ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីមូលហេតុដែលអ្នកម្តាយ និងលោកប៉ាមិនគួរលេងទូរស័ព្ទច្រើននៅចំពោះមុខកូន។ តើមានអ្វីខ្លះទៅ?
ដំបូងនៅពេលដែលប៉ាម៉ាក់លេងទូរស័ព្ទនៅមុខកូនច្រើន នឹងធ្វើឲ្យគ្មានពេលកំដរកូន ហើយអប់រំកូនឡើយ។ ពេលវេលាទាំងនោះនឹងប្រែជាតិចជាងពេលដែលអ្នកលេងទូរស័ព្ទ។ យូរទៅនឹងធ្វើឲ្យអ្នកនិងកូនគ្មានពេលសម្រាប់និយាយគ្នាឡើយ។ ជាហេតុដែលធ្វើឲ្យកូនមានអារម្មណ៍ឯកកោរ ព្រមទាំងអាចកើតមានជំងឺផ្លូវចិត្តទៀតផង។ ម្យ៉ាងទៀត ពេលដែលកូនឃើញប៉ាម៉ាក់គ្មានពេលសម្រាប់គេ នោះគេនឹងអាចយំរករឿងដើម្បីបង្វែលចំណាប់អារម្មណ៍អ្នកមកលើខ្លួនគេវិញ។ នៅពេលនោះអ្នកនឹងអាចបញ្ចេញកំហឹងដាក់កូន ថែមទាំងអាចមួលម៉ៅព្រោះកូនមករំខានអ្នក ដោយអាចប្រើអំពើហឹង្សា ឬស្រែកដាក់កូន។ ជាហេតុដែលធ្វើឲ្យកូនកាន់តែខ្លាចអ្នក ធ្វើឲ្យជំងឺផ្លូវចិត្តគេកាន់តែធ្ងន់ធ្ងរ។ ចុងក្រោយ កូនអាចនឹងរៀនតាមអ្នក ដោយលេងតែទូរស័ព្ទ មិនខំរៀនទេ។ ដូចនេះ កូននឹងអាចក្លាយជាក្មេងដែលមានប្រាជ្ញាខ្សោយ ព្រោះតែមាតាបិតាមិនយកចិត្តទុកដាក់៕