សម្រាប់មនុស្សស្រី ជំងឺមហារីកមាត់ស្បូនអាចធ្វើឲ្យពួកគេស្លាប់បាន។ ខណៈពេលដែលស្ថិតិជំងឺនេះកំពុងតែមានការគម្រាមគំហែង តែវាជាជំងឺដែលអាចបង្ការ និងព្យាបាលបានបើសិនជារកឃើញលឿន។
ជំងឺមហារីកមាត់ស្បូនភាគច្រើនបង្កឡើងដោយវីរុសបង្កជំងឺមហារីកមួយឈ្មោះថា Human Papillomavirus (HPV) ដែលវាជាជំងឺឆ្លងដ៏ខ្លាំងមួយ។ វាគឺជាជំងឺដែលឆ្លងតាមការរួមភេទ ហើយក៏មានច្រើនប្រភេទដែរ ប៉ុន្តែមានតែមួយចំនួនប៉ុណ្ណោះដែលបង្កមហារីកមាត់ស្បូន។ ការបង្ករោគដោយវីរុសមួយនេះអាចនឹងបាត់ទៅវិញដោយខ្លួនឯង ឬបង្កជាការលូតលាស់កោសិកាមិនធម្មតាដែលនាំឲ្យទៅជាមហារីកមាត់ស្បូនតែម្តង។
សញ្ញាជំងឺមហារីកមាត់ស្បូនប្រហែលជាមិនបង្ហាញស្តែងៗឲ្យដឹងដូចមហារីកសុដន់ទេ ប៉ុន្តែវាមានវិធីច្រើនក្នុងការតាមដានអាការៈទាំងអស់នោះដូចជា៖
ការហូរទឹករំអិលខុសធម្មតា
នៅពេលមហារីកចាប់ផ្តើមលូតលាស់ក្នុងមាត់ស្បូន កោសិការបស់ជញ្ជាំងស្បូនចាប់ផ្តើមយកឈ្នះវា ដោយផលិតនូវទឹករំអិលជាច្រើនចេញមកខាងក្រៅ។
ឬស
អ្នកជំនាញនិយាយថា វត្តមានរបស់ឬសនៅប្រដាប់ភេទ គឺជាភ្លើងក្រហមមួយដែលបញ្ជាក់អំពីជំងឺ ជាពិសេសជំងឺបង្កឡើងដោយ HPV តែម្តង ដែលវាអាចមានឱកាសកាន់តែខ្ពស់ក្នុងការកើតជំងឺមហារីកមាត់ស្បូនលើមនុស្សស្រី។
ឈឺចាប់ ឬធ្លាក់ឈាម
មហារីកមាត់ស្បូនដែលលូតលាស់នៅលើជញ្ជាំងមាត់ស្បូនអាចបណ្តាលឲ្យកន្លែងនេះស្ងួត និងបែងក្រហែង ដូច្នេះវាអាចនឹងធ្វើឲ្យមិនស្រួលក្នុងខ្លួន ហើយធ្លាក់ឈាមបាន។ រឿងនេះក៏អាចបណ្តាលឲ្យហូរឈាមពីរន្ធគូថ ឬប្លោកនោមបានដែរ។ រាល់ការធ្លាក់ឈាមក្រៅពីការមករដូវគួរតែមានការស្រាវជ្រាវជាមួយនឹងគ្រូពេទ្យ។
កង្វះគ្រាប់ឈាម
បើសិនជាទម្លាប់ញ៉ាំអាហារអ្នកមិនបានផ្លាស់ប្តូរទេ ហើយនៅតែអស់កម្លាំងទៀត ឬបេះដូងដើរញ៉ាប់ខុសធម្មតា វាអាចជាសញ្ញានៃការកង្វះគ្រាប់ឈាមហើយ។ ការកង្វះគ្រាប់ឈាមអាចបណ្តាលមកពីការហូរឈាម ដែលភាគច្រើនតែងទាក់ទងនឹងមហារីកមាត់ស្បូននេះឯង។
បញ្ហាផ្លូវទឹកម៉ូត្រ
នៅពេលមាត់ស្បូនហើម ប្លោកនោម និងតម្រងនោមអាចនឹងរងការសង្កត់ ជាហេតុនាំឲ្យស្ទះដល់ផ្លូវលំហូរទឹកនោម ព្រមទាំងធ្វើឲ្យនោមមិនឲ្យអស់ ឈឺចាប់ និងមានការបង្ករោគនៅផ្លូវទឹកម៉ូត្របានយ៉ាងងាយ។
បន្តឈឺចាប់នៅជើង ត្រគាក ឬខ្នង
ជាមួយគ្នានេះដែរ ការហើមរបស់មាត់ស្បូនក៏សង្កត់ទៅលើសរីរាង្គក្នុងពោះដែរ។ សរសៃឈាមដែលត្រូវបានសង្កត់ អាចធ្វើឲ្យលំហូរឈាមរបស់វាកាន់តែពិបាកទៅដល់សរីរាង្គក្នុងត្រគាក និងជើងណាស់ ដូច្នេះអាចនឹងមានការឈឺចាប់ និងហើមនៅកែងជើង និងជើងបាន។
ស្រកទម្ងន់
ទម្រងជំងឺមហារីកភាគច្រើនតែងតែបណ្តាលឲ្យចំណង់អាហារថយចុះ។ ការហើមនៅមាត់ស្បូនអាចសង្កត់ទៅលើក្រពះ ជាហេតុនាំឲ្យចំណង់អាហារថយចុះ និងស្រកទម្ងន់។
ចូរចាំថា រាល់អាការៈទាំងអស់ខាងលើមិនមែនមានន័យថាសុទ្ធតែបញ្ជាក់ថាពិតជាមានជំងឺមហារីកមាត់ស្បូនទាំងអស់ទេ។ ដូច្នេះបើសិនជាអ្នកមានវាមែន គួរតែយកវាទៅពិគ្រោះជាមួយគ្រូពេទ្យទើបអាចដឹងថាមានឬអត់៕