ការដែលមានអារម្មណ៍ឈឺពោះដូចគេចាក់អាចជារឿងពិបាកទ្រាំ។ ប៉ុន្តែពេលខ្លះវាអាចដោយសារតែបញ្ហាប្រចាំថ្ងៃរបស់យើងដែរដូចជា ក្រពះមិនកិនអាហារ ខណៈពេលដែលខ្លះទៀតអាចដោយសារតែមានជំងឺធ្ងន់ធ្ងរដែលត្រូវការទៅជួបពេទ្យឲ្យបានលឿនដែរ។
តាមរយៈអត្ថបទមួយនេះ ខ្ញុំនឹងណែនាំអំពីមូលហេតុញឹកញាប់នៃការឈឺពោះដូចគេចាក់៖
ក្រពះមិនកិនអាហារ
តើអ្នកកំពុងតែឈឺពោះដូចគេចាក់ក្រោយពីញ៉ាំអាហារលឿនពេក ញ៉ាំអាហារហិរច្រើនពេក ឬខ្លាញ់ច្រើនពេកទេ? បើសិនជាចឹងមែន វាគ្មានអ្វីក្រៅពីក្រពះកិនអាហារមិនបានល្អឡើយ។ វាអាចនឹងកើតឡើងជាមួយនឹងការចង្អោ និងហើមពោះទៀត។
ការច្រាលអាស៊ីតក្រពះ
ពេលខ្លះការឈឺពោះដូចគេចាក់ អាចដោយសារតែការច្រាលអាស៊ីតពីក្រពះមកបំពង់កបានដែរ។ រភងនេះអាចធ្វើឲ្យមានអារម្មណ៍ក្រហាយៗក្នុងទ្រូង និងក្រពះដូចមានអ្វីមួយចាក់អ៊ីចឹង។ មូលហេតុនៃការច្រាលអាស៊ីតក្រពះបែបនេះមានដូចជា ការញ៉ាំអាហារហិរៗ អាហារខ្លាញ់ គេងភ្លាមក្រោយពីញ៉ាំអាហាររួច ញ៉ាំកាហ្វេនិងគ្រឿងស្រវឹង និងកំពុងតែស្រ្តេស។
ចង្កោមរោគសញ្ញារលាកពោះវៀន
វាគឺជាបញ្ហាក្រពះពោះវៀនញឹកញាប់បំផុតដែលកើតឡើងលើពោះវៀនធំ។ ក្រៅពីឈឺពោះមានលក្ខណៈចាប់ពីឈឺដូចគេចាក់ រហូតដល់អួលៗ វាក៏មានជាប់ទាក់ទងនឹងអាការៈផ្សេងទៀតដូចជា ចង្អោ ផោមច្រើន ហើមពោះ និងរាករូស។ ការផ្លាស់ប្តូររបបអាហារ និងរបៀបរស់នៅ ព្រមទាំងលេបថ្នាំអាចដោះស្រាយអាការៈនេះបាន។
រលាកក្រពះពោះវៀន
រឿងនេះច្រើនតែបណ្តាលមកពីការបង្ករោគដោយវីរុសក្នុងពោះវៀន ឬហៅថាពោះវៀនផ្តាសាយ។ មិនខ្វល់ថាអ្នកហៅវាថាម៉េចទេ បើសិនជាវាកើតឡើងមែន អ្នកនឹងអាចមានអាការៈឈឺពោះដូចគេចាក់ដែរ។ ប៉ុន្តែអ្វីដែលល្អនោះគឺថា វានឹងស្រួលបួលវិញដោយខ្លួនឯង។
ដំបៅក្រពះពោះវៀន
អាការៈមួយនៃជំងឺដំបៅក្រពះពោះវៀន គឺច្រើនតែត្រូវបានអ្នកជំងឺនិយាយថា មានការឈឺចាប់ដូចគេចាក់។ អាស្រ័យទៅតាមប្រភេទនៃដំបៅនោះ ការឈឺចាប់អាចកើតឡើងភ្លាមៗក្រោយពីញ៉ាំអាហាររួច ចន្លោះពេលញ៉ាំងាហារ ឬពាក់កណ្តាលយប់ក៏មានដែរ៕