ពោះវៀនជាសរីរាង្គដ៏សំខាន់បំផុតមួយក្នុងរាងកាយសម្រាប់ដំណើរការមុខងារប្រព័ន្ធភាពស៊ាំត្រឹមត្រូវ និងរក្សាបាននូវសុខភាពរាងកាយទាំងមូលល្អប្រសើរ ។ ហើយការលាងសម្អាតពោះវៀនធំ គឺចាំបាច់ណាស់ ដើម្បីអនុញ្ញាតឱ្យប្រព័ន្ធរំលាយអាហាររបស់អ្នកដំណើរការកាន់តែមានប្រសិទ្ធិភាពផ្ដល់ឱ្យអ្នកនូវសុខភាពរឹងមាំ ស្រកទម្ងន់ និងមានថាមពល ។ ប៉ុន្តែថា តើអ្នកអាចលាងសម្អាតបន្សាបជាតិពុលចេញពីពោះវៀនបានដោយរបៀបណាទៅ? ងាយណាស់! យើងនឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗសម្អាតពោះវៀនធំបន្សាបជាតិពុលតាមបែបធម្មជាតិ៖
១. ទទួលទានបន្លែ និងផ្លែឈើដែលមានផ្ទុកសម្បូរទៅដោយជាតិសសៃខ្ពស់ជាប្រចាំ
បន្លែនិងផ្លែឈើដែលមានជាតិសសៃខ្ពស់ជួយកម្ចាត់ជាតិពុលផ្សេងៗចេញពីក្នុងពោះវៀនធំបានយ៉ាងប្រសើរ។ លើសពីនេះទៅទៀតជាតិសសៃជួយទប់ស្កាត់អាការៈទល់លាមកដោយបន្ទន់លាមកនិងសម្រួលចលនាពោះវៀន។ ដូច្នេះកុំភ្លេចទទួលទានបន្លែនិងផ្លែឈើសម្បូរជាតិសសៃជាប្រចាំ។
២. ទទួលទានទឹកឱ្យបានច្រើនគ្រប់គ្រាន់
ការទទួលទានទឹកបានច្រើនគ្រប់គ្រាន់ គឺជាវិធីដ៏ងាយបំផុតមួយដើម្បីសម្អាតពោះវៀនរបស់អ្នក។ ទឹកចាំបាច់ណាស់សម្រាប់ការរំលាយជាតិសសៃបានត្រឹមត្រូវ។ ដូច្នេះប្រសិនបើអ្នកទទួលទានអាហារសម្បូរដោយជាតិសសៃច្រើន ប៉ុន្តែទទួលទានទឹកតែបន្តិចនោះអ្នកនឹងជួបប្រទះបញ្ហាពិបាករំលាយអាហារ ឬទល់លាមកជាមិនខាន។ ដើម្បីរក្សាបាននូវសុខភាពពោះវៀន ក៏ដូចជារាងកាយទាំងមូលល្អប្រសើរ ចូរទទួលទានទឹកឱ្យបានយ៉ាងហោចណាស់ ២ លីត្រក្នុងមួយថ្ងៃ។
៣. រួមបញ្ចូលរមៀតក្នុងរបបអាហារប្រចាំថ្ងៃ
រមៀតមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ពិសេសសារធាតុ Curcumin ដែលជួយបន្សាបជាតិពុលគួរឱ្យកត់សម្គាល់។
៤. ញ៊ាំផ្លែប៉ោម ១ ថ្ងៃមួយផ្លែ
ផ្លែប៉ោមប្រសើរណាស់សម្រាប់សុខភាពរាងកាយទាំងមូល រួមទាំងពោះវៀនដោយវាមានផ្ទុកសម្បូរទៅដោយសារធាតុចិញ្ចឹមល្អៗ ជាតិសសៃ និងវីតាមីន C ដែលសារធាតុប្រឆាំងអុកស៊ីតកម្មជួយកម្ចាត់ពពួកបាក់តេរីអាក្រក់ ហើយបង្កើនចំនួនបាក់តេរីល្អជំនួសវិញធ្វើអោយឲ្យមុខងារពោះវៀនកាន់តែ
ប្រសើរឡើង។
៥. ទទួលទានតែខ្ញី
ការទទួលទានតែខ្ញីក៏ជួយកម្ចាត់កាកសំណល់ ក៏ដូចជាជាតិពុលផ្សេងៗចេញពីក្នុងពោះវៀនបានយ៉ាងប្រសើរផងដែរ។ មិនត្រឹមតែជួយលាងសម្អាតពោះវៀនកម្ចាត់ជាតិពុលប៉ុណ្ណោះទេ ប៉ុន្តែតែខ្ញីក៏ជួយព្យាបាលការរលាកក្នុងពោះវៀន និងធ្វើអោយសុខភាពពោះវៀនកាន់តែប្រសើរឡើងតាមរយៈលក្ខណៈសម្បត្តិប្រឆាំងការរលាក និងសារធាតុ Gingerols ដែលវាមានផ្ទុក៕