សម្រាប់ស្ត្រី ជំងឺមហារីកសុដន់ គឺជាជំងឺមហារីក ដែលត្រូវបានគេរកឃើញញឹកញាប់ជាងគេបំផុត។ អ្នកជំនាញនិយាយថា ក្នុងចំណោមស្ត្រី ៨ នាក់ មានម្នាក់ហើយ ដែលរកឃើញជំងឺនេះក្នុងជីវិត។
ខាងក្រោមនេះ គឺជាទម្លាប់មួយចំនួនដែលគេដឹងថា នឹងធ្វើឲ្យស្ត្រីប្រឈមខ្លាំង នឹងជំងឺហារីកសុដន់។ ដូច្នេះ បើសិនជាអ្នកដឹងខ្លួនថា មានទម្លាប់ណាមួយ ឬច្រើនហើយ វាគួរតែដល់ពេលបញ្ឈប់វាហើយ។
ជក់បារី
ចូរកុំគិតថា ការជក់បារី គ្រាន់តែធ្វើឲ្យប្រឈមខ្លាំង នឹងមហារីកសួតអី។ អ្នកជំនាញនិយាយថា ទម្លាប់ដ៏អាក្រក់មួយនេះ មានទំនាក់ទំនងនឹងមហារីកសុដន់ច្រើនបំផុត ជាពិសេស យុវតី និងស្ត្រីត្រៀមរាំងរដូវតែម្តង។ ការសិក្សាបង្ហាញថា ស្ត្រីដែលស្ថិតក្នុងដំណាក់កាលរាំងរដូវ ក៏ប្រឈមខ្ពស់នឹងការកើតជំងឺមហារីកសុដន់ដែរ បើសិនជាពួកគេជក់បារី។
ស្រូបផ្សែងបារីពីគេ
ការរស់នៅជាមួយអ្នកដែលជក់បារី ក៏ប្រឈមខ្លាំងនឹងជំងឺ បណ្តាលឲ្យឆាប់ស្លាប់ដែរ ព្រោះថាអ្នកស្រូបផ្សែងបារីពីគេ នឹងមានសុខភាពមិនល្អ ដូចគ្នានឹងអ្នកជក់បារីផ្ទាល់អញ្ជឹង។
ញ៉ាំគ្រឿងស្រវឹងច្រើនៗ
យោងទៅតាមការស្រាវជ្រាវជាច្រើនបានឲ្យដឹងថា ការញ៉ាំគ្រឿងស្រវឹងច្រើនពេក ពិតជាមានទំនាក់ទំនង នឹងការកើតជំងឺមហារីកសុដន់ដែរ។ បើសិនជាអ្នកមិនអាចឈប់តែម្តងទេនោះ ចូរកាត់បន្ថយវាមកត្រឹមតែញ៉ាំម្តងក្នុងមួយថ្ងៃបានហើយ ព្រោះវាក៏ជាធ្វើឲ្យមានសុខភាពល្អដែរ។
មិនហាត់ប្រាណ
ការរស់នៅបែបស៊ីដេកៗ អាចប្រឈមកាន់តែខ្លាំង នឹងបញ្ហាសុខភាពជាច្រើនប្រភេទ ហើយក្នុងនោះក៏មានជំងឺមហារីកសុដន់ដែរ។ ដើម្បីកាត់បន្ថយឱកាស កើតជំងឺទាំងនេះ អ្នកគួរតែហាត់ប្រាណ ក្នុងកម្រិតមធ្យមទៅខ្លាំងក្លាចំនួន ៤ ទៅ ៧ ម៉ោងក្នុងមួយសប្តាហ៍ ដោយមួយថ្ងៃចាប់ពី ៣០ នាទី ទៅ ១ ម៉ោង។
ធាត់ជ្រុល
គេនិយាយថា ស្ត្រីដែលធាត់ គឺប្រឈមខ្លាំងនឹងជំងឺមហារីកសុដន់ ជាងស្ត្រីដែលមានទម្ងន់ស្តង់ដា។
ក្រចូលគេងពេក
ការធ្វើការងារដល់យប់ជ្រៅ អាចរំខានដល់ចង្វាក់នៃការគេងរបស់អ្នក ហើយវាក៏មិនត្រឹមតែធ្វើឲ្យមានអារម្មណ៍អស់កម្លាំង និងងងុយគេងទេ តែក៏ងាយនឹងកើតជំងឺមហារីកសុដន់ដែរ។ គេនិយាយថា រឿងនេះដោយសារតែការគេងមិនបានគ្រប់គ្រាន់ ធ្វើឲ្យកាត់បន្ថយការផលិតសារធាតុ Melatonin ដែលជាអ័រម៉ូនគេង។ ការសិក្សាបង្ហាញថា ស្ត្រីដែលមានជំងឺមហារីកសុដន់ គឺមានអ័រម៉ូនមួយនេះតិច៕