាំថ្ងៃមួយរយៈសិនខណៈពេលដែលកំពុងតែព្យាយាមឲ្យជាពីការរលាកក្រពះ។ ការដែលញ៉ាំខ្លាញ់ច្រើនពេក អាចធ្វើឲ្យការចង្អោ និងក្រហាយទ្រូងកាន់តែធ្ងន់ធ្ងរ ដែលវាជាអាការៈញឹកញាប់បំផុតនៃការរលាកក្រពះតែម្តង។
អាហារហិរ
វាពិតជារឿងសំខាន់ណាស់ដែលអ្នកត្រូវចៀសឲ្យឆ្ងាយពីអាហារគ្រប់យ៉ាងដែលមានរសជាតិហិរ ព្រោះភាពហិរអាចធ្វើឲ្យក្រពះផលិតអាស៊ីតកាន់តែច្រើន ហើយក៏ធ្វើឲ្យក្រហាយទ្រូងដែរ។ ការរលាកក្រពះក៏ត្រូវបានគេដឹងថា ធ្វើឲ្យកើតដំបៅក្រពះទៀតផង។ ដូច្នេះបើនិយាយដល់ការញ៉ាំហិរ គួរតែដើរ១០ជំហ៊ានចេញឲ្យហើយទៅ កុំខ្លាចគេខឹងអី។
គ្រឿងស្រវឹង
ករណីភាគច្រើន ការរលាកក្រពះអាចបង្កឡើងដោយការញ៉ាំគ្រឿងស្រវឹងច្រើនៗដែរ។ តែរឿងនេះដូចជាមិនមានអ្វីភ្ញាក់ផ្អើលឡើយដោយសារតែ គ្រឿងស្រវឹងមានសារធាតុបង្កការរលាកខ្ពស់ស្រាប់ហើយ។ ហេតុដូច្នេះហើយ បើសិនជាដឹងថាក្រពះកំពុងតែរលាកស្រាប់ហើយ គ្មានអ្វីដែលល្អប្រសើជាងការចៀសវាងគ្រឿងស្រវឹងទៀតឡើយ។
កាហ្វេ
វាមិនខុសគ្នានឹងគ្រឿងស្រវឹងឡើយ កាហ្វេគឺជាហេតុផលមួយដែលអាចបង្កជាការរលាកដល់ភ្នាស់របស់ក្រពះ។ កាហ្វេក៏ជាមូលហេតុនាំឲ្យការក្រហាយដើមទ្រូងកាន់តែធ្ងន់ធ្ងរផងដែរ។ គ្មាននរណាចូលចិត្តអារម្មណ៍ក្រហាយៗក្នុងទ្រូងឡើយគ្រប់ពេលដែលកំពុងតែមានជំងឺរលាកក្រពះនោះ។
ទឹកផ្លែឈើ
វាគឺជាការពិតមួយថា វីតាមីន C ដែលមានយ៉ាងច្រើនក្នុងទឹកផ្លែឈើគឺជាសារធាតុដ៏ល្អក្នុងការបង្កើនមុខងារប្រព័ន្ធភាពស៊ាំ និងជំរុញដល់ការជារបួសរបស់រាងកាយកាន់តែលឿន។ តែគួរឲ្យស្តាយ ការញ៉ាំវីតាមីននេះមិនប្រាកដថាល្អឡើយបើសិនជាអ្នកកំពុងតែមានជំងឺរលាកក្រពះហើយ ព្រោះថា ជាតិអាស៊ីតរបស់វីតាមីនមួយនេះអាចធ្វើទុក្ខអាការៈជំងឺរលាកក្រពះកាន់តែខ្លាំងបាន។
ភេសជ្ជៈមានជាតិហ្គាស
បើសិនជាអ្នកមិនចង់មានអារម្មណ៍ឈឺពោះខ្លាំងក្លាទេ វាក៏មិនមែនជារឿងល្អមួយដែលអ្នកត្រូវការញ៉ាំភេសជ្ជៈមានជាតិហ្គាស ដូចជាទឹកក្រូចកូកា ឬភេសជ្ជៈកំប៉ុងផ្សេងៗដែរ។ ជាតិឧស្ម័ន ឬហ្គាសមានក្នុងភេសជ្ជៈបែបនេះ អាចធ្វើឲ្យតឹងពោះ ដែលអាចធ្វើឲ្យអាការៈជាច្រើនរបស់ជំងឺរលាកក្រពះកាន់តែធ្ងន់ធ្ងរថែមទៀត។
ខណៈពេលដែលមានអាហារជាច្រើនដែលអ្នកត្រូវចៀសវាង ដើម្បីឲ្យការរលាកក្រពះឆាប់ជាវិញ តែ ក៏មានអាហារជាច្រើនទៀតដែលអ្នកគួរតែបញ្ចូលក្នុងរបបអាហារដើម្បីជួយបំបាត់អាការៈ ព្រមទាំងពន្លឿនដល់ការជាសះស្បើយដែរ ឧទាហរណ៍ដូចជា៖
- ផ្លែឈើគ្មានជាតិអាស៊ីតដូចជា ចេក ឪឡឹក និងផ្លែបឺរីជាដើម
- ត្រី
- សាច់មាន់
- យ៉ាអួរ៕