ចង់កម្ចាត់ជាតិពុលពីក្នុងរាងកាយក្រោយពេលទទួលទានគ្រឿងស្រវឹងច្រើនជ្រុលឬ? មិនពិបាកឡើយ! ថ្ងៃនេះវេបសាយសុខភាពយើងនឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗបន្សាបជាតិពុលពីក្នុងរាងកាយក្រោយពេលទទួលទានគ្រឿងស្រវឹងច្រើន ៖
១. ទទួលទានទឹកឱ្យបានច្រើន
គ្រឿងស្រវឹងអាចបណ្ដាលឱ្យរាងកាយខ្សោះជាតិទឹកដោយវាមានលក្ខណៈសម្បត្តិបញ្ចុះទឹកនោម។ នេះហើយជាមូលហេតុដែលអ្នកគួរព្យាយាមទទួលទានទឹកឱ្យបានច្រើនគ្រប់គ្រាន់ដើម្បីជំនួសសារធាតុរាវដែលបាត់បង់។ ក្រៅពីជួយរាងកាយឱ្យរក្សាបាននូវជាតិទឹកគ្រប់គ្រាន់ឡើងវិញហើយនោះ ការទទួលទានទឹកក៏ជួយកម្ចាត់រាល់ជាតិពុលផ្សេងៗដែលបណ្ដាលឱ្យអាការៈធីងធោងពិបាកក្នុងខ្លួនកើតឡើងផងដែរ។
២. ទទួលទានតែផ្កាម្លិះ ឬតែផ្កា chamomile
អ្នកក៏គួរក្រេបតែផ្កាម្លិះ ឬតែផ្កា chamomile ពេញមួយថ្ងៃផងដែរ។ វិធីនេះមិនត្រឹមតែរក្សាកម្រិតនៃជាតិទឹកក្នុងរាងកាយប៉ុណ្ណោះទេ ប៉ុន្តែក៏ផ្ដល់សារធាតុប្រឆាំងអុកស៊ីតកម្មដល់រាងកាយដែលនឹងជួយកម្ចាត់រាល់ជាតិពុលផ្សេងៗផងដែរ។
៣. ទទួលទានយ៉ាអួរ Greek
សរីរាង្គមួយដែលងាយរងគ្រោះក្រផយពេលទទួលទានគ្រឿងស្រវឹងច្រើននោះ គឺក្រពះ។ ដើម្បីជាការប្រសើរអ្នកអាចទទួលទានយ៉ាអួរ Greek ដើម្បីបង្កើនបរិមាណបាក់តេរីល្អៗ។
៤. ធ្វើសកម្មភាពរាងកាយ
ខណៈពេលអាការៈពិបាកក្នុងខ្លួនធ្វើទុក្ខឡើង អ្នកគួរព្យាយាមរក្សាសកម្មភាពរាងកាយទើបប្រសើរ។ អ្នកអាចធ្វើលំហាត់ប្រាណងាយៗដូចជាដើរ។ ការធ្វើលំហាត់ប្រាណ គឺជាវិធីដ៏ល្អបំផុតមួយដើម្បីកម្ចាត់ជាតិពុលពីក្នុងរាងកាយបន្ទាប់ពីអ្នកទទួលទានគ្រឿងស្រវឹង។
៥. ចៀសវាងទទួលទានថ្នាំបំបាត់ការឈឺចាប់
អ្នកមិនគួរទទួលទានថ្នាំបំបាត់ការឈឺចាប់ប្រភេទណាមួយឡើយ! ត្រូវចាំថាថ្លើមរបស់អ្នកកំពុងរវល់នឹងការរំលាយគ្រឿងស្រវឹងដែលអ្នកបានទទួលទានពីយប់នៅឡើយ ដូច្នេះវាមិនមែនជាជម្រើសដ៏ប្រសើរឡើងក្នុងការទទួលទានថ្នាំណាមួយនៅព្រឹកបន្ទាប់នោះទេ។
៦. ចៀសវាងទទួលទានកាហ្វេ
អ្នកចាំបាច់ត្រូវស្ដារជាតិទឹកក្នុងរាងកាយឱ្យបានគ្រប់គ្រាន់ឡើងវិញក្រោយពេលផឹក ដូច្នេះវាមិនមែនជាជម្រើសដ៏ប្រសើរឡើយក្នុងការទទួលទានកាហ្វេ។ នេះក៏ព្រោះតែកាហ្វេមានផ្ទុកលក្ខណៈសម្បត្តិបញ្ជុះទឹកនោមដែលអាចធ្វើឱ្យរាងកាយកាន់តែបាត់បង់ជាតិទឹក ហើយអាការៈធីងធោងពិបាកក្នុងខ្លួនក្រោយពេលស្រវឹងកាន់តែធ្ងន់ធ្ងរឡើង។
៧. គេងឱ្យបានគ្រប់គ្រាន់
ចូរសម្រាកឱ្យបានគ្រប់គ្រាន់ដើម្បីអាចឱ្យរាងកាយស្ដារថាមពលឡើងវិញក្រោយពេលស្រវឹងខ្លាំងពីយប់៕