កង្វះថាមពលខួរក្បាលអាចបណ្ដាលមកពីរបបអាហារប្រចាំថ្ងៃរបស់អ្នក។ វាអាចទៅរួចដែលអ្នកប្រហែលជាមិនទទួលបានវីតាមីនចាំបាច់គ្រប់គ្រាន់សម្រាប់ខួរក្បាលនិងសារធាតុចិញ្ចឹមគ្រប់គ្រាន់ក្នុងអាហាររាល់ថ្ងៃឡើយ។ ខាងក្រោមវេបសាយសុខភាពយើងនឹងបង្ហាញឱ្យដឹងពីវីតាមីនដែលចាំបាច់សម្រាប់បង្កើនថាមពលខួរក្បាល ៖
១. វីតាមីន E
វីតាមីន E ជាសារធាតុប្រឆាំងអុកស៊ីតកម្មមួយប្រភេទដែលការពាររាល់កោសិកានៃសសៃប្រសាទមិនឱ្យទទួលរងការបំផ្លាញនិងការពារខួរក្បាល។ របបអាហារដែលមានផ្ទុកសម្បូរទៅដោយវីតាមីន E អាចជួយពន្យឺតដំណើរវិវត្តន៍នៃជំងឺវង្វេង Alzheimer’s និងទប់ស្កាត់ហានិភ័យនៃជំងឺនេះផងដែរ។ ដំឡូងផ្អែម ផ្លែបឺរ គ្រាប់ធញ្ញជាតិ និងបន្លែបៃតងជាដើមសុទ្ធតែមានផ្ទុកសម្បូរទៅដោយវីតាមីន E។
២. វីតាមីន C
មានប្រសិទ្ធភាពកម្ចាត់រាល់រ៉ាឌីកាល់សេរីដែលបង្កការខូចខាតដល់កោសិកាខួរក្បាល។ របបអាហារដែលមានផ្ទុកបរិមាណវីតាមីន C គ្រប់គ្រាន់នឹងជួយឱ្យមុខងារខួរក្បាលកាន់តែមានលក្ខណៈប្រសើរឡើង។
៣. វីតាមីន B12
វីតាមីន B12 ជួយរក្សាសុខភាពកោសិកាសសៃប្រសាទ បង្កើនភាពវាងវៃ លើកកម្ពស់អារម្មណ៍ល្អប្រសើរ បង្កើនការចងចាំ និងជម្រុញថាមពលខួរក្បាល។ ប្រសិនបើអ្នកមានអារម្មណ៍ថាខ្សោយការចងចាំ ឬសមត្ថភាពនៃការចងចាំមានលក្ខណៈអន់ថយជាងមុន ចូរព្យាយាមទទួលទានអាហារមានផ្ទុកសម្បូរទៅដោយវីតាមីន b12។ សាច់គោ សាច់ជ្រូក ត្រី សាច់មាន់ ស៊ុត ទឹកដោះគោ បន្លែបៃតង និងថ្លើមសត្វជាដើមសុទ្ធតែជាប្រភពដ៏ប្រសើរនៃវីតាមីន B12។
៤. អាស៊ីតហ្វូលិក (Folic Acid)
កម្រិតនៃ homocysteine ក្នុងឈាមត្រូវបានគ្រប់គ្រងដោយអាស៊ីតហ្វូលិក។ ប្រសិនបើកើនឡើងខ្ពស់ homocysteine នឹងបង្កការខូចខាតដល់កោសិកាខួរក្បាល។ ជាលទ្ធផលខួរក្បាលនឹងខ្សោយថាមពល។ បន្លែបៃតងនិងផ្លែឈើភាគច្រើនមានផ្ទុកអាស៊ីតហ្វូលិក (folic acid)៕