សុខភាព គឺជារឿងសំខាន់ដែលមនុស្សគ្រប់គ្នាត្រូវយកចិត្តទុកដាក់ការពារ ដើម្បីជៀសផុតពីបញ្ហាផ្សេងៗគួរឱ្យបារម្ភ។ ចំណុចមួយនៃការថែរក្សាសុខភាពបានល្អប្រសើរជៀសផុតពីជំងឺឆ្លង គឺការមិនចែករំលែក ឬប្រើប្រាស់របរមួយចំនួនរួមគ្នាជាមួយអ្នកដទៃ និងសូម្បីអ្នកដែលស្និតបំផុតក៏ដោយ! ថាតើរបស់របរទាំងនោះមានអ្វីខ្លះទៅ? ថ្ងៃនេះយើងនឹងបង្ហាញឱ្យដឹងពីរបស់ដែលអ្នកមិនគួរប្រើរួម ឬចែករំលែកជាមួយនរណាម្នាក់ ៖
១. សាប៊ូដុំ
សាប៊ូអាចជួយសម្អាតរាងកាយរបស់អ្នកបាន ប៉ុន្តែវាមិនអាចសម្អាតខ្លួនឯងបានឡើយ! វីរុសបាក់តេរីអាចគ្របដណ្ដប់ពេញលើសាប៊ូដុំក្រោយពេលប្រើម្ដង ហើយអាចឆ្លងយ៉ាងងាយពីមនុស្សម្នាក់ទៅម្នាក់!
២. កន្សែងជូតខ្លួន
ការប្រើកន្សែងជូតខ្លួនរួមគ្នាជាមួយនរណាម្នាក់ក៏អាចបណ្ដាលឱ្យអ្នកប្រឈមមុខនឹងហានិភ័យនៃការឆ្លងមេរោគផងដែរ។ កន្សែងអាចជាជម្រកនៃពពួកបាក់តេរីច្រើនប្រភេទ ជាពិសេសប្រសិនបើត្រូវបានព្យួរចោលក្នុងបន្ទប់ទឹកពោរពេញដោយសំណើម។ កន្សែងអាចចម្លងមេរោគផ្សិតនិងបាក់តេរីផ្សេងៗទៀតដែលបង្ករោលកន្ទួលក្រហមលើស្បែក រោគមុន និងជំងឺភ្នែកក្រហម។ ដើម្បីជាការប្រសើរចូរបោកសម្អាតកន្សែងជូតមុខនិងខ្លួន ក្រោយប្រើបានពី ៤ ទៅ ៥ ដង ហើយកុំភ្លេចដាក់វាហាលឱ្យស្ងួតជានិច្ច។
៣. រ៉ូលអនលាបក្លៀក
រ៉ូលអនលាបក្លៀកអាចផ្ទុក ឬបង្កការឆ្លងមេរោគធ្ងន់ធ្ងរ ជាពិសេសប្រសិនបើបាក់តេរីចូលទៅក្នុងរបួសតូចៗដែលកើតមានក្រោយកោររោម។ ដូច្នេះដើម្បីជាការប្រសើរចូរជ្រើសរើសនូវរ៉ូលអនប្រភេទប្រឆាំងបាក់តេរី ហើយកុំចែករំលែកវាជាមួយអ្នកផ្សេង។
៤. ដបទឹក
មនុស្សគ្រប់គ្នាត្រូវទទួលទានទឹកឱ្យបានយ៉ាងហោចណាស់ ២ លីត្រក្នុងមួយថ្ងៃដើម្បីរក្សាបាននូវសុខភាពល្អប្រសើរ។ ដូច្នេះហើយទើបការយួរដបទឹកតាមខ្លួនជារឿងចាំបាច់។ ទោះជាយ៉ាងណាអ្នកមិនគួរចែករំលែកដបទឹករបស់អ្នកជាមួយអ្នកដទៃឡើយ! នេះក៏ព្រោះតែអ្នកអាចឆ្លងមេរោគតាមរយៈទឹកមាត់ដែលជាប់នឹងមាត់ដប។
៥. ច្រាសដុសធ្មេញ
ក៏ដូចទៅនឹងការចែករំលែកដបទឹកដែរ ការប្រើច្រាសដុសធ្មេញរួមគ្នាអាចបង្កបញ្ហាឆ្លងមេរោគគួរឱ្យបារម្ភ។
៦. ឡាម
អ្នកអាចប្រឈមមុខខ្ពស់នឹងហានិភ័យនៃជំងឺថ្លើម ឬជំងឺអេដស៍ពីការប្រើប្រាស់ផ្លែឡាមរួមគ្នា ពិសេសជាមួយអ្នកដែលមានផ្ទុកជំងឺទាំងនេះ។ ទោះជាផ្លែឡាមមិនមានប្រឡាក់ឈាមអ្វីក៏ដោយ ក៏ការប្រើប្រាស់ផ្លែឡាមរួមគ្នានៅតែអាចបង្កបញ្ហាស្បែកផ្សេងៗបានដែរ។
៧. កន្ត្រៃកាត់ក្រចក
យើងមើលមិនឃើញឡើយនឹងភ្នែកទទេរ ប៉ុន្តែនៅលើម្រាម និងក្រចកដៃជើងរបស់មនុស្សមានផ្ទុកសម្បូរទៅដោយមេរោគបាក់តេរីច្រើនប្រភេទ! ដូច្នេះកន្ត្រៃកាត់ក្រចកធម្មតាអាចក្លាយជាភ្នាក់ងារចម្លងមេរោគពីមនុស្សម្នាក់ទៅម្នាក់ទៀតយ៉ាងងាយ។ ជាញឹកញយការប្រើប្រាស់កន្ត្រៃកាត់ក្រចករួមគ្នាបង្កការកើនឡើងនូវហានិភ័យនៃការឆ្លងជំងឺ ឬមេរោគផ្សិត និងវីរុស HPV ដែលនាំឱ្យកើតមានជំងឺគួរឱ្យព្រួយបារម្ភ៕