ថ្លើមមានតួនាទីសំខាន់ក្នុងការច្រោះជាតិពុល បំប្លែងសារធាតុចិញ្ចឹម និងជួយដល់ការរំលាយអាហារ។ ដើម្បីការពារ និងចិញ្ចឹមថ្លើមឱ្យមានសុខភាពល្អ របបអាហារមានតួនាទីសំខាន់។
ខាងក្រោមនេះជាមុខម្ហូបពេលព្រឹកចំនួន ៤ មុខដែលអាចជួយអ្នកក្នុងការថែរក្សាសុខភាពថ្លើម និងកម្ចាត់ចោលរាល់កាកសំណល់យ៉ាងមានប្រសិទ្ធភាព។
១.ម្សៅធុញ្ញជាតិ
ម្សៅធុញ្ញជាតិ គឺជាប្រភពដ៏ល្អនៃជាតិសរសៃរលាយ ដែលជួយរាងកាយកម្ចាត់ជាតិខ្លាញ់លើស និងធ្វើឱ្យមុខងារថ្លើមប្រសើរឡើង។ ម្សៅធុញ្ញជាតិ មានសារធាតុ Beta-glucan ដែលជាប្រភេទជាតិសរសៃដែលជួយកាត់បន្ថយកូឡេស្តេរ៉ុល និងជួយដល់ការរំលាយអាហារ។ ការទទួលទាន ម្សៅធុញ្ញជាតិនៅពេលព្រឹកជួយគ្រប់គ្រងជាតិស្ករក្នុងឈាម និងការពារបញ្ហាទាក់ទងនឹងខ្លាញ់រុំថ្លើម។
២.ស៊ុត
ស៊ុតជាប្រភពនៃប្រូតេអ៊ីនដែលមានគុណភាពខ្ពស់ និងសម្បូរទៅដោយសារធាតុ Choline ដែលជាសារធាតុចិញ្ចឹមសំខាន់ដែលជួយឱ្យថ្លើមដំណើរការខ្លាញ់ និងការពារខ្លាញ់ក្នុងថ្លើម។ លើសពីនេះ ស៊ុតក៏ផ្តល់វីតាមីន D គាំទ្រដល់ការស្រូបជាតិកាល់ស្យូម និងការពារសុខភាពឆ្អឹងផងដែរ។
៣.ទឹកក្រឡុកបន្លែបៃតង
ទឹកក្រឡុកបន្លែបៃតង គឺជាជម្រើសដ៏ល្អឥតខ្ចោះក្នុងការផ្តល់សារធាតុចិញ្ចឹមសំខាន់ៗសម្រាប់ថ្លើម។ បន្លែដូចជា spinach, kale និង endive មានជាតិសរសៃខ្ពស់ សារធាតុប្រឆាំងអុកស៊ីតកម្ម និងសារធាតុរ៉ែ ដែលជួយឱ្យថ្លើមដំណើរការកាន់តែមានប្រសិទ្ធភាព។ បន្លែពណ៌បៃតងមិនត្រឹមតែជួយថ្លើមក្នុងការបន្សាបជាតិពុលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹងប្រព័ន្ធភាពស៊ាំ និងធ្វើឱ្យស្បែកស្រស់ស្អាតទៀតផង។
៤.ផ្លែបឺរ
ផ្លែបឺរសម្បូរទៅដោយខ្លាញ់ដែលមានសុខភាពល្អ និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជួយកាត់បន្ថយការរលាក និងគាំទ្រមុខងារថ្លើម។ ផ្លែបឺរក៏មានផ្ទុកនូវសារធាតុ glutathione ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលដែលជួយថ្លើមកម្ចាត់ជាតិពុល និងការពារកោសិកាថ្លើមពីការខូចខាត៕