ទឹកឃ្មុំ និងទឹកដោះគោគឺជាអាហារដែលអាចផ្សំគ្នាញ៉ាំបាន ហើយក៏អាចប្រើជាភេសជ្ជៈ និងបង្អែមបានដែរ។ ក្រៅពីជួយឲ្យមានអារម្មណ៍ធូរស្រាល និងមានផាសុកភាព ទឹកដោះគោ និងទឹកឃ្មុំអាចផ្តល់រសជាតិយ៉ាងឆ្ងាញ់ដល់អាហារបានដែរ ។
យ៉ាងណាមិញ គ្រឿងផ្សំទាំងពីរនេះត្រូវបានគេរកឃើញថា អាចប្រើជាផ្នែកមួយនៃថ្នាំព្យាបាល និងអាចជួយព្យាបាលជំងឺជាច្រើនថែមទៀតផង។ ការផ្សំចូលគ្នានឹងទឹកឃ្មុំ និងទឹកដោះគោអាចមានប្រយោជន៍ដូចខាងក្រោមនេះ៖
ពង្រឹងដល់គុណភាពនៃការគេង
មនុស្សជាច្រើនដែលញ៉ាំទឹកឃ្មុំលាយទឹកដោះគោក្តៅឧណ្ហៗមួយកែវមុនពេលគេងប្រហែលជាជំរុញដល់ការគេងកាន់តែលក់ស្រួល ហើយរឿងនេះត្រូវបានគាំទ្រដោយអ្នកវិទ្យាសាស្ត្រផងដែរ។ តាមពិតទៅ ការញ៉ាំទឹកឃ្មុំកន្លះស្លាបព្រាបាយ ៣០នាទីមុនចូលគេង នឹងពង្រឹងដល់គុណភាពនៃការគេង និងបន្ថយការក្អកនៅពេលយប់លើកុមារមានជំងឺផ្លូវដង្ហើមបានទៀតផង។
ពង្រឹងដល់ភាពរឹងមាំរបស់ឆ្អឹង
ទឹកដោះគោគឺជាប្រភពដ៏អស្ចារ្យនៃជាតិកាលស្យូម ដែលជាជីវជាតិដ៏សំខាន់មួយសម្រាប់ជួយដល់សុខភាពឆ្អឹង។ ការស្រាវជ្រាវខ្លះបានឲ្យដឹងថា ការញ៉ាំទឹកដោះគោអាចពង្រឹងដល់ដង់ស៊ីតេជាតិរ៉ែរបស់ឆ្អឹង និងជួយបន្ថយការប្រឈមជំងឺពុកឆ្អឹង និងបាក់ឆ្អឹងផង។ ការផ្សំចូលគ្នានៃទឹកដោះគោ និងទឹកឃ្មុំអាចបង្កើនអត្ថប្រយោជន៍ដល់ឆ្អឹងកាន់តែខ្លាំង ជាពិសេសអង់ទីអុកស៊ីដង់ និងសារធាតុប្រឆាំងការរលាករបស់វាតែម្តង។
ជំរុញដល់សុខភាពបេះដូង
ទឹកដោះគោ និងទឹកឃ្មុំមានទំនាក់ទំនងនឹងប្រយោជន៍ធំៗជាច្រើននៅពេលនិយាយដល់សុខភាពបេះដូង។ ជាពិសេស ទឹកឃ្មុំត្រូវបានគេបង្ហាញថា ជួយបង្កើនកូឡេស្តេរ៉ុលល្អ ដែលអាចជួយសម្អាតកំណកឈាមចេញពីសរសៃឈាមអាក់ទែដើម្បីការពារជំងឺបេះដូង។ ប៉ុន្តែរឿងនេះកើតឡើងបានតែលើការញ៉ាំទឹកដោះគោស្រស់ប៉ុណ្ណោះ។ វាក៏សម្បូរជាតិប៉ូតាស្យូម ដែលជាជីវជាតិដ៏សំខាន់ក្នុងការបញ្ចុះសម្ពាធឈាមផងដែរ៕