ការហាត់ប្រាណជាទៀងទាត់ រួមជាមួយនឹងរបបអាហារត្រឹមត្រូវ មិនត្រឹមតែជួយឲ្យយើងមានសុខភាពល្អប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយកាត់បន្ថយហានិភ័យនៃការកើតជំងឺមហារីកសុដន់ថែមទៀតផង។ យ៉ាងណាមិញ ដើម្បីឲ្យសុដន់មានសុខភាពល្អ ក៏ដូចជាជៀសផុតពីជំងឺផ្សេងៗ ស្រីៗយើងគប្បីអនុវត្តវិធីសាស្ត្រខាងក្រោមនេះ។
១. ធ្វើលំហាត់ប្រាណជាទៀងទាត់
ចំពោះស្រីៗដែលបញ្ចេញសកម្មភាពរាងកាយជាប្រចាំ មានហានិភ័យកើតជំងឺមហារីកសុដន់ទាបជាងអ្នកដែលអង្គុយស្ងៀមមួយកន្លែងរហូតដល់២៥%។ យោងតាមការស្រាវជ្រាវបានបង្ហាញថា ការធ្វើលំហាត់ប្រាណជាទៀងទាត់អាចការពារជំងឺមហារីកសុដន់ ដោយការពង្រឹងមុខងារប្រព័ន្ធភាពស៊ាំ បញ្ចៀសការធាត់ និងជួយឲ្យអ័រម៉ូនEstrogen និងអាំងស៊ុយលីនមានកម្រិតទាប។
បន្ថែមពីនេះ ការហាត់ប្រាណក៏ជួយធ្វើឲ្យម៉ាស់ឆ្អឹងរឹងមាំ និងជៀសឆ្ងាយពីជំងឺពុកឆ្អឹង ព្រមទាំងការបាក់ឆ្អឹង។ ដូច្នេះហើយ យើងគប្បីធ្វើលំហាត់ប្រាណយ៉ាងហោចណាស់៣០នាទីក្នុងមួយថ្ងៃ និង៤ទៅ៥ដងក្នុងមួយសប្ដាហ៍។
២. រក្សាជាតិទឹក និងញ៉ាំអាហារមានតុល្យភាព
ការញ៉ាំបន្លែ និងផ្លែឈើជារៀងរាល់ថ្ងៃ មានគុណប្រយោជន៍យ៉ាងច្រើនចំពោះសុខភាពរបស់យើង។ ផ្កាខាត់ណាបៃតង ស្ពៃក្ដោប ឪឡឹក និងធញ្ញជាតិ សុទ្ធសឹងតែជាអាហារដែលជួយប្រឆាំងនឹងជំងឺមហារីក។ ជាមួយគ្នានេះដែរ ស្រីៗយើងគប្បីបង្កើនការញ៉ាំអាស៊ីដខ្លាញ់អូមេហ្គា៣ ដែលមាននៅក្នុងសាច់ត្រី សណ្ដែកសៀង និងគ្រាប់ល្ពៅជាដើម។ ចូរជៀសវាងអាហារមានជាតិស្ករ និងខ្លាញ់ចម្រាញ់ច្រើន ពីព្រោះវាមិនត្រឹមតែធ្វើឲ្យយើងឡើងទម្ងន់ប៉ុណ្ណោះទេ វាក៏បង្កើនហានិភ័យនៃការកើតជំងឺមហារីកសុដន់ផងដែរ។ ម្យ៉ាងវិញទៀត ការបំពេញជាតិទឹកដល់រាងកាយក៏ជារឿងដ៏សំខាន់ដូចគ្នា។ ដូច្នេះហើយ យើងគប្បីញ៉ាំទឹកឲ្យបានយ៉ាងតិច២លីត្រក្នុងមួយថ្ងៃ។
៣. គ្រប់គ្រងទម្ងន់ឲ្យបានល្អ
ការផលិតអ័រម៉ូនEstrogen នៅក្នុងជាលិកាខ្លាញ់របស់ស្រីៗយើង បន្ទាប់ពីការអស់រដូវ គឺជាកត្តាចម្បង។ ចំពោះស្ត្រីដែលធាត់ជ្រុល ជាលិកាជំងឺមហារីកដែលរំញោចអ័រម៉ូនEstrogen នឹងធ្វើឲ្យអ័រម៉ូន Estrogen កើនឡើងច្រើនជាងអ្នកដែលមានទម្ងន់ខ្លួនសមស្រប ដែលកត្តានេះអាចជំរុញការលូតលាស់ និងការវិវត្តន៍របស់ជំងឺមហារីកសុដន់។ ជាក់ស្ដែង ចំពោះអ្នកដែលធាត់ជ្រុល មានសន្ទស្សន៍ម៉ាស់រាងកាយ (BMI)ចាប់ពី៣០ ឬច្រើនជាងនេះ មានការវិវត្តនៃជំងឺមហារីកសុដន់ឆាប់រហ័សជាងអ្នកដែលមានសន្ទស្សន៍ម៉ាស់រាងកាយក្រោម២៥។
៤. ផឹកគ្រឿងស្រវឹងតិច
ពិតណាស់ ស្ត្រីដែលផឹកគ្រឿងស្រវឹងច្រើនជាងមួយកែវក្នុងមួយថ្ងៃ មានហានិភ័យខ្ពស់ក្នុងការកើតជំងឺមហារីកសុដន់។ រីឯស្ត្រីដែលផឹកគ្រឿងស្រវឹងចាប់ពី៣កែវ ឬច្រើនជាងនេះក្នុងមួយសប្ដាហ៍ បន្ទាប់ពីធ្វើរោគវិនិច្ឆ័យថាមានជំងឺមហារីកសុដន់ មានហានិភ័យខ្ពស់ក្នុងការលាប់ជំងឺដ៏កាចសាហាវមួយនេះឡើងវិញ។
៥. ញ៉ាំវីតាមីនឲ្យបានគ្រប់គ្រាន់ ជាពិសេសវីតាមីនD
ជាទូទៅ កម្រិតវីតាមីនDទាប នឹងបង្កើនហានិភ័យខ្ពស់នៃការវិវត្តនៃជំងឺមហារីកសុដន់។ ប្រភពដ៏ល្អបំផុតនៃវីតាមីនD គឺបានមកពីពន្លឺព្រះអាទិត្យ ហេតុនេះហើយ ទើបអ្នកដែលមិនបានប៉ះពាល់នឹងពន្លឺព្រះអាទិត្យជារៀងរាល់ថ្ងៃ កើតមានបញ្ហាកង្វះវីតាមីនមួយប្រភេទនេះ។ យ៉ាងណាមិញ ប្រសិនបើយើងនៅក្រោមកម្ដៅថ្ងៃជាញឹកញាប់ ចូរលាបឡេការពារកម្ដៅថ្ងៃឲ្យបានជាប់ជានិច្ច ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺមហារីកស្បែក ៕